ស្នេហា៖ កុំចាំទាល់តែដល់ពេលដែលបាត់បង់ហើយទើបចេះនឹកឃើញស្តាយក្រោយ ព្រោះមនុស្សល្អៗនៅក្នុងលោកនេះ មិនងាយនឹងបានជួបទេ ជាពិសេសមនុស្សប្រុសទោះអាចរកបានស្រីផ្សេង ដែលស្អាតជាងនាងក៏ដោយតែមិនប្រាកដថាអ្នកនឹងអាចរកបានមនុស្សស្រី ដែលល្អដូចនាងឡើយ។
ដូច្នេះហើយ ប្រុសៗបើមានសង្សារល្អបែបនេះហើយត្រូវចេះថែរក្សាឱ្យបានល្អ ព្រោះអ្វីៗគ្រប់យ៉ាងដែលនាងធ្វើ គឺដោយសារតែនាងស្រលាញ់ និងបារម្ភខ្លាចបាត់បង់អ្នកតែបើអ្នកមិនពេញចិត្ត ហើយធុញទ្រាន់នូវអ្វីដែលនាងតែងតែធ្វើដាក់ ពេលដែលបាត់បង់នាង អ្នកច្បាស់ជាដេកស្តាយក្រោយអស់មួយជីវិតជាមិនខាន។
កុំចាំដល់ពេលបាត់បង់ទើបចេះស្តាយ!មានសង្សារល្អបែបនេះ ត្រូវចេះថែរក្សាឱ្យបានល្អ៖
១. មនុស្សដែលហាមអ្នកពេលអ្នកធ្វើខុស
ប្រសិនបើអ្នកបានជួបនឹងមនុស្សស្រី ដែលតែងតែហាមអ្នកនៅពេលដែលអ្នកធ្វើខុសហើយអ្នកតែងតែគិតថាវាជារឿងដែលគួរឱ្យធុញទ្រាន់នោះ អ្នកនឹងស្តាយក្រោយអស់មួយជីវិតនៅពេលដែលបាត់បង់នាង ព្រោះការដែលមនុស្សស្រីហាមអ្នកកុំឱ្យធ្វើបែបនេះ បែបនោះ គឺព្រោះតែនាងស្រលាញ់និងចង់ឃើញអ្នកល្អតែប៉ុណ្ណោះ។
២.មនុស្សដែលខ្លាចបាត់បង់អ្នក
ជួបមនុស្សស្រីដែលស្រលាញ់និងតែងតែខ្លាចបាត់បង់អ្នក អ្នកជាមនុស្សដែលមានសំណាងខ្លាំងបំផុតហើយម្យ៉ាងអ្នកអាចនឹងគិតថាគ្មានអ្វីអស្ចារ្យ ប៉ុន្តែនៅពេលដែលអ្នកបាត់បង់នាង អ្នកនឹងដឹងពីតម្លៃរបស់នាងថានាងសំខាន់ខ្លាំងកម្រិតណាសម្រាប់អ្នក ដូច្នេះបើកំពុងតែមានហើយគួរតែចេះថែឱ្យបានល្អ។
៣.មនុស្សដែលមិនធ្លាប់ចង់ឈ្នះអ្នក
កម្រនឹងមានមនុស្សស្រីណាដែលមិនចង់ឈ្នះមនុស្សប្រុសទេ ព្រោះមនុស្សស្រីភាគច្រើន តែងតែចង់ធ្វើជាអ្នកឈ្នះ ព្រោះចង់ឱ្យមនុស្សប្រុសតាមអង្វរលន់តួតែបើអ្នកបានជួបនឹងមនុស្សស្រី ដែលមិនធ្លាប់ចង់ឈ្នះអ្នកហើយនោះ អ្នកគួរតែដឹងខ្លួនទៅថាអ្នកសំណាងខ្លាំងប៉ុណ្ណា ព្រោះតែនាងស្រលាញ់អ្នកខ្លាំង ទើបនាងមិនធ្លាប់ចង់ឈ្នះអ្នក។
៤.មនុស្សដែលតែងតែបារម្ភពីអ្នក
អ្នកសាកគិតទៅមើល ក្រៅពីគ្រួសារមានមនុស្សប៉ុន្មានអ្នក ដែលតែងតែស្រលាញ់និងបារម្ភពីអ្នកពិតប្រាកដនោះអញ្ចឹងហើយ បើបានជួបមនុស្សស្រីដែលតែងតែបារម្ភ ខ្វល់ខ្វាយពីអ្នកហើយនោះ កុំធុញទ្រាន់អី អ្នកគួរតែសប្បាយចិត្តវិញទៅ ព្រោះមនុស្សប្រុសខ្លះ រកតែមនុស្សស្រីឱ្យបារម្ភមិនមានផង។
៥. មនុស្សដែលស្រលាញ់អ្នកខ្លាំងជាងស្រលាញ់ខ្លួនគេ
នៅលើលោកនេះ ក្រៅពីឪពុកម្តាយកម្រនឹងមានមនុស្សណា ដែលស្រលាញ់អ្នកខ្លាំងជាងជីវិតខ្លួនគេទេ ប៉ុន្តែប្រសិនបើអ្នកមានភ័ព្វសំណាងខ្ពស់ បានជួបនឹងមនុស្សស្រីណាម្នាក់ដែលហ៊ានលះបង់ ហ៊ានធ្វើគ្រប់យ៉ាងដើម្បីអ្នកហើយនោះ ហើយអ្នកនៅតែបណ្តោយឱ្យបាត់បង់នាងទៀត មួយជីវិតនេះ អ្នកនឹងមានវិប្បដិសារីអស់មួយជីវិត៕