យល់ដឹង៖ នៅក្នុងទំនាក់ទំនងរវាងប្តីប្រពន្ធ មិនថាស្រលាញ់គ្នាខ្លាំងប៉ុណ្ណាទេ ប្រសិនបើបណ្តោយឱ្យជនទីបីចូលមកពាក់ព័ន្ធមិនយូរមិនឆាប់ទំនាក់ទំនងប្តីប្រពន្ធនោះ នឹងបែកបាក់គ្នាបានដោយងាយហើយបើមិនចង់ឱ្យអ្នកទីបីចូលមកបំផ្លាញទំនាក់ទំនងទេនោះប្តីប្រពន្ធត្រូវចេះការពារចំណងស្នេហារបស់ខ្លួន។
ជាងនេះទៅទៀត ប្តីប្រពន្ធឱ្យតែចេះធ្វើរឿងមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ជីវិតប្តីប្រពន្ធរបស់អ្នកទាំងពីរគឺគ្មានថ្ងៃដែលអ្នកទីបីចូលមកបំផ្លាញបានដោយងាយឡើយ អញ្ចឹងហើយ ត្រូវព្យាយាមធ្វើរឿងទាំងនេះឱ្យបានល្អដើម្បីការពារជីវិតអាពាហ៍ពិពាហ៍។
ធ្វើរឿង៣នេះឱ្យបានល្អជីវិតប្តីប្រពន្ធអ្នក គ្មានថ្ងៃមានជនទីបីបានឡើយ៖
១.បង្កើនទំនាក់ទំនងរវាងប្តីប្រពន្ធ
នៅក្នុងទំនាក់ទំនងរវាងប្តីប្រពន្ធនឹងមិនអាចមានជនទីបីបានឡើយ ប្រសិនបើប្តីប្រពន្ធចេះបង្កើនទំនាក់ទំនងរវាងគ្នាដូចជាព្យាយាមពិភាក្សារឿងរ៉ាវគ្រប់យ៉ាងជាមួយគ្នា ដោយមិនលាក់បាំងនឹងគ្នា យូរៗទៅវានឹងក្លាយទៅជាទម្លាប់មួយដែលប្តីប្រពន្ធតែងតែមានការនិយាយជាមួយគ្នាជាញឹកញាប់ដែលជាហេតុមិនអាចធ្វើឱ្យទំនាក់ទំនង ងាយឃ្លាតពីគ្នាបាន។
២.ស្រលាញ់និងទុកចិត្តគ្នា
មិនថាជនទីបីមានឥទ្ធិពលយ៉ាងណាមកលើជីវិតប្តីប្រពន្ធអ្នកទេ ប្រសិនបើអ្នកទាំងពីរតែងតែស្រលាញ់ និងទុកចិត្តលើគ្នាទៅវិញទៅមក គឺគ្មានអ្វីមកបំបែកបំបាក់បានឡើយ ព្រោះប្តីប្រពន្ធរស់នៅជាមួយគ្នា គឺត្រូវការការជឿជាក់លើគ្នា អញ្ចឹងហើយ ជនទីបីមិនអាចមកបំផ្លាញទំនាក់ទំនងជីវិតប្តីប្រពន្ធអ្នកបានឡើយតែបើអ្នកសាកតែមិនទុកចិត្តគ្នា ជនទីបីនឹងបានដៃបំផ្លាញជីវិតអាពាហ៍ពិពាហ៍របស់អ្នកបានដោយងាយបំផុត។
៣. គាំទ្រនិងគោរពគ្នាទៅវិញទៅមក
ប្តីប្រពន្ធឱ្យតែចេះគាំទ្រនិងគោរពគ្នាទៅវិញទៅមក គឺមិនអាចមានបញ្ហានឹងគ្នាបានឡើយ ផ្ទុយទៅវិញកាន់តែមានភាពស្និទ្ធស្នាល និងបង្កើនមនោសញ្ចេតនារវាងគ្នា ហើយបើប្តីប្រពន្ធអ្នកទាំងពីរ តែងតែគាំទ្រ និងយល់ពីគ្នាបែបនេះ មិនថាជនទីបីល្អយ៉ាងណា ក៏អ្នកទាំងពីរមិនងាយចោលគ្នាដែរ ដូច្នេះការគាំទ្រនិងការគោរពគ្នា គឺជាអ្វីដែលអាចរក្សាចំណងអាពាហ៍ពិពាហ៍ឱ្យកាន់តែរឹងមាំ៕