យល់ដឹង៖ តួនាទីរបស់មនុស្សប្រុសជាប្តីគឺត្រូវស្រលាញ់ ថ្នាក់ថ្នមនិងមើលថែប្រពន្ធខ្លួនឱ្យមានក្តីសុខតែបើអ្នកជាប្តីម្នាក់ មិនដែលខ្វាយខ្វល់ពីសុខទុក្ខរបស់ប្រពន្ធទេនោះ អ្នកគឺជាប្តីដែលគ្មានទំនួលខុសត្រូវហើយក៏មិនស័ក្កសមធ្វើជាប្តីគេដែរ។
ជាងនេះទៅទៀត ចំពោះមនុស្សប្រុសជាប្តីដែលគេស្រលាញ់ប្រពន្ធគឺគេតែងតែខ្វាយខ្វល់ពីសុខទុក្ខជាពិសេសមិនឱ្យប្រពន្ធគេលំបាកជាមួយនឹងរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះទេព្រោះក្តីសុខរបស់គេ គឺចង់ឱ្យប្រពន្ធគេរស់នៅបានសុខស្រួលនិងមានក្តីសុខបំផុត។
ប្តីដែលស្រលាញ់ប្រពន្ធគឺមិនឱ្យប្រពន្ធលំបាករឿងទាំងនេះឡើយ៖
១. ការងារផ្ទះ
ទោះការងារផ្ទះវាជាតួនាទីរបស់មនុស្សស្រីដែលជាប្រពន្ធក៏ពិតមែន តែមិនមែនមានន័យថាមនុស្សប្រុសជាប្តី មិនអាចជួយសម្រាលការងាររបស់ប្រពន្ធបាននោះទេព្រោះការងារផ្ទះ ថ្វីត្បិតតែមិនចេញក្រៅ ត្រូវថ្ងៃត្រូវភ្លៀងក៏ដោយតែការងារផ្ទះ ក៏ហត់មិនចាញ់នឹងការងារខាងក្រៅប៉ុន្មានដែរ។ ជាងនេះទៅទៀតប្តីដែលស្រលាញ់ប្រពន្ធ គឺមិនបណ្តោយឱ្យប្រពន្ធលំបាកជាមួយនឹងការងារផ្ទះតែម្នាក់ឯងនោះទេគេតែងតែជួយសម្រាលជានិច្ច។
២. រកលុយ
ប្តីដែលគេស្រលាញ់ប្រពន្ធពិតគេមិនឱ្យប្រពន្ធចេញទៅរកលុយនោះទេ គេសុខចិត្តឱ្យប្រពន្ធនៅផ្ទះមើលថែផ្ទះនិងកូនៗវិញ ចំណែកឯគេគឺប្រឹងប្រែងរកលុយជាងមុន មិនឱ្យប្រពន្ធលំបាកឡើយ បែបនេះហើយបានស័ក្កសមជាមនុស្សប្រុសជាប្តី ដែលមានទំនួលខុសត្រូវខ្ពស់ ក្នុងការយកកូនស្រីគេមកនៅជាមួយ។
៣. កើតទុក្ខ
ដាច់ខាតគេមិនឱ្យប្រពន្ធដេកកើតទុក្ខដោយសារតែការខ្វាយខ្វល់ឬមិនទុកចិត្តលើគេ ខ្លាចថាគេមានស្រីក្រៅនោះទេ មនុស្សប្រុសជាប្តីដែលស្រលាញ់ប្រពន្ធគេតែងតែផ្តល់ទំនុកចិត្តឱ្យប្រពន្ធបានជឿជាក់លើគេជានិច្ច ធ្វើអ្វីក៏មិនលាក់លៀម ឱ្យប្រពន្ធសង្ស័យច្រើន ដែលជាហេតុធ្វើឱ្យប្រពន្ធដេកកើតតែទុក្ខដែរ។
៤. បាក់សម្រស់
ប្តីដែលគេយល់ពីប្រពន្ធច្បាស់គេច្បាស់ជាដឹងហើយ សម្រាប់មនុស្សស្រីអ្វីដែលសំខាន់គឺសម្រស់ដូច្នេះប្តីដែលស្រលាញ់ប្រពន្ធ គេមិនបណ្តោយឱ្យប្រពន្ធហត់នឿយលំបាកឬត្រូវបាក់សម្រស់ដោយសារការមានកូន ឬប្រឹងប្រែងដើម្បីគ្រួសារនោះទេ លើសពីនេះ គេមានតែលើកទឹកចិត្ត និងឱ្យប្រពន្ធបានតុបតែងខ្លួនស្អាតៗ ព្រោះវាជាសេចក្តីសុខរបស់ប្រពន្ធគេ៕