ស្នេហា៖ នៅពេលដែលយើងស្រលាញ់អ្នកណាម្នាក់យើងមិនអាចទៅបង្ខិតបង្ខំគេឱ្យធ្វើអ្វី ទៅតាមចិត្តដែលយើងចង់បានរហូតនោះទេ ម្យ៉ាងវិញទៀតបើគេពេញចិត្តនឹងធ្វើអ្វីមួយដើម្បីអ្នក គឺមិនចាំបាច់ឱ្យអ្នកបង្ខំគេឱ្យធ្វើនោះទេ គឺគេច្បាស់ជាធ្វើវាដោយខ្លួនឯង។
ជាងនេះទៅទៀតការបង្ខំឱ្យមនុស្សដែលខ្លួនស្រលាញ់ធ្វើអ្វីមួយទៅតាមចិត្តដែលខ្លួនចង់បានវាគ្មានផលល្អអ្វីដល់ទំនាក់ទំនងឡើយ ទោះគេព្រមធ្វើតាមអ្នក ក៏មិនប្រាកដថាគេសប្បាយចិត្តក្នុងការធ្វើវាដែរ អញ្ចឹងហើយ ចំពោះរឿងទាំងនេះ អ្នកគួរតែកុំបង្ខំគេឱ្យធ្វើឱ្យសោះព្រោះអាចធ្វើឱ្យគេរត់ចោលអ្នកបាន។
កុំបង្ខំគេឱ្យធ្វើរឿងទាំងនេះដើម្បីអ្នកបើអ្នកពិតជាស្រលាញ់គេ៖
១.បង្ខំឱ្យគេផ្លាស់ប្តូរខ្លួនគេ
ប្រសិនបើអ្នកពិតជាស្រលាញ់គេពិតមែនអ្នកមិនគួរទៅបង្ខំឱ្យគេផ្លាស់ប្តូរភាពជាខ្លួនគេ ដើម្បីតែសម្របតាមអ្នកទេគេក៏មានភាពជាខ្លួនគេ អ្នកក៏មានភាពជាខ្លួនអ្នក បើអ្នកបង្ខំគេបែបនេះទោះគេព្រមផ្លាស់ប្តូរដើម្បីអ្នកតែការផ្លាស់ប្តូររបស់គេគឺផ្លាស់ប្តូរដោយការមិនពេញចិត្ត ហើយការដែលមិនសប្បាយចិត្តជាមួយគ្នាបែបនេះយូរៗទៅ វានឹងប៉ះពាល់ដល់ទំនាក់ទំនង។
២. បង្ខំឱ្យគេឈប់ទាក់ទងមិត្តភក្តិគេ
អ្នកក៏មានមិត្តភក្តិគេក៏មានមិត្តភក្តិដូចគ្នា ដូច្នេះបើអ្នកបង្ខំឱ្យគេឈប់ទាក់ទងមិត្តភក្តិរបស់គេ គឺដូចជាលើសបន្តិចហើយ ទោះអ្នកក្នុងបំណងល្អមិនចង់ឱ្យមនុស្សដែលអ្នកស្រលាញ់ដើរខុសក៏ដោយ តែសម្រាប់មនុស្សដែលអ្នកស្រលាញ់គេមិនគិតដូច្នេះទេ អញ្ចឹងហើយ អ្នកគួរតែផ្តល់សិទ្ធសេរីភាពឱ្យគេ ក្នុងការរាប់អានមនុស្ស ហើយអ្នកក៏មិនអាចទៅគ្រប់គ្រងលើជីវិតគេទាំងស្រុងបានដែរ។
៣.បង្ខំឱ្យគេចោលការងារទាំងអស់ ដើម្បីនៅជាមួយអ្នក
មនុស្សយើងម្នាក់ៗវ័យកាន់តែច្រើនការងារនិងទំនួលខុសត្រូវក៏កាន់តែមានច្រើនដូចគ្នា អញ្ចឹងហើយ សម្រាប់មនុស្សស្រលាញ់គ្នាអាចនឹងមិនសូវមានពេលវេលាច្រើនដើម្បីនៅជាមួយគ្នា តែបើអ្នកបង្ខំឱ្យគេចោលការងារទាំងអស់ ដើម្បីនៅជាមួយអ្នកគឺវាមិនអាចទេ ហើយនឹងធ្វើឱ្យមនុស្សដែលអ្នកស្រលាញ់យល់ថាអ្នក នៅមានចរិតក្មេងខ្ចីទៀតផង ហេតុនេះកុំបង្ខំគេឱ្យចោលការងារដើម្បីតែអ្នកអីបើគេចង់ផ្តល់ពេលវេលាឱ្យអ្នក ទោះរវល់យ៉ាងណាក៏គេឆ្លៀតដើម្បីអ្នកដែរ។
៤.បង្ខំឱ្យគេចូលចិត្តនូវអ្វីដែលគេមិនចូលចិត្ត
ពិតណាស់មនុស្សយើងម្នាក់ៗមិនថាមានចិត្តគំនិតស្រដៀងគ្នាប៉ុណ្ណាទេ ក៏មិនអាចមានភាពដូចគ្នាគ្រប់យ៉ាងបានដែរជាពិសេសចំណង់ចំណូលចិត្ត អញ្ចឹងហើយ អ្នកមិនអាចទៅបង្ខំអ្នកណាម្នាក់ ឱ្យមកចូលចិត្តនូវអ្វីដែលអ្នកចូលចិត្តបានទេជាពិសេសមនុស្សដែលអ្នកស្រលាញ់ អ្នកមិនអាចទៅបង្ខំឱ្យគេមកចូលចិត្ត នូវអ្វីដែលគេមិនបានចូលចិត្តនោះទេព្រោះវានឹងធ្វើឱ្យគេកាន់តែមានសម្ពាធ ពេលនៅជាមួយអ្នក៕