យល់ដឹង៖ ការសម្លុត ការគំរាមគំហែងនិងការធ្វើបាបក្នុងន័យលេងសើច ដែលមនុស្សទូទៅតែងតែហៅថាជាការBully ហើយការBullyវាពិតជាបានធ្វើឱ្យប៉ះពាល់ទៅដល់សតិអារម្មណ៍របស់មនុស្សគ្រប់គ្នាខ្លាំងណាស់ មិនថានៅក្នុងវ័យណាមួយឡើយជាងនេះទៅទៀត ការBullyវាក៏អាចធ្វើឱ្យមនុស្សម្នាក់ ឈានទៅដល់ការសម្លាប់ខ្លួនទៀតផង ប្រសិនបើឱ្យប៉ះពាល់ទៅដល់សតិអារម្មណ៍ជាខ្លាំងនោះ។
ម្យ៉ាងវិញទៀត អ្នកណាៗក៏តែងតែជួបនូវការBully ពីសំណាក់មនុស្សជុំវិញខ្លួនដែរទោះពេលខ្លះវាគ្រាន់តែជាការលេងសើចទៅលើរូបរាង ពណ៌សម្បុរឬរើសអើងភេទក៏ដោយ ប៉ុន្តែវាពិតជាបានធ្វើឱ្យប៉ះពាល់ទៅលើសតិអារម្មណ៍ខ្លាំងណាស់ ហេតុនេះហើយដើម្បីកុំឱ្យការBully របស់អ្នកដទៃជះឥទ្ធិពល មកលើសតិអារម្មណ៍របស់យើងគ្រប់គ្នាបានយើងត្រូវតែចេះព្យាយាមស្វែងរកដំណោះស្រាយ។
ដើម្បីកុំឱ្យប៉ះពាល់ដល់សតិអារម្មណ៍នៅពេលត្រូវគេBully តើគួរធ្វើយ៉ាងណាទៅ?
១. កុំសូវយកចិត្តទុកដាក់លើការនិយាយឬរឿងរបស់អ្នកដទៃ
នៅពេលដែលអ្នកព្យាយាមប្រាប់ខ្លួនឯង កុំឱ្យសូវយកចិត្តទុកដាក់ ទៅលើការនិយាយនិងរឿងរបស់អ្នកដទៃនោះទោះជាមនុស្សទាំងនោះនិយាយមើលងាយទៅលើរូបរាង ពណ៌សម្បុរឬក៏ភេទរបស់អ្នកក៏ដោយក៏វាមិនអាចជះឥទ្ធិពលខ្លាំង មកលើសតិអារម្មណ៍របស់អ្នកបានដែរ ដូច្នេះហើយរឿងណាដែលគ្មានប្រយោជន៍ឬក៏ឥតបានការ គួរណាតែកុំយកចិត្តទុកដាក់ ហើយគួរតែនៅឱ្យឆ្ងាយពីមនុស្សទាំងនោះ។
២. ព្យាយាមកែលំអរខ្លួនឯង
នៅពេលដែលអ្នកប្រែក្លាយខ្លួនឯង ឱ្យក្លាយទៅជាមនុស្សម្នាក់ដែលខ្លួនអ្នកគិតថាមានភាពល្អគ្រប់គ្រាន់នោះអ្នកនឹងមើលឃើញពីតម្លៃរបស់ខ្លួនឯង ទោះត្រូវអ្នកដទៃនិយាយឬធ្វើអ្វីមិនល្អក៏ដោយ ក៏អ្នកអាចរឹងមាំគ្រប់គ្រាន់ ក្នុងការជម្នះនូវការBullyពីអ្នកដទៃដែរ ហើយអ្នកក៏មិនត្រូវទទួលរងនូវសតិអារម្មណ៍ខ្លាំង ដែលអាចធ្វើឱ្យអ្នកឈានទៅដល់ការបាក់ទឹកចិត្តបានដែរ។
៣.កុំព្យាយាមលាក់ទុក្ខតែម្នាក់ឯង
បើទ្រាំមិនបាននឹងការលាក់ទុក្ខតែម្នាក់ឯងដោយសារតែត្រូវបានអ្នកដទៃមើលងាយនិងធ្វើបាប អ្នកគួរតែជ្រើសរើសយកការចែករំលែកទុក្ខលំបាក និងស្វែងរកដំណោះស្រាយពីមនុស្សដែលអ្នកទុកចិត្ត នោះអ្នកនឹងមិនត្រឹមតែទទួលបាននូវអារម្មណ៍ថាសុវត្ថិភាព និងកក់ក្តៅដែលមានមនុស្សនៅក្បែរអ្នកទេតែមនុស្សដែលអ្នកបានចែករំលែកទុក្ខលំបាកជាមួយនោះក៏អាចផ្តល់ជាដំណោះស្រាយដ៏ល្អសម្រាប់អ្នកទៀតផង។
៤. កុំបណ្តោយឱ្យមនុស្សទាំងនោះនិយាយឬធ្វើអ្វីបានតាមតែចិត្ត
ព្រោះតែរាល់ពេលដែលគេមើលងាយឬធ្វើបាបអ្នក អ្នកតែងតែមិនតបត ហើយបណ្តោយឱ្យគេធ្វើអ្វីតាមតែចិត្ត ទើបមនុស្សទាំងនោះគិតថាអ្នកជាមនុស្សល្ងង់ ដែលអាចយកអ្នកមកលេងសើចបាន ដូច្នេះហើយកុំបណ្តោយឱ្យមនុស្សទាំងនោះ និយាយឬធ្វើអ្វីលើអ្នកបានតាមតែចិត្ត អ្នកគួរតែមានភាពក្លាហានក្នុងការនិយាយតទល់ ទៅនឹងមនុស្សទាំងនោះឱ្យបានដឹងសខ្មៅ រួចប្រាប់ឱ្យពួកគេបញ្ឈប់នូវការរើសអើង និងទង្វើទាំងនោះ មកកាន់រូបអ្នក នោះគេនឹងរាងចាលហើយមិនហ៊ានបន្តសកម្មភាពBullyចំពោះអ្នកទៀត។ បែបនេះហើយ ជម្រើសចុងក្រោយក្នុងការដែលអ្នកត្រូវបានគេBullyនោះគឺមានតែតតាំងទៅនឹងពួកគេ ទើបអ្នកអាចការពារផ្លូវចិត្តខ្លួនឯងមិនឱ្យទ្រុឌទ្រោមដោយសារតែមនុស្សទាំងនោះបានតទៀត៕
ប្រភព៖ stompoutbulling