យល់ដឹង៖ ភាពស្រស់ស្អាតមិនមែនសំដៅទៅលើតែរូបរាង និងសម្រស់នៅពីខាងក្រៅនោះទេតែភាពស្រស់ស្អាតកើតចេញពីខាងក្នុង ហើយបើទោះបីជាអ្នកកើតមក គ្មានសម្រស់ស្រស់ស្អាត ឬពូកែដូចគេក៏ដោយ ក៏មិនគួរអន់ចិត្តជាមួយខ្លួនឯងដែរ តែអ្នកត្រូវចងចាំអ្វីផ្សេងដែលសំខាន់ជាងនេះ។
ដូច្នេះហើយ ទោះកើតមកមិនមែនជាស្រីស្អាត ឬពូកែដូចគេក៏ពិតមែន តែក៏មិនមែនបានន័យថា អ្នករស់នៅគ្មានក្តីសុខនោះទេម្យ៉ាងមនុស្សម្នាក់ៗតែងតែមានភាពស្រស់ស្អាតរៀងៗខ្លួន ឈប់អន់ចិត្តជាមួយខ្លួនឯង ហើយចាប់ផ្តើមចងចាំរឿងទាំងនេះវិញ ទើបជីវិតមានន័យ។
ទោះកើតមកមិនមែនជាស្រីស្អាត ឬពូកែដូចគេ តែអ្នកត្រូវចងចាំរឿងទាំងនេះ៖
១. ត្រូវមានចំណេះ
មនុស្សស្រីគ្រប់រូបត្រូវចងចាំថា ទោះអ្នកកើតមកមិនមានសម្រស់ស្រស់ស្អាត ស្បែកសមុខរលោងបែបណាក៏ដោយ តែអ្នកត្រូវតែប្រឹងប្រែងរកចំណេះជំនាញដាក់ខ្លួន ទើបគ្មានអ្នកណាម្នាក់ហ៊ានមើលងាយអ្នកបានម្យ៉ាងប្រសិនបើអ្នកមានចំណេះជំនាញ អ្នកនឹងមានសមត្ថភាពក្នុងការជួយខ្លួនឯងក៏ដូចជាជួយដល់គ្រួសារ។
២. ត្រូវមានសន្តានចិត្តល្អ
ទោះសម្រស់ពីខាងក្រៅមិនស្អាត និងមិនពូកែដូចជាមនុស្សស្រីដទៃក៏ដោយអ្វីដែលអ្នកត្រូវចងចាំគឺត្រូវតែមានសន្តានចិត្តល្អជានិច្ចឃើញគេជួបការលំបាក ត្រូវចេះជួយសម្រាលទុក្ខលំបាករបស់គេ ទៅតាមសមត្ថភាពរបស់ខ្លួនដែលអាចជួយបាននោះមិនថាអ្នកទៅដល់ទីណាទេ ក៏នឹងមានតែមនុស្សស្រលាញ់ចូលចិត្ត បើទោះបីជាអ្នកគ្មានសម្រស់ស្រស់ស្អាតទាក់ទាញក៏ដោយ។
៣. មានភាពស្រស់ស្អាតជារបស់ខ្លួនឯង
អ្នករាល់គ្នាអាចនឹងមើលឃើញថាភាពស្រស់ស្អាត ប្រហែលជាសំដៅទៅលើសម្រស់ស្រស់ស្អាត ស្បែកសនិងរូបរាងស្អាត ប៉ុន្តែបើទោះបីជាអ្នកគ្មានចំណុចទាំងនេះក៏មិនមែនបានន័យថាអ្នកមិនស្រស់ស្អាតនោះទេ គ្រាន់តែអ្នកមានភាពស្រស់ស្អាតទៅតាមបែបអ្នកតែប៉ុណ្ណោះព្រោះភាពស្រស់ស្អាតមិនអាចកំណត់បានទេ ម្នាក់ៗគឺសុទ្ធតែមានភាពស្រស់ស្អាតរៀងៗខ្លួនដូច្នេះឈប់តូចចិត្តជាមួយខ្លួនឯង រីករាយនឹងអ្វីដែលខ្លួនអ្នកមាន។
៤. ជាសមត្ថភាពដែលអ្នកបានប្រឹងប្រែង
កុំតូចចិត្ត ប្រសិនបើអ្នកកើតមកមិនស្រស់ស្អាត មិនពូកែដូចជាមនុស្សស្រីផ្សេង តែអ្នកត្រូវចាំថាប្រសិនបើអ្នកបានប្រឹងប្រែងធ្វើអ្វីមួយ ឱ្យអស់ពីសមត្ថភាពប៉ុន្តែលទ្ធផលចុងក្រោយមិនដូចជាការរំពឹងទុក ឬគ្មានអ្នកលើកទឹកចិត្តនិងកោតសរសើរអ្នក អ្នកត្រូវចាំថាអ្នកពូកែបំផុតសម្រាប់ខ្លួនឯង ព្រោះអ្នកបានប្រឹងអស់ពីសមត្ថភាពទៅហើយ៕