ស្នេហា៖ នៅក្នុងទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់ប្រសិនបើមានម្នាក់ចាប់ផ្តើមអស់ចិត្តហើយនោះទោះម្នាក់ទៀតប្រឹងប្រែងចំពោះស្នេហានោះយ៉ាងណាក៏ដោយ ក៏ស្នេហានោះនៅតែមិនអាចបន្តដំណើរទៅមុខបានទៀត ផ្ទុយទៅវិញគឺមានតែធ្វើឱ្យគ្នាឈឺចាប់ ដោយសារតែទ្រាំរស់នៅជាមួយគ្នា។
ហេតុនេះហើយដើម្បីកុំឱ្យខ្លួនឯងក្លាយទៅជាមនុស្សល្ងង់ ដែលរស់នៅជាមួយនឹងក្តីស្រលាញ់ក្លែងក្លាយអ្នករាល់គ្នាអាចសង្កេតមើលលើសញ្ញាមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះបាន វានឹងបង្ហាញឱ្យអ្នកបានឃើញយ៉ាងច្បាស់ថាគេកំពុងតែចង់បែកចិត្តពីអ្នកហើយគ្រាន់តែមិនទាន់ដល់ពេលដែលគេសុំអ្នកបែក។
ដឹងខ្លួនទៅសញ្ញាទាំងនេះបង្ហាញថាគេចង់បែកចិត្តពីអ្នក៖
១. ពេលនៅជាមួយអ្នកអារម្មណ៍គេមិននៅនឹងខ្លួន
មនុស្សដែលគេចង់បែកចិត្តពីអ្នកមិនពិបាកមើលទេ គឺគ្រប់ពេលដែលគេនៅជាមួយអ្នក គេស្រាប់តែចាប់ផ្តើមស្ងប់ស្ងាត់ដាក់អ្នកហើយអារម្មណ៍គេមិននៅនឹងខ្លួននោះ គឺបានន័យថាក្នុងចិត្តគេកំពុងតែមានអ្វីមួយលាក់បាំងអ្នកហើយ លើសពីនេះបើអ្នកកាន់តែសួរនាំគេ គឺគេនឹងមួម៉ៅដាក់អ្នកជាក់ជាមិនខាននេះហើយជាអ្វីដែលអ្នកអាចមើលដឹង។
២. តែងរកលេសរវល់
ជឿទៅមនុស្សដែលគេស្រលាញ់អ្នកគ្មានថ្ងៃបែកចិត្ត មិនថាគេរវល់យ៉ាងណា គេក៏នៅតែអាចឆ្លៀតពេលដើម្បីអ្នកបានព្រោះអ្នកណាៗក៏រវល់ មានពេល២៤ម៉ោងដូចៗគ្នា ណាស់តែគេមិនចង់ឆ្លៀតពេលដើម្បីអ្នកតែប៉ុណ្ណោះ ម្យ៉ាង មនុស្សដែលគេចង់បែកចិត្តពីអ្នក គឺគេរឹតតែរកលេសស័ក្កសមណាមួយ ដើម្បីនៅឆ្ងាយពីអ្នក ដើម្បីកុំឱ្យខ្លួនគេខុស។
៣.មិនសូវមានភាពស្និទ្ធស្នាលជាមួយអ្នក
ចំណាំមើលទៅមនុស្សដែលគេអស់ចិត្តនិងចង់បែកចិត្តពីអ្នក គេនឹងចាប់ផ្តើមធ្វើឱ្យខ្លួនគេ ឱ្យកាន់តែឃ្លាតឆ្ងាយពីអ្នក ហើយគេក៏លែងសូវបង្ហាញភាពស្និទ្ធស្នាលជាមួយនឹងអ្នកដែរទោះនៅតែពីរនាក់ ឬនៅតាមទីសាធារណៈក៏ដោយ គេនឹងមិនស្និទ្ធស្នាលជាមួយអ្នកឡើយ ដែលទាំងនេះអាចឱ្យអ្នកមើលដឹងបានយ៉ាងច្បាស់ ថាគេកំពុងតែគិតអ្វី។
៤.អ្នកធ្វើអ្វីក៏មិនត្រូវចិត្តគេ
នៅពេលដែលអ្នកធ្វើអ្វីមួយដើម្បីផ្គាប់ចិត្តគេដូចសព្វដងដែលអ្នកធ្វើហើយគេក៏ពេញចិត្តប៉ុន្តែស្រាប់តែថ្មីៗនេះ គេចាប់ផ្តើមលែងចង់ទទួលនូវអ្វីដែលអ្នកធ្លាប់ធ្វើដាក់គេ ហើយគេក៏ចាប់ផ្តើមធុញទ្រាន់់ និងតែងតែទើសចិត្តជាមួយនឹងអ្វីដែលអ្នកធ្វើ អ្នកគួរតែដឹងខ្លួនឯងហើយថាគេអស់ចិត្តស្រលាញ់ និងចង់បែកចិត្តពីអ្នកមែនទែនហើយ៕