ស្នេហា៖ ភាគច្រើននៃមនុស្សស្រី ដែលដាក់ចិត្តថាស្រលាញ់មនុស្សប្រុសណាម្នាក់ហើយគឺមិនងាយនឹងដកចិត្ត ឬអស់ចិត្តដោយងាយៗបាននោះទេ លុះត្រាតែមនុស្សប្រុសធ្វើឱ្យពួកគេអស់ចិត្តទើបមនុស្សស្រីចិត្តដាច់ដើរចេញពីទំនាក់ទំនងមួយនោះ។
ដូច្នេះហើយសម្រាប់មនុស្សប្រុសបើមិនចង់ស្តាយក្រោយ ទាន់នៅមានឱកាស អ្នកគួរតែរៀនសង្កេតមើលលើសញ្ញាមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះព្រោះសញ្ញាទាំងនេះ វានឹងបង្ហាញឱ្យអ្នកបានដឹងថាមនុស្សស្រីដែលអ្នកកំពុងតែស្រលាញ់គេអស់ចិត្តពីអ្នកហើយ។
នៅពេលដែលមនុស្សស្រីអស់ចិត្តនឹងលេចចេញសញ្ញាទាំងនេះ៖
១. ទោះមានរឿងអ្វីក៏នាងលែងចង់ឱ្យអ្នកដឹង
ជាទូទៅ មនុស្សស្រីមិនថាជួបរឿងសប្បាយចិត្តឬពិបាកចិត្ត នាងតែងតែចង់ឱ្យមនុស្សប្រុសដែលនាងស្រលាញ់បានដឹង បានលឺមុនគេជានិច្ចប៉ុន្តែប្រសិនបើនាងលែងចង់ឱ្យអ្នកដឹងលឺរឿងអ្វីពីនាង សូម្បីតែមួយរឿង អ្នកគួរតែចាប់ផ្តើមពិចារណាថាអ្នកបានធ្វើអ្វីខុសលើនាង ព្រោះវាជាសញ្ញាបង្ហាញថានាង កំពុងតែអស់ចិត្តពីអ្នកបន្តិចម្តងៗហើយ។
២. ស្ងៀមស្ងាត់
មនុស្សស្រីជាមនុស្សដែលចូលចិត្តនិយាយច្រើនរអ៊ូច្រើន ពេលដែលបាននៅជាមួយមនុស្សដែលនាងស្រលាញ់ តែបើសិនជានាងប្រែប្រួល ក្លាយទៅជាមនុស្សស្រីម្នាក់ដែលស្ងៀមស្ងាត់មិនថាអ្នកធ្វើអ្វីខុស ក៏នាងលែងខឹង លែងឈ្លោះ អ្នកគួរតែដឹងខ្លួនទៅ ថានាងអស់ចិត្តស្រលាញ់ចំពោះអ្នកហើយព្រោះបើនាងនៅស្រលាញ់ នាងមិនស្ងៀមស្ងាត់ដាក់អ្នកឡើយ។
៣. មិនហួងហែងឬលែងខ្វល់ពីអ្នក
នៅលើលោកនេះ គ្មានមនុស្សស្រីណាដែលមិនចេះហួងហែងឬមិនខ្វល់ពីមនុស្សប្រុសដែលខ្លួនស្រលាញ់នោះទេ អញ្ចឹងហើយ មនុស្សប្រុសគួរតែសប្បាយចិត្តនៅពេលដែលមនុស្សស្រីនៅហួងហែង ឬខ្វល់ពីអ្នកខ្លាំងនោះព្រោះវាបង្ហាញឱ្យអ្នកបានឃើញថានាងស្រលាញ់អ្នកខ្លាំង តែបើនាងមិនហួងហែង អ្នកចង់ធ្វើអ្វីក៏នាងលែងខ្វល់នោះ អ្នកត្រៀមខ្លួននឹងបាត់បង់នាងឱ្យហើយទៅ។
៤.នាងលែងពឹងផ្អែកលើអ្នក
ជាធម្មតា មនុស្សស្រីណាក៏ដូចមនុស្សស្រីណាដែរ ទោះមានភាពរឹងមាំខ្លាំងប៉ុណ្ណាក៏ដោយ នាងនៅតែចង់ពឹងផ្អែកលើមនុស្សប្រុសដែលនាងស្រលាញ់ប៉ុន្តែបើនាងលែងពឹងពាក់លើអ្នក ធ្វើអ្វីក៏ធ្វើដោយខ្លួនឯង មិនដែលត្អូញត្អែដាក់អ្នកមួយម៉ាត់នោះអ្នកត្រូវដឹងថានាងអស់ចិត្តស្រលាញ់អ្នកហើយ គ្រាន់តែនាងមិននិយាយ៕