ស្នេហា៖ មនុស្សស្រលាញ់គ្នាពីរនាក់គឺត្រូវការយល់ពីគ្នាទៅវិញទៅមក ទើបនៅជាមួយគ្នាបានយូរ បើម្នាក់ៗមិនចេះព្យាយាមយល់ពីគ្នាទៅវិញទៅមកទោះស្រលាញ់គ្នាយ៉ាងណា ចង់នៅជាមួយគ្នាឱ្យបានយូរប៉ុណ្ណា ក៏វាមិនអាចទៅរួចដែរ ព្រោះមនុស្សពីរនាក់ដែលអាចដើរដល់ថ្ងៃអនាគតជាមួយគ្នាបានគឺត្រូវការយល់ពីគ្នា។
ហេតុនេះហើយចង់ឱ្យស្នេហារវាងគ្នាកាន់តែមានភាពរឹងមាំ មិនងាយបែកបាក់គ្នាទៅណាមនុស្សពីរនាក់ដែលជាគូស្នេហ៍នឹងគ្នា ត្រូវរៀនយល់ពីគ្នាទៅវិញទៅមក ចំពោះរឿងមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះទើបអាចស្រលាញ់គ្នាបានយូរ ហើយគ្រប់ពេលនៅក្បែរគ្នា ក៏កាន់តែមានក្តីសុខ។
៥យ៉ាងដែលគូស្នេហ៍គួររៀនយល់ពីគ្នាទៅវិញទៅមក៖
១. ចេះអធ្យាស្រ័យឱ្យគ្នា
គ្មានគូស្នេហ៍ណា ដែលថាមិនចេះមានរឿងឈ្លោះប្រកែកគ្នានោះទេប៉ុន្តែគូស្នេហ៍គ្រប់រូប ត្រូវចេះយល់ពីគ្នាទៅវិញទៅមក និងស្តាប់ហេតុផលគ្នា ព្រោះរឿងខ្លះបើមិនបើកចិត្តស្តាប់និងយល់ពីគ្នាទេនោះ ឈ្លោះដល់ណាទៀត ក៏មិនងាយត្រូវគ្នាដែរដូច្នេះគូរស្នេហ៍គួររៀនយល់ពីគ្នា ហើយចេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ទើបចំណងស្នេហាអាចដើរទៅមុខបានយ៉ាងរលូន។
២.ចេះផ្តល់សេរីភាពឱ្យគ្នា
មិនថាមានឈ្មោះត្រឹមតែជាសង្សារឬជាប្តីប្រពន្ធនឹងគ្នា មនុស្សពីរនាក់ត្រូវចេះផ្តល់សិទ្ធសេរីភាពឱ្យគ្នាមិនមែនត្រួតត្រាលើជីវិតគ្នានោះទេ ទោះបីជាស្រលាញ់គ្នាប៉ុណ្ណាក៏ដោយ ព្រោះម្នាក់ៗមានជីវិតនិងទំនួលខុសត្រូវរៀងៗខ្លួន កុំដោយសារតែស្រលាញ់ ត្រូវប្រើចរិតកូនក្មេងដាក់គ្នា ធ្វើឱ្យមានបញ្ហានឹងគ្នាឱ្យសោះ អញ្ចឹងហើយ អ្វីដែលគួរតែយល់ពីគ្នានោះគឺការផ្តល់សេរីភាពឱ្យគ្នា។
៣.ចេះគោរពនិងផ្តល់តម្លៃឱ្យគ្នា
នៅក្នុងទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់ការចេះគោរពនិងផ្តល់តម្លៃឱ្យគ្នា គឺជាអ្វីដែលមនុស្សពីរនាក់គួរតែរៀនយល់ពីគ្នាព្រោះមិនមែនអាងតែគេស្រលាញ់ខ្លួន ធ្វើអ្វីស្រេចតែចិត្ត ដោយមិនគិតពីអារម្មណ៍របស់គេនោះទស្រលាញ់គ្នាគឺត្រូវចេះគោរព និងផ្តល់តម្លៃឱ្យគ្នា ទើបនៅជាមួយគ្នាបានយូរអង្វែង។
៤. ជឿជាក់លើគ្នា
ការជឿជាក់លើគ្នាវាក៏ជារឿងដែលសំខាន់មួយដែរ ដែលមនុស្សពីរនាក់ស្រលាញ់គ្នាត្រូវចេះយល់ពីគ្នាមិនមែនចាំតែសង្ស័យ ឬចាប់កំហុសគ្នា ដែលធ្វើឱ្យមានអារម្មណ៍មិនល្អចំពោះគ្នានោះទេ។ ហេតុនេះ ត្រូវដឹងថារឿងណាដែលគួរប្រច័ណ្ឌ និងរឿងខ្លះទៀតមិនគួរប្រច័ណ្ឌ ព្រោះមានតែការជឿជាក់លើគ្នាទេ ទើបមិនងាយបែកបាក់គ្នាទៅណា ទោះមានមនុស្សមកចាំបំបែកបំបាក់ក៏ដោយ។
៥. គាំទ្រនិងនៅក្បែរគ្នា
មនុស្សស្រលាញ់គ្នាដោយចិត្តនិងចិត្តគឺមិនត្រូវការអ្វីច្រើន ក្រៅពីចង់បានការគាំទ្រ និងការនៅក្បែរពីមនុស្សដែលខ្លួនស្រលាញ់ទេ ដូច្នេះហើយ គូស្នេហ៍បើមិនចង់ឱ្យទំនាក់ទំនងមានភាពសោះកក្រោះនឹងគ្នាទេនោះត្រូវចេះផ្តល់ការគាំទ្រ និងការនៅក្បែរគ្នាទើបស្នេហាមួយនោះ កាន់តែមានមនោសញ្ចេតនាជ្រាលជ្រៅរវាងគ្នាកាន់តែច្រើនឡើងៗ៕