យល់ដឹង៖ មនុស្សដែលស្រលាញ់គ្នាប្រាកដណាស់ ថាគ្មានគូស្នេហ៍ណា ដែលចង់មានការបែកបាក់គ្នា នោះទេ ព្រោះថា មនុស្សស្រលាញ់គ្នា គឺពួកគេមិនចង់បាត់បង់គ្នានោះទេហើយពួកគេ ក៏មិនចង់ទទួលបានអារម្មណ៍ ដែលត្រូវឃ្លាតឆ្ងាយ ពីមនុស្សដែលខ្លួនស្រលាញ់នោះទេ។ប៉ុន្តែ ប្រសិនបើ ពួកគេមិនចង់ ឱ្យទំនាក់ទំនងរបស់ពួកគេ មានការបែកបាក់គ្នាទេនោះ ពួកគេ គួរតែរៀនស្វែងយល់ ពីចិត្តគ្នា ឱ្យបានច្រើន តាមអ្វីដែល ពួកគេអាចធ្វើទៅបាន។
ជាក់ស្តែងក៏មានគូស្នេហ៍មួយចំនួន ដែលបានបែកបាក់គ្នា ក៏ដោយសារតែ ការមិនយល់ពីចិត្តគ្នាហើយបានធ្វើឱ្យពួកគេទាំងពីរនាក់ មានការស្តាយក្រោយទៀតផង។ វាពិតជារឿង ដែលគួរឱ្យសោកស្តាយខ្លាំងណាស់នៅពេលដែលមនុស្សពីរនាក់ ស្រលាញ់ និងស្មោះស្មគ្រ័គ្នា តែបែជា សម្រេចចិត្តបែងចែកផ្លូវគ្នាទៅវិញ។
ហេតុផលទាំងនេះហើយដែលធ្វើឱ្យមនុស្សពីរអ្នក ដែលនៅស្រលាញ់គ្នា បែរជាសម្រេចចិត្តបែកគ្នា៖
១. ផែនការជីវិតខុសគ្នា
មុនពេលដែល អ្នកទាំងពីរ ក្លាយទៅជាគូស្នេហ៍ អ្នកទាំងពីរ ប្រាកដជាជ្រើសរើសគ្នា ដោយសារតែមាន ចំណុចដូចគ្នាជាច្រើនផងដែរ ដូចជាចំណង់ចំណូលចិត្ត ឬមានចរិតដូចគ្នាជាដើម។ ដូច្នេះហើយ នៅពេលដែលអ្នកទាំងពីរ ស្រលាញ់គ្នា អ្នកទាំងពីរ ច្បាស់ជាបានគិត អំពីផែនការជីវិតជាមួយគ្នាជាក់ជាមិនខាន។ ប៉ុន្តែនៅពេលដែល ផែនការនោះ មិនមានការចុះសម្រុងគ្នា ដោយសារតែអ្នកទាំងពីរមិនមានចិត្ត និងគំនិតដូចគ្នា នោះវានឹងក្លាយទៅជាហេតុផលមួយ ដែលធ្វើឱ្យអ្នកទាំងពីរ បែកគ្នាទាំងចិត្តនូវស្រលាញ់។
២.ស្រលាញ់គ្នា តែមិនយល់ពីគ្នា
ពេលខ្លះក៏មានគូស្នេហ៍មួយចំនួន ទោះបីជា ពួកគេបានទាក់ទងគ្នាក្នុងរយៈពេលយូរក៏ដោយ ក៏ពួកគេ នៅតែមិនអាចយល់ពីចិត្តគ្នាបានច្បាស់ដែរ ថាម្នាក់ៗចង់បាន ក្តីស្រលាញ់បែបណាពីដៃគូ ហើយ វាក៏ជារឿងមួយដែល ធ្វើឱ្យអ្នកទាំងពីរ កាន់តែកើតមាន ការឈ្លោះគ្នាជាញឹកញាប់វានឹងក្លាយទៅជា ហេតុផលមួយ ដែលធ្វើឱ្យ អ្នកទាំងពីរ សម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហាមួយនេះ។
៣. មិនផ្តល់តម្លៃឱ្យគ្នា
គូស្នេហ៍ ទោះបីជា ស្រលាញ់គ្នាខ្លាំងប៉ុណ្ណាក៏ដោយប្រសិនបើ អ្នកទាំងពីរ មិនបានផ្តល់តម្លៃឱ្យគ្នា ទៅវិញទៅមកទេនោះ ស្នេហាមួយនោះប្រាកដជា មិនមានភាពយូរអង្វែងនោះទេ។ ម្យ៉ាងវិញ ប្រសិនបើអ្នក ចង់ឱ្យស្នេហារបស់អ្នកទាំងពីរ មានភាពស្ថិតស្ថេរ និងអាចរួមរស់ នៅជាមួយគ្នាអស់មួយជីវិតនោះអ្នកត្រូវតែរៀនផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក។
៤. បិទសិទ្ធនិងហួងហែងខ្លាំងពេក
គូស្នេហ៍ទោះជាស្រលាញ់គ្នាខ្លាំងប៉ុណ្ណាក៏ដោយ ក៏អ្នកទាំងពីរ មិនត្រូវបិទសិទ្ធនិងហួងហែងគ្នា ខ្លាំងពេកនោះទេ ព្រោះថា វានឹងធ្វើឱ្យអ្នកទាំងពីរ ចាប់ផ្តើម មានអារម្មណ៍ធុញថប់ និងមិនមានសេរីភាព ក្នុងការធ្វើរឿងអ្វីមួយ ដែលអ្នកទាំងពីរចង់ធ្វើនោះទេ។ ចំណុចមួយនេះ វានឹងធ្វើឱ្យអ្នកទាំងពីរ សម្រេចចិត្តបែងចែកផ្លូវគ្នា ជាក់ជាមិនខាន ទោះបីជានៅស្រលាញ់គ្នាក៏ដោយ។
៥.បញ្ហាទំនាក់ទំនង
ទំនាក់ទំនងគឺជារឿងសំខាន់ខ្លាំងណាស់ ក្នុងស្នេហារវាងមនុស្សពីរនាក់ ប៉ុន្តែ ប្រសិនបើអ្នកទាំងពីរ មានបញ្ហាក្នុងទំនាក់ទំនងស្នេហាហើយនោះវាក៏ជាហេតុផលមួយ ដែលអាចធ្វើឱ្យអ្នកទាំងពីរ បែកគ្នាបានយ៉ាងងាយស្រួលផងដែរ។ ដូច្នេះហើយ នៅពេលដែល ទំនាក់ទំនងរបស់អ្នកទាំងពីរ ចាប់ផ្តើមមានបញ្ហាហើយនោះ អ្នកទាំងពីរ គួរតែរៀនស្តាប់ហេតុផលគ្នា និងព្យាយាមរកដំណោះស្រាយជាមួយគ្នា នោះទើបធ្វើឱ្យ ស្នេហារបស់អ្នកទាំងពីរ មានភាពយូរអង្វែង និងមិនមាន ភាពស្តាយក្រោយ នៅពេលដែលបាត់បង់គ្នា៕