យល់ដឹង៖ មនុស្សស្រីគ្រប់រូបត្រូវដឹង ការរស់នៅក្នុងសង្គមមនុស្សសព្វថ្ងៃនេះ តម្រូវឱ្យមានការយល់ដឹង និងចេះបែងចែករឿងណាដែលមានប្រយោជន៍សម្រាប់ខ្លួនឯងព្រោះថាជីវិតមួយនេះ វានឹងពោរពេញទៅដោយរឿងរ៉ាវ និងបញ្ហាជាច្រើន។
ហេតុនេះហើយមនុស្សស្រីប្រសិនបើចង់តាមទាន់គេឯងក្នុងសង្គម និងមិនងាយរងគ្រោះដោយសារអ្នកណា អ្នកត្រូវដឹង និងចេះបែងចែករឿងមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ បើមិនអញ្ចឹងទេ អ្នកតាមមិនទាន់គេឡើយព្រោះក្នុងសង្គមមួយនេះ សម្បូរទៅដោយល្បិចកិចកលច្រើនណាស់ អ្នកងាយនឹងត្រូវបានគេធ្វើបាប។
មនុស្សស្រីឆ្លាតត្រូវដឹង និងចេះបែងចែករឿងទាំងនេះ៖
១. លើលោកនេះគ្មានរបស់Freeឡើយ
ជាការពិតណាស់នៅលើលោកនេះគ្មានរបស់Freeសម្រាប់អ្នកឡើយ បែបនេះហើយ កុំទាន់សប្បាយអរជាមួយនឹងរបស់Freeដែលគេឱ្យ ព្រោះការដែលគេផ្តល់អ្វីមួយឱ្យអ្នកដោយFree គេតែងតែមើលឃើញ និងរំពឹងចង់បានអ្វីមួយពីអ្នកដូចគ្នា ដូច្នេះមនុស្សស្រីឆ្លាត ត្រូវដឹង និងចេះបែងចែកឱ្យដាច់បើមិនអញ្ចឹងទេ ងាយនឹងត្រូវគេបោកប្រាស់បានខ្លាំងណាស់។
២.មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែល្អនឹងអ្នក
ការគិតថាមនុស្សគ្រប់គ្នាសុទ្ធតែល្អជាមួយអ្នកវាជារឿងល្អព្រោះវានឹងធ្វើឱ្យអ្នកមានភាពវិជ្ជមាននៅក្នុងខ្លួន ប៉ុន្តែការគិតវិជ្ជមានបែបនេះពេក វានឹងធ្វើឱ្យអ្នកមើលមិនឃើញថាអ្នកណាល្អនៅតែពីមុខអ្នក ព្រោះថាមិនមែនមនុស្សគ្រប់គ្នាគេសុទ្ធតែល្អនិងស្មោះត្រង់ជាមួយនឹងអ្នកនោះទេ ប្រុងប្រយ័ត្នខ្លះក៏ល្អដើម្បីកុំឱ្យក្លាយជាមនុស្សល្ងង់។
៣. សម្តីអ្នកដទៃគ្រាន់តែចង់បំបាក់អ្នក
មនុស្សស្រីឆ្លាតគ្រប់រូបគួរដឹងសម្តីរបស់អ្នកដទៃដែលនិយាយដាក់អ្នក វាគ្រាន់តែជាខ្យល់ឬគ្រាន់តែចង់បំបាក់អ្នកតែប៉ុណ្ណោះ ដូច្នេះត្រូវចេះបែងចែករវាងពាក្យសម្តីណាល្អ និងពាក្យសម្តីណាដែលមិនគួរយកមកទុកក្នុងចិត្ត ព្រោះយើងម្នាក់ៗ មិនអាចហាមឃាត់គេមិនឱ្យនិយាយបាននោះទេ តែយើងអាចហាមខ្លួនឯង មិនឱ្យយកមកទុកក្នុងចិត្តបាន។
៤. គ្មានអ្នកណាអាចធ្វើឱ្យអ្នកឈឺ
ពិតណាស់គ្មានអ្នកណាម្នាក់អាចមកធ្វើឱ្យអ្នកឈឺបាននោះទេ ប្រសិនបើអ្នកមិនអនុញ្ញាតិឱ្យគេមានឥទ្ធិពលមកលើជីវិត និងអារម្មណ៍របស់អ្នកហេតុនេះហើយ មនុស្សស្រីឆ្លាតគ្រប់រូបត្រូវដឹងថា គ្មានអ្នកណាស្រលាញ់អ្នករហូតនោះទេថ្ងៃណាមួយគេនឹងអស់ចិត្តស្រលាញ់អ្នក ដូច្នេះត្រូវចេះស្រលាញ់ខ្លួនឯងឱ្យបានច្រើនទើបមិនសូវជួបរឿងឈឺចាប់៕