ស្នេហា៖ ធ្លាប់ឆ្ងល់ខ្លួនឯងដែរឬក៏អត់អាយុបណ្ណឹងហើយនៅតែមិនទាន់រកឃើញស្នេហាពិតទៀត នោះមិនមែនមកពីអ្នកមិនល្អ មិនស្អាត ឬគ្មានមន្តស្នេហ៍ទាក់ទាញអ្វីនោះទេតែមកពីទង្វើដែលអ្នកធ្វើវាឡើងមកដោយមិនដឹងខ្លួនទើបក្លាយទៅជាកំហុសធ្វើឱ្យអ្នកមិនអាចជួបស្នេហ៍ពិត។
ជាងនេះទៅទៀតការដែលអ្នកគ្មានឱកាសបានជួបស្នេហាពិតដូចជាគេ គឺវាអាចមកពីមូលហេតុទាំងនេះទើបធ្វើឱ្យអ្នកជួបតែស្នេហាខកចំណង ហើយត្រូវឈឺចាប់ម្តងហើយម្តងទៀតរហូតដល់ពេលខ្លះធ្វើឱ្យអ្នកអស់ជំនឿក្នុងរឿងស្នេហា តែបើអ្នកបានដឹងពីហេតុផលទាំងនេះ ហើយចេះកែប្រែ អ្នកច្បាស់ជាបានជួបស្នេហាពិត។
ទាំងនេះជាហេតុផល ធ្វើឱ្យអ្នកមិនអាចជួបស្នេហ៍ពិត៖
១. មិនធ្វើជាខ្លួនឯង
ពិតណាស់ មនុស្សមួយចំនួនចូលចិត្តសម្តែងធ្វើជាមនុស្សម្នាក់ផ្សេងទៀតដើម្បីផ្គាប់ចិត្តឱ្យគេលង់ស្រលាញ់ប៉ុន្តែការដែលមិនបង្ហាញភាពជាខ្លួនឯងនេះហើយ ដែលវាធ្វើឱ្យអ្នករាល់គ្នា មិនអាចជួបស្នេហាពិត និងមិនអាចជួបមនុស្សដែលស្រលាញ់អ្នកជាអ្នក ហេតុនេះហើយកុំព្យាយាមបិទបាំងចំណុចមិនល្អរបស់ខ្លួន ព្រោះមនុស្សដែលស្រលាញ់អ្នកពិតទោះអ្នកមិនមានចំណុចល្អគ្រប់យ៉ាង ក៏គេនៅតែស្រលាញ់អ្នកដែរ។
២. ចង់បានតែមនុស្សឥតខ្ជោះ
ហេតុផលដែលធ្វើឱ្យមនុស្សភាគច្រើនមិនអាចជួបស្នេហ៍ពិតនោះគឺមកពីមនុស្សភាគច្រើន ចូលចិត្តរំពឹងចង់បានមនុស្សដែលមានភាពល្អឥតខ្ជោះ ដូចតួក្នុងរឿងប្រលោមលោក មកធ្វើជាសង្សារ ដូច្នេះហើយ ប្រសិនបើអ្នករាល់គ្នាអាចកាត់បន្ថយការរំពឹងចង់បានមនុស្សល្អឥតខ្ជោះគឺអ្នកប្រាកដជាបានជួបស្នេហាពិតជាក់ជាមិនខាន។
៣. មិនចេះស្រលាញ់ខ្លួនឯង
ប្រសិនបើអ្នកមិនទាន់ទាំងចេះស្រលាញ់មើលថែខ្លួនឯង និងស្មោះត្រង់ជាមួយខ្លួនឯងផងនោះ ហើយបែរជាចង់ឱ្យអ្នកដទៃមកស្រលាញ់អ្នកពិត ដោយមិនបោកប្រាស់អ្នក គឺវាពិតជាពិបាកណាស់ ហេតុនេះហើយ បើចង់ជួបស្នេហាពិតអ្នកត្រូវចេះស្រលាញ់ និងអភិវឌ្ឍន៍ខ្លួនឯងឱ្យល្អប្រសើរជាមុនសិនទើបស្នេហាពិតវានឹងរត់មករកអ្នកដោយខ្លួនឯង ដោយមិនចាំបាច់ឱ្យអ្នករត់ដេញតាមរកវាទេ។
៤. មិនព្រមបើកឱកាសឱ្យខ្លួនឯង
អ្វីដែលធ្វើឱ្យអ្នកមិនអាចជួបស្នេហាពិតដូចដែលចិត្តចង់បាននោះភាគច្រើនគឺដោយសារតែអ្នកមិនព្រមបើកឱកាសឱ្យខ្លួនឯងបានជួបមនុស្សថ្មីៗចូលចិត្តសំងំនៅតែក្នុងបន្ទប់ ទើបគ្មានថ្ងៃបានជួបមនុស្សដែលគេស្រលាញ់អ្នកពិត ហេតុនេះព្យាយាមបើកឱកាសឱ្យខ្លួនឯងមានទំនាក់ទំនង ជាមួយនឹងមនុស្សឱ្យបានច្រើនយ៉ាងហោចណាស់ក៏អ្នកអាចស្គាល់ពីមនុស្សបានច្បាស់ជាងមុន៕