ស្នេហា៖ មនុស្សដែលស្រលាញ់គ្នាពីរនាក់គឺតែងតែរំពឹងចង់ឱ្យស្នេហារបស់ខ្លួន នៅស្ថិតស្ថេរនិងបានដល់ថ្ងៃអនាគតជាមួយគ្នាប៉ុន្តែថ្ងៃអនាគតម្នាក់ៗសុទ្ធតែមិនអាចមើលដឹង ព្រោះចិត្តរបស់មនុស្សតែងប្រែប្រួលជានិច្ចបើមិនមែនអ្នកជាអ្នកប្រែប្រួល ក៏គង់តែជាគេជាអ្នកប្រែប្រួល។
ដូច្នេះហើយប្រសិនបើអ្នកមិនចង់ឱ្យស្នេហា ដែលអ្នកខិតខំប្រឹងប្រែងកន្លងមកជាមួយគ្នា រលាយដូចអំបិលត្រូវទឹកទេនោះអ្នកត្រូវដឹងថារឿងណាដែលអាចបំបែកបាក់ស្នេហាអ្នកបាន អញ្ចឹងហើយ អ្នកត្រូវតែដឹងនិងជៀសពីការធ្វើរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ បើមិនអញ្ចឹងស្នេហាអ្នកនឹងបន្តទៅមុខទៀតលែងបាន។
៥យ៉ាង ធ្វើឱ្យស្នេហាអ្នកបន្តទៅមុខទៀតលែងបាន៖
១. លាក់បាំងគ្នា
មនុស្សស្រលាញ់គ្នាប្រសិនជាឈានដល់មានរឿងលាក់បាំងមិនឱ្យគ្នាដឹងហើយនោះ ម្នាក់ៗគួរតែត្រៀមខ្លួនត្រៀមចិត្តឱ្យហើយទៅ ទោះមិនថាអ្នកទាំងពីរនៅស្រលាញ់គ្នាប៉ុណ្ណាទេ ស្នេហាមួយនោះមិនយូរមិនឆាប់វានៅតែមិនអាចបន្តទៅមុខបានទៀត ហេតុនេះហើយ កុំឱ្យខាតពេលចោលទទេរៗ បញ្ចប់បានកាន់តែលឿនកាន់តែល្អ។
២. បាត់បង់ទំនុកចិត្តលើគ្នា
នៅក្នុងទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់អ្វីដែលសំខាន់ខ្លាំងបំផុត គឺការដែលមនុស្សពីរនាក់មានទំនុកចិត្តនិងចេះជឿជាក់លើគ្នាទៅវិញទៅមក ប៉ុន្តែប្រសិនបើស្នេហាមួយនោះ ស្រាប់តែបាត់បង់ទំនុកចិត្តលើគ្នាហើយគឺបានន័យថាទោះប្រឹងបន្តទៅមុខទៀតយ៉ាងណា ក៏គ្មានបានន័យអ្វីដែរ។
៣. អស់អារម្មណ៍ល្អនឹងគ្នា
មនុស្សស្រលាញ់គ្នាត្រូវការមានអារម្មណ៍ល្អគ្រប់ពេលដែលបាននៅក្បែរគ្នា តែបើស្រាប់តែបាត់បង់អារម្មណ៍ល្អៗដែលធ្លាប់មានជាមួយគ្នាហើយនោះនៅជាមួយគ្នាតទៀត វាមានតែធ្វើឱ្យម្នាក់ៗទទួលរងនូវការឈឺចាប់ខ្លាំងព្រោះបើអស់អារម្មណ៍ល្អចំពោះគ្នាហើយ នៅក្បែរគ្នា គឺមានតែសម្ពាធ និងធ្វើឱ្យគ្នាគ្មានក្តីសុខ។
៤. ឈ្លោះគ្នាមិនលុះមួយថ្ងៃ
គូស្នេហ៍ណាក៏ចេះឈ្លោះគ្នាដែរតែគេមិនមែនចេះតែឈ្លោះគ្នា សូម្បីតែរឿងដែលមិនគួរឈ្លោះនោះទេ អញ្ចឹងហើយបើនៅក្នុងទំនាក់ទំនងស្នេហាអ្នក មានតែរឿងឈ្លោះប្រកែកគ្នាឥតល្ហែ មិនលុះមួយថ្ងៃសោះនោះគឺអ្នកគួរតែដឹងហើយ ថាស្នេហានោះបន្តទៅមុខទៀតលែងកើតហើយ។
៥. និយាយមិនចូលគ្នា
ភាពចុះសម្រុងរវាងគ្នានឹងគ្នា ក៏ជារឿងមួយដែលអ្នកមិនអាចមើលរំលងបាន ព្រោះភាពចុះសម្រុងគ្នា ជាអ្វីដែលធ្វើឱ្យមនុស្សពីរនាក់កាន់តែបានយល់ពីគ្នាទៅវិញទៅមក ទើបនៅជាមួយគ្នាបានសុខ តែបើនិយាយមិនចូលគ្នាហើយនោះ មិនថាក្តីស្រលាញ់មានចំពោះគ្នាយ៉ាងណាទេវាក៏នៅតែមិនអាចជួយឱ្យស្នេហានោះ មានភាពរឹងមាំបានយូរអង្វែង៕