ស្នេហា៖មនុស្សស្រីស្ទើរតែទាំងអស់ទៅហើយ ដែលមិនយល់ពីមនុស្សប្រុស ផ្ទុយទៅវិញ ថែមទាំងខឹងមនុស្សប្រុសថែមទៀតនៅពេលដែលមនុស្សប្រុសជាសង្សារឬជាប្តីចូលចិត្តដើរចេញ រាល់ពេលដែលមានការឈ្លោះប្រកែកគ្នា ព្រោះធ្វើឱ្យមនុស្សស្រីគិតថា មនុស្សប្រុសឈប់ស្រលាញ់និងឈប់ខ្វល់ពីពួកគេ។
តាមពិតទៅ មនុស្សប្រុសគឺពិតជាចូលចិត្តដើរចេញ រាល់ពេលដែលឈ្លោះប្រកែកគ្នាពិតមែន តែមិនមែនបានន័យថាគេមិនខ្វល់ ឬឈប់ស្រលាញ់សង្សារឬប្រពន្ធរបស់គេនោះទេ ដោយសារតែហេតុផលទាំងនេះ ទើបមនុស្សប្រុសយល់ថាមានតែការដើរចេញមួយពេលទេ ទើបជាដំណោះស្រាយដ៏ល្អបំផុតនៅពេលដែលឈ្លោះគ្នា។
ហេតុផលដែលមនុស្សប្រុសចូលចិត្តដើរចេញរាល់ពេលឈ្លោះគ្នា៖
១. ទុកឱ្យមនុស្សស្រីជាអ្នកឈ្នះ
មនុស្សស្រីត្រូវដឹងនៅពេលដែលមនុស្សប្រុសដើរចេញរាល់ពេលដែលមានការឈ្លោះប្រកែកគ្នានឹងអ្នក គឺមិនមែនបានន័យថាអ្នកគួរឱ្យធុញទ្រាន់សម្រាប់គេទេ តែបានន័យថាគេទុកឱ្យអ្នកជាអ្នកឈ្នះដោយមិននៅប្រកែកវែកញែកជាមួយអ្នកទៀត ដូច្នេះអ្នកគួរតែរៀនយល់ពីហេតុផលនេះ ហើយកុំចេះតែសន្មត់ដោយខ្លួនឯង។
២.មិនចង់ឱ្យរឿងកាន់តែវែងឆ្ងាយ
ពិតណាស់ មនុស្សស្រលាញ់គ្នាពីរនាក់បើមានបញ្ហាឈ្លោះប្រកែកគ្នា ហើយម្នាក់ៗនៅតែជជែកវែកញែកតឹងសរសៃកដាក់គ្នាទៀតគឺមិនដឹងថាពេលណាត្រូវដោះស្រាយបញ្ហានេះបានឡើយ ទើបបានមនុស្សប្រុសសុខចិត្តដើរចេញដោយមិនមាត់កក៏ព្រោះតែមិនចង់ឱ្យរឿងរ៉ាវកាន់តែវែងឆ្ងាយ ហើយពិបាកដោះស្រាយនឹងគ្នា។
៣.ខ្លាចមានបញ្ហាដល់ទំនាក់ទនង
មនុស្សប្រុសដើរចេញមិនមែនគ្មានហេតុផលទេ គឺមកពីមនុស្សប្រុសមិនចង់បាត់បង់អ្នក ហើយរឹតតែខ្លាចមានបញ្ហាដល់ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរម្យ៉ាងមនុស្សស្រីនៅពេលដែលខឹង ធ្វើអ្វីឬនិយាយអ្វីមិនចេះគិតឡើយ ដែលទង្វើនៅពេលខឹងរបស់មនុស្សស្រីនេះហើយ គឺអាចប៉ះពាល់ដល់ទំនាក់ទំនង និងធ្វើឱ្យបែកបាក់គ្នាបានដោយងាយ។
៤.ទុកពេលឱ្យមនុស្សស្រីរំងាប់អារម្មណ៍
មនុស្សប្រុសចូលចិត្តជ្រើសរើសយកការដើរចេញជាជាងនៅឈ្លោះប្រកែកជាមួយនឹងមនុស្សស្រី ព្រោះមនុស្សស្រីនៅពេលដែលខឹង គឺពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនឯងខ្លាំងណាស់ទើបមនុស្សប្រុសចូលចិត្តដើរចេញ ហើយទុកឱ្យមនុស្សស្រីបានរំងាប់អារម្មណ៍ខឹងរបស់គេសិន ព្រោះនៅពេលដែលបាត់ខឹងទើបនិយាយគ្នាចូល តែបើនិយាយទាំងអារម្មណ៍ខឹងឆេវឆាវ ទោះនិយាយឬបកស្រាយយ៉ាងណា ក៏មិនចូលត្រចៀកគ្នាដែរ៕