យល់ដឹង៖ មនុស្សស្រីណាក៏ដូចមនុស្សស្រីណាដែរក្រោយពេលដែលរៀបការហើយ គឺតែងតែចង់ឱ្យប្តីស្រលាញ់ថ្នាក់ថ្នមខ្លួន ឱ្យដូចថ្ងៃដែលស្រលាញ់គ្នាដំបូងប៉ុន្តែតទៅនេះអស់ក្តីបារម្ភ ខ្លាចប្តីមិនស្រលាញ់ដូចថ្ងៃដំបូងទៀតហើយ ដោយគ្រាន់តែមនុស្សស្រីជាប្រពន្ធ សាកល្បងប្រើវិធីសាស្ត្រងាយៗ។
ដូច្នេះហើយ ដើម្បីឱ្យប្តីនៅតែស្រលាញ់ថ្នាក់ថ្នម និងផ្អែមល្ហែមឱ្យដូចថ្ងៃដំបូង មនុស្សស្រីគួរសាកល្បងវិធីសាស្ត្រមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ប្តីរបស់អ្នកច្បាស់ជាស្រលាញ់អ្នកដូចថ្ងៃដំបូងលើសពីនេះ អាចនឹងស្រលាញ់អ្នកកាន់តែខ្លាំងលើសដើមទៀតផង។
វិធីងាយៗ ធ្វើឱ្យប្តីស្រលាញ់ខ្លាំងដូចថ្ងៃដំបូង៖
១. ធ្វើជាអ្នកស្តាប់ដ៏ល្អ
មនុស្សប្រុសជាប្តី មិនចូលចិត្តប្រពន្ធដែលមានការរអ៊ូរទាំច្រើនហើយតែងតែស្តីបន្ទោសឱ្យពួកគេ ទាំងដែលពួកគេក៏មានអារម្មណ៍មិនល្អមកពីខាងក្រៅនោះទេ អ្វីដែលពួកគេចង់បានពីប្រពន្ធ គឺការលើកទឹកចិត្ត ហេតុនេះហើយ បើចង់ឱ្យប្តីស្រលាញ់ខ្លាំងដូចថ្ងៃដំបូង មនុស្សស្រីជាប្រពន្ធត្រូវរៀនធ្វើជាអ្នកស្តាប់ដ៏ល្អម្នាក់ និងចាំធ្វើជាអ្នកជម្រុញទឹកចិត្តម្នាក់ដល់ប្តី ប្តីច្បាស់ជាស្រលាញ់អ្នកខ្លាំងដូចថ្ងៃដំបូងជាក់ជាមិនខាន។
២. ធ្វើខ្លួនឱ្យក្លាយទៅជាមនុស្សស្រីមានហេតុផល
វាជាការពិត មនុស្សស្រីធ្វើអ្វីមួយមិនសូវប្រើហេតុផលប៉ុន្មាននោះទេគឺភាគច្រើនចូលចិត្តប្រើអារម្មណ៍ជាង ដែលធ្វើឱ្យមនុស្សប្រុសជាប្តីមួយចំនួន ធុញទ្រាន់នឹងប្រពន្ធដែលគ្មានហេតុផលហេតុនេះហើយ បើចង់ឱ្យប្តីនៅតែស្រលាញ់ខ្លាំងដូចថ្ងៃដំបូង មនុស្សស្រីជាប្រពន្ធគួររៀនធ្វើខ្លួន ឱ្យក្លាយទៅជាមនុស្សស្រីម្នាក់ ដែលមានហេតុផលច្បាស់លាស់ និងចេះបែងចែកអ្វីដែលត្រឹមត្រូវ ឬមិនត្រឹមត្រូវ មិនមែនចេះតែប្រើចរិកកូនក្មេង មករករឿងនិងប្រច័ណ្ឌគ្រប់ពេលនោះទេ។
៣. យកចិត្តទុកដាក់លើឪពុកម្តាយក្មេក
ដើម្បីធ្វើឱ្យប្តីនៅតែស្រលាញ់ខ្លាំងដូចថ្ងៃដំបូងមនុស្សស្រីជាប្រពន្ធ មិនត្រឹមតែត្រូវធ្វើជាប្រពន្ធដ៏ល្អម្នាក់ទេ គួរណាតែធ្វើជាកូនប្រសារដ៏ល្អម្នាក់ ដែលចេះយកចិត្តទុកដាក់លើឪពុកម្តាយក្មេក ឱ្យដូចឪពុកម្តាយបង្កើតដែរ នោះមិនត្រឹមតែឪពុកម្តាយក្មេករបស់អ្នក ស្រលាញ់អ្នកកាន់តែខ្លាំងទេហើយថែមទាំងនៅខាងអ្នកជានិច្ចនោះទេ ប្តីរបស់អ្នកក៏ច្បាស់ជាស្រលាញ់អ្នកកាន់តែខ្លាំងលើសដើម។
៤. ធ្វើខ្លួនឱ្យស្អាត
មនុស្សស្រីដាច់ខាតមិនត្រូវគិតថា រៀបការហើយមិនចាំបាច់តុបតែខ្លួនឱ្យស្អាតនោះទេ មនុស្សស្រីយើងមិនថាចូលដល់វ័យណាទេ ត្រូវធ្វើខ្លួនឱ្យស្អាតជានិច្ចនោះវានឹងធ្វើឱ្យខ្លួនយើង កាន់តែមានទំនុកចិត្តមកលើខ្លួនឯង ជាពិសេស ប្តីក៏មិនងាយនឹងបែកចិត្តលួចទៅរកស្រីនៅខាងក្រៅដែរ ហើយថែមទាំងស្រលាញ់កាន់តែខ្លាំងឡើងៗទៀតផង ព្រោះគេយល់ថា បើមានប្រពន្ធស្អាតហើយមិនចេះស្រលាញ់ មិនចេះថ្នាក់ថ្នម គេច្បាស់ជាប្រឈមមុខនឹងការបាត់បង់ប្រពន្ធ ដោយប្រុសផ្សេងអាចមកឆក់យកទៅបាត់ ហេតុនេះហើយវិធីសាស្ត្រងាយៗនេះអាចជួយបាន៕
ប្រភព៖ gangbeauty