ស្នេហា៖មនុស្សយើងម្នាក់ៗ ការដែលរស់នៅក្នុងការខូចចិត្តស្ទើរតែរាល់ថ្ងៃ គឺវាមិនត្រឹមតែមិនបានជួយធ្វើឱ្យជីវិត ទទួលបានភាពល្អប្រសើរទេ តែវាថែមទាំងធ្វើឱ្យជីវិតជួបតែបញ្ហានិងរស់នៅដោយគ្មានក្តីសុខទៀតផង ដូច្នេះហើយ យើងម្នាក់ៗគួរណាតែរៀនធ្វើចិត្តរឹងមាំ មិនថាជួបរឿងខូចចិត្តប៉ុណ្ណាទេ។
ជាងនេះទៅទៀតប្រសិនបើអ្នកកំពុងតែមានវិបត្តស្នេហា ឬក៏កំពុងតែខូចចិត្តដោយសារតែស្នេហា អ្វីដែលអ្នកត្រូវធ្វើគឺត្រូវធ្វើនូវរឿងរ៉ាវមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ព្រោះវាអាចជួយស្រោចស្រង់អ្នកចេញពីការខូចចិត្តដោយសារតែស្នេហារបស់អ្នកបាន។
រឿងសំខាន់៤យ៉ាង ដែលត្រូវធ្វើ បើអ្នកកំពុងតែខូចចិត្តដោយសារស្នេហា៖
១.រៀនស្រលាញ់ខ្លួនឯងឱ្យបានច្រើន
ដោយសារតែអ្នក ធ្លាប់តែស្រលាញ់អ្នកដទៃច្រើនជាងខ្លួនឯងទើបធ្វើឱ្យអ្នកដទៃមានឥទ្ធិពលខ្លាំង មកលើជីវិតអ្នក ដែលនាំឱ្យអ្នកជួបតែរឿងខូចចិត្តប៉ុន្តែប្រសិនបើអ្នកកំពុងតែខូចចិត្តហើយនោះ ជំហានដំបូង គឺអ្នកគួរតែងាកមកយកចិត្តទុកដាក់និងរៀនស្រលាញ់ខ្លួនឯង ឱ្យបានច្រើនជាងស្រលាញ់អ្នកដទៃ នោះអ្នកដទៃនឹងលែងមានឥទ្ធិពលអ្វីមកលើជីវិតអ្នក ឬអាចធ្វើឱ្យអ្នកខូចចិត្តបានទៀតឡើយ។
២.ធ្វើខ្លួនឱ្យរវល់ជាមួយកិច្ចការដែលមានប្រយោជន៍
បើអ្នកកំពុងតែខូចចិត្តអ្នកគួរតែកុំទុកពេលវេលាខូចចិត្តចោលទទេរៗ អ្នកគួរតែធ្វើខ្លួនឱ្យរវល់ ជាមួយនឹងកិច្ចណាដែលអាចមានប្រយោជន៍ដល់អនាគតអ្នកនោះអ្នកនឹងគ្មានពេល ឬនឹកឃើញរឿងរ៉ាវណា ដែលអាចធ្វើឱ្យអ្នកខូចចិត្តបានទៀតឡើយ ជាងនេះទៅទៀតនៅពេលដែលជីវិតអ្នក ទទួលបានភាពរីកចម្រើនហើយនោះ អ្នកនឹងបានដឹងថាការខូចចិត្តដោយសារតែអ្នកដទៃវាមិនបានធ្វើឱ្យជីវិតអ្នក មានភាពរីកចម្រើនឡើយ។
៣. រកមនុស្សទុកចិត្តដើម្បីនិយាយរឿងក្នុងចិត្ត
បើពិបាកចិត្តខ្លាំង ឬខូចចិត្តខ្លាំងពេក តែមិនដឹងថាធ្វើយ៉ាងណាអ្នកគួរតែរកមនុស្សណាម្នាក់ ដែលអ្នកគិតថាអាចទុកចិត្តបាន ហើយនិយាយរឿងដែលអ្នកធ្លាប់តែលាក់ក្នុងចិត្តតែម្នាក់ឯង ចេញមកក្រៅឱ្យអស់ពេលនោះហើយអ្នកនឹងបានធូរចិត្ត ហើយក៏លែងមានអារម្មណ៍ថាខ្លួនឯងឯកាទៀតដែរ។
៤.ព្យាយាមចំណាយពេលវេលាទៅណា ឬធ្វើអ្វីតែម្នាក់ឯង
បើអ្នកកំពុងតែខូចចិត្តដោយសារស្នេហា អ្វីដែលអ្នកត្រូវធ្វើ គឺអ្នកគួរតែព្យាយាមចំណាយពេលវេលារបស់អ្នក ទៅណា ឬធ្វើអ្វីតែម្នាក់ឯងឱ្យបានច្រើន នោះអ្នកនឹងកាន់តែបានស្គាល់ខ្លួនឯងច្រើនជាងមុនជាពិសេស ក៏បានធ្វើឱ្យអ្នកដឹងថា ជីវិតនេះទោះរស់នៅដោយគ្មានស្នេហា ក៏វាគ្មានបញ្ហាដែរ៕
ប្រភព៖ healthline