ស្នេហា៖មនុស្សស្រីត្រូវដឹង នៅពេលដែលមនុស្សប្រុសអស់ចិត្តជាមួយអ្នក ហើយចង់បែកគ្នាជាមួយអ្នក គឺគេនឹងមិននិយាយត្រង់ៗនៅចំពោះមុខអ្នកឡើយ គេសុខចិត្តធ្វើអ្វីៗគ្រប់យ៉ាងឱ្យអ្នកទ្រាំនៅជាមួយគេមិនបាននឹងអាងឱ្យអ្នកជាអ្នកសុំគេបែកគ្នាមុន ដើម្បីកុំឱ្យគេក្លាយទៅជាអ្នកខុស។
ដូច្នេះហើយស្រីៗកុំឆោត ប្រសិនបើមនុស្សប្រុសគេធ្វើរឿងទាំងអស់នេះដាក់អ្នក ឬធ្វើឱ្យអ្នកស៊ូទ្រាំនៅក្បែរគេមិនចង់បាន នោះបានន័យថាការដែលគេធ្វើបែបនេះគឺគ្រាន់តែគេបង្ខំចង់ឱ្យអ្នកអស់ទ្រាំជាមួយគេ ហើយឱ្យអ្នកដើរចេញពីជីវិតគេដោយខ្លួនឯងតែប៉ុណ្ណោះ។
៤យ៉ាងដែលមនុស្សប្រុសធ្វើដើម្បីបង្ខំអ្នកឱ្យដើរចេញពីជីវិតគេដោយខ្លួនឯង៖
១. ព្យាយាមធ្វើជាមានរឿងលាក់បាំង
នៅពេលដែលអ្នកឃើញថាគេកំពុងតែព្យាយាម ធ្វើជាមានរឿងលាក់បាំងអ្វីមួយជាមួយនឹងអ្នក គឺដើម្បីឱ្យអ្នករករឿងគេ ឬមិនទុកចិត្តគេដែលទាំងនេះសុទ្ធសឹងតែជាទង្វើដែលគេធ្វើ ដើម្បីចង់ឱ្យអ្នកដើរចេញពីជីវិតគេដោយខ្លួនឯងតែប៉ុណ្ណោះ ព្រោះបើគេជាអ្នកដើរចេញ គេនឹងក្លាយទៅជាអ្នកខុស ដូច្នេះមានតែធ្វើឱ្យអ្នកអស់ទ្រាំជាមួយនឹងគេ។
២. ចូលចិត្តនាំឈ្លោះ
ប្រសិនបើគេចូលចិត្តនាំអ្នកឈ្លោះខុសពីធម្មតាទាំងដែលរឿងមិនគួរឱ្យឈ្លោះ ក៏ឈ្លោះគ្នានោះ អ្នកគួរតែដឹងខ្លួនឱ្យហើយទៅ គឺបានន័យថាគេអស់ចិត្តស្រលាញ់ចំពោះអ្នក ហើយក៏ចង់បែកគ្នាជាមួយនឹងអ្នកដែរ គ្រាន់តែគេមិនចង់ឱ្យខ្លួនគេក្លាយទៅជាមនុស្សអាក្រក់ទើបធ្វើឱ្យមានជម្លោះរវាងគ្នាជាញឹកញាប់ ធ្វើឱ្យអ្នកដើរចេញដោយខ្លួនឯង។
៣. បង្ហាញឱ្យអ្នកដឹងថាគេមានអ្នកផ្សេង
មនុស្សប្រុសទោះខូចខិលមានស្រីយ៉ាងណាបើគេនៅស្រលាញ់អ្នក មិនចង់បាត់បង់អ្នកចេញពីជីវិតគេនោះ ទោះគេមានអ្នកផ្សេង ក៏គេនឹងមិនបង្ហាញឱ្យអ្នកដឹងឡើយព្រោះតែខ្លាចបាត់បង់អ្នក ប៉ុន្តែបើគេបង្ហាញចេញមកស្តែងៗ ឱ្យអ្នកបានឃើញថាគេកំពុងតែមានអ្នកផ្សេងនោះគឺព្រោះតែគេ ចង់ឱ្យអ្នកដើរចេញពីជិវិតគេដោយខ្លួនឯង ដោយមិនចាំបាច់ឱ្យគេជាអ្នកដើរចេញមុននោះទេ។
៤.ក្លាយទៅជាមនុស្សឆេវឆាវ
មនុស្សប្រុសដែលគេស្រលាញ់និងមិនចង់បាត់បង់អ្នក គេនឹងមិនប្រើអារម្មណ៍របស់គេ មកជះលើមនុស្សស្រីដែលគេស្រលាញ់នោះទេលុះត្រាតែមនុស្សប្រុសម្នាក់នោះអស់ចិត្ត និងចង់ចាកចេញពីអ្នក ទើបប្រែក្លាយទៅជាមនុស្សមានចិត្តឆេវឆាវឆាប់ខឹង ដែលធ្វើឱ្យអ្នកអស់ទ្រាំនឹងគេ ហើយក៏ដើរចេញនោះគេនឹងមិនក្លាយទៅជាមនុស្សអាក្រក់នៅក្នុងក្រសែភ្នែករបស់មនុស្សជុំវិញខ្លួន៕