យល់ដឹង៖ អ្នកណាក៏ដូចអ្នកណា គឺតែងតែចង់ឱ្យខ្លួនឯងរស់នៅក្នុងភាពរឹងបុឹងព្រោះថាជីវិតនេះ វារមែងតែនាំឱ្យយើងរាល់គ្នាជួបនូវបញ្ហាជាច្រើន ដែលពេលខ្លះសឹងតែធ្វើឱ្យយើងចុះចាញ់វាទៀតផងប៉ុន្តែមានតែភាពរឹងបុឹងទេ ទើបជួយឱ្យយើងអាចយកឈ្នះវាបាន។
ដូច្នេះហើយ ប្រសិនជាអ្នករាល់គ្នាចង់រស់នៅដោយមានភាពរឹងបុឹងហើយក៏គ្មានអ្វីដែលអាចមកបំបាក់អ្នកឱ្យទន់ជ្រាយបាន អ្នករាល់គ្នាត្រូវចងចាំទុកនូវឃ្លាដ៏សំខាន់មួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះអ្នកនឹងអាចឆ្លងកាត់នូវបញ្ហាជីវិតជាច្រើនបានដោយងាយ។
៤ឃ្លាដែលត្រូវចាំទុកបើចង់រស់នៅដោយរឹងបុឹង៖
១.«កុំមានការរំពឹងខ្ពស់»
អ្វីដែលអ្នករាល់គ្នាត្រូវចងចាំទុកនោះគឺត្រូវប្រាប់ខ្លួនឯងកុំឱ្យមានការរំពឹងខ្ពស់ខ្លាំងពេកទើបអ្នកមិនសូវជួបនូវការខកចិត្តខ្លាំង ព្រោះកាលណាតែមានការរំពឹងខ្ពស់ខ្លាំងប៉ុណ្ណាការខកចិត្តដែលទទួលបាន វាក៏ខ្លាំងប៉ុណ្ណឹងដូចគ្នា អញ្ចឹងហើយ បើចង់រស់នៅក្នុងភាពរឹងបុឹងមិនងាយបាក់ស្បាតទៅណាដាច់ខាតកុំរំពឹងខ្ពស់ទៅលើអ្វីមួយខ្លាំងពេក។
២. «ត្រូវរស់នៅជាខ្លួនឯង»
ការរស់នៅធ្វើជាខ្លួនអ្នកដទៃវាមិនស្រួលនោះទេអ្នកត្រូវផ្លាស់ប្តូរខ្លួនឯងស្ទើរគ្រប់យ៉ាង ហើយការដែលផ្លាស់ប្តូរនោះ វាក៏ធ្វើឱ្យអ្នកបាក់ទឹកចិត្តដោយមិនដឹងខ្លួនទៀតផង ដូច្នេះបើចង់រស់នៅដោយរឹងបុឹងនិងមានភាពជឿជាក់លើខ្លួនឯង អ្នកត្រូវចងចាំទុកថា ត្រូវរស់នៅជាខ្លួនឯងជានិច្ចហើយក៏កុំផ្លាស់ប្តូរខ្លួនឯង ដើម្បីតែផ្គាប់ចិត្តអ្នកណាឱ្យសោះ។
៣. «ជីវិតមិនចេះតែកើតទុក្ខរហូតទេ»
វាមិនចម្លែកទេដែលជីវិតជួបតែបញ្ហា ព្រោះអ្នកណាក៏ជួបនូវបញ្ហាជីវិតដែរគ្រាន់តែគេមិនជ្រើសយកការកើតទុក្ខច្រើន ហេតុនេះហើយ នៅពេលដែលអ្នកជួបនូវទុក្ខលំបាកឬបញ្ហាអ្វីមួយ អ្នករាល់គ្នាត្រូវចងចាំទុកថា ជីវិតនេះវាមិនចេះតែកើតទុក្ខរហូតទេគ្រប់យ៉ាងវានឹងល្អប្រសើរ នៅពេលដែលអ្នកជ្រើសយកសេចក្តីសុខ ច្រើនជាងសេចក្តីទុក្ខ។
៤. «ត្រូវរស់នៅដោយមានក្តីសង្ឃឹម»
ប្រសិនបើអ្នករាល់គ្នា ចង់រស់នៅដោយមានភាពរឹងបុឹង អ្នករាល់គ្នាក៏ត្រូវតែរស់នៅដោយមានក្តីសង្ឃឹមដែរព្រោះនៅក្នុងជីវិតមួយនេះ វាគ្មានពាក្យថាហួសពេលឡើយ សំខាន់ឱ្យតែអ្នកចេះប្រឹងប្រែងនិងប្រាប់ខ្លួនឯងឱ្យមានក្តីសង្ឃឹមទៅលើអ្វីដែលខ្លួនចង់ឱ្យសម្រេច គ្រប់យ៉ាងវានឹងបានជោគជ័យ ដូចចិត្តដែលអ្នកចង់បានជាក់ជាពុំខាន៕