ស្នេហា៖ ស្រលាញ់មនុស្សម្នាក់វាមិនខុសនោះទេ ប៉ុន្តែប្រសិនបើអ្នកដាក់ចិត្តដាក់កាយ ស្រលាញ់គេស្ទើរស្លាប់ស្ទើររស់ ស្ទើរតែភ្លេចទាំងស្រលាញ់ខ្លួនឯងទៀតនោះ វាគឺជារឿងដែលខុស ខុសធ្ងន់ទៀតផង អញ្ចឹងហើយ បើដឹងថាខ្លួនឯងកំពុងតែងប់ងល់ខ្លាំងហើយ គួរតែព្យាយាមទាញខ្លួនឯងមកវិញ។
ដូច្នេះហើយដើម្បីចង់ថាខ្លួនអ្នកជាមនុស្សដែលងប់ងល់នឹងស្នេហាដែរឬក៏អត់ អ្នកអាចសង្កេតមើលខ្លួនឯង ពីរោគសញ្ញាទាំងអស់នេះបានដើម្បីទាញខ្លួនឯងមកវិញទាន់ពេល កុំឱ្យងប់ងល់ខ្លាំងពេក ព្រោះបើងប់ងល់នឹងស្នេហាខ្លាំងពេកវាក៏ប្រឈមមុខទៅនឹងការឈឺចាប់ខ្លាំងដែរ។
រោគសញ្ញាមនុស្សកំពុងងប់ងល់នឹងស្នេហា៖
១. គិតដល់គេគ្រប់ពេលវេលា
នៅពេលដែលអ្នកស្រលាញ់អ្នកណាម្នាក់ខ្លាំងពេក ទាំងសម្លេងនិងមុខមាត់របស់គេនឹងលេចចេញមកពេញខួរក្បាលរបស់អ្នកធ្វើឱ្យអ្នកតែងតែគិតដល់គេគ្រប់ពេលវេលា មិនថាជាពេលដែលអ្នករវល់ ឬក៏ទំនេរនោះទេទាំងអស់នេះហើយជារោគសញ្ញា ដែលបង្ហាញថាអ្នកកំពុងងប់ងល់នឹងស្នេហាជាខ្លាំង។
២. ចង់ជួបមុខគេរាល់ថ្ងៃ
រោគសញ្ញាដែលបង្ហាញថាអ្នកជាមនុស្សកំពុងតែងប់ងល់នឹងស្នេហាគឺអ្នកនឹងចាប់ផ្តើមចង់ជួបមុខគេរាល់ថ្ងៃ ទោះគ្មានរឿងអ្វីដែលត្រូវជួបមុខគ្នា ក៏អ្នកតែងតែរកលេសដើម្បីបានជួបមុខគេបើមិនបានជួបមុខគេមួយថ្ងៃ អ្នកនឹងមានអារម្មណ៍មិនល្អពេញមួយថ្ងៃ ។
៣. គ្រប់ពេលដែលនឹកគេតែងលួចញញឹមម្នាក់ឯង
គ្រប់ពេលដែលអ្នកនឹកឃើញដល់ឈ្មោះគេ និងមុខគេ អ្នកតែងតែលួចញញឹមយ៉ាងមានក្តីសុខតែម្នាក់ឯងនោះគឺជាដំណាក់កាលមួយ ដែលបង្ហាញថាអ្នកងប់ងល់នឹងស្នេហាខ្លាំងណាស់បើមិនទាញខ្លួនឯងមកវិញខ្លះទេ ពេលដែលគេមិនស្រលាញ់វិញ អ្នកនឹងទទួលរងនូវការឈឺចាប់ខ្លាំង។
៤. ចង់លឺសម្លេងចង់នៅក្បែរគេ
ប្រសិនបើអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយ ដែលអ្នកតែងតែចង់លឺសម្លេងរបស់គេចង់នៅក្បែរខ្លួនគេ ទាំងដែលអ្នកមិនទាន់ត្រូវជាអ្វីជាមួយនឹងគេនោះគឺវាបង្ហាញឱ្យអ្នកដឹងថា វាជារោគសញ្ញារបស់មនុស្សដែលកំពុងតែងប់ងល់នឹងស្នេហាហើយ បើអ្នកនៅតែបែបនេះទៀតអ្នកនឹងឈឺចាប់ខ្លាំងនៅថ្ងៃណាមួយ។
៥.ចូលចិត្តលួចមើលមុខគេ
មនុស្សដែលងប់ងល់នឹងស្នេហា តែងតែជាមនុស្សចូលចិត្តលួចមើលមុខរបស់គេនិងលួចមានសង្ឃឹមនៅក្នុងចិត្តតែម្នាក់ឯងថា គេក៏មានចិត្តមកលើខ្លួនឯងវិញ អាការៈបែបនេះគឺជាអាការៈមនុស្សដែលកំពុងតែងប់ងល់នឹងស្នេហា និងរស់ខ្វះស្នេហាមិនបាន។
៦.អត់ចូលចិត្តឱ្យគេនៅក្បែរអ្នកផ្សេង
ទោះគេមិនត្រូវជាអ្វីក៏ដោយប្រសិនបើអ្នកបានឃើញគេស្និទ្ធស្នាលកៀកកើយនឹងអ្នកផ្សេង ដែលមិនមែនជាខ្លួនអ្នកហើយអ្នកតែងតែមានអារម្មណ៍ហួងហែងខ្លាំងខុសពីធម្មតា នោះបានន័យថាអ្នកកំពុងតែងប់ងល់នឹងស្នេហាខ្លាំងណាស់ ហើយប្រសិនបើគេមានសង្សារចោលទៀត អ្នកច្បាស់ជាដេកយំរាប់ខែជាក់ជាមិនខានបើងប់ងល់ជាមួយគេដល់ម្លឹងនោះ៕