យល់ដឹង៖ កើតមកជាមនុស្សប្រុសដែលមានមន្តស្នេហ៍ស្រីៗតាមស្រលាញ់ច្រើន វាអាចជារឿងសំណាងមួយដែលប្រុសផ្សេងៗទៀតមិនអាចមានប៉ុន្តែទោះជាអ្នកមានមន្តស្នេហ៍យ៉ាងណាក៏ដោយ ក៏មិនគួរភ្លេចខ្លួនធ្វើឱ្យខូចឈ្មោះជាសុភាពបុរសដែរ ហើយមនុស្សប្រុសពិតគេមិនធ្វើបាបចិត្តមនុស្សស្រីឡើយ។
ដូច្នេះហើយសម្រាប់មនុស្សប្រុស បើថាមិនស្រលាញ់គេទេដាច់ខាតកុំធ្វើរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះដាក់មនុស្សស្រីណាដែលគេខំស្រលាញ់ និងលះបង់ដើម្បីអ្នកឱ្យសោះ ព្រោះអ្នកក៏មានម្តាយមានប្អូនជាមនុស្សស្រីដែរ គួរតែយកគេដាក់ចិត្តខ្លួនឯង។
ប្រុសៗ បើថាមិនស្រលាញ់គេទេកុំធ្វើរឿងទាំងនេះ៖
១. ផ្តល់ក្តីសង្ឃឹម
បើថាមិនស្រលាញ់ទេកុំនៅតែផ្តល់ក្តីសង្ឃឹមឱ្យមនុស្សស្រីឱ្យសោះ ព្រោះថាសូម្បីតែទង្វើសាមញ្ញៗខ្លះក៏អាចឱ្យមនុស្សស្រីដែលស្រលាញ់អ្នក គេយកមកដេកគិតបានដែរ ដូច្នេះបើមិនស្រលាញ់គួរតែប្រាប់ថាមិនស្រលាញ់ កុំខ្លាចចិត្ត ព្រោះការដែលអ្នកមិនប្រាប់តាមត្រង់ ហើយប្រឹងសម្តែងធ្វើល្អដាក់គេ មានតែធ្វើបាបចិត្តកូនស្រីគេនោះទេ។
២. យកមកលេងសើច
កុំព្រោះតែភាពសង្ហាមានមន្តស្នេហ៍របស់អ្នក ធ្វើឱ្យអ្នកមិនបានគិត ឬមិនខ្វល់ពីអារម្មណ៍មនុស្សដែលខំស្រលាញ់អ្នកឱ្យសោះ បើថាមិនបានស្រលាញ់គេពិតប្រាកដទេកុំយកគេមកលេងសើច ព្រោះមនុស្សស្រីក៏មានបេះដូង មានចិត្តសម្រាប់ចេះឈឺម្យ៉ាងអ្នកក៏មានសមាជិកគ្រួសារជាមនុស្សស្រីដែរ កុំធ្វើបាបចិត្តកូនស្រីគេព្រោះបាបកម្មមានពិត។
៣. ទាញយកផលប្រយោជន៍
ពិតជាមានមនុស្សប្រុសបែបនេះមែនអាងតែខ្លួនឯងជាប្រុសស្អាត មិនបានស្រលាញ់គេពិតប្រាកដទេ តែបែរជាយកគេមក ដើម្បីទាញយកផលប្រយោជន៍ទៅវិញដែលវាពិតជាបង្ហាញពីតម្លៃរបស់មនុស្សប្រុសម្នាក់នោះខ្លាំងណាស់ អញ្ចឹងហើយ បើថាមិនបានស្រលាញ់គេទេ កុំទាញយកផលប្រយោជន៍ពីមនុស្សម្នាក់ ដែលខំស្រលាញ់អ្នកពិតឱ្យសោះ ព្រោះថាអ្នកអាចនឹងមិនរកបានមនុស្សដែលស្រលាញ់អ្នកពិតបែបនេះ។
៣. បដិសេធដោយគំរោះគំរើយ
យើងម្នាក់ៗមិនអាចបង្ខំអ្នកណាឬខ្លួនឯងឱ្យទៅស្រលាញ់មនុស្សដែលយើងមិនបានស្រលាញ់នោះទេ តែទោះជាយ៉ាងណាក៏ដោយសម្រាប់មនុស្សប្រុសបើថាមិនស្រលាញ់ហើយ គួរតែនិយាយតាមបែបជាសុភាពបុរសកុំបដិសេធដោយការបំបាក់ទឹកចិត្តគេថែម ព្រោះវាគ្មានភាពជាសុភាពបុរសទេហើយធ្វើឱ្យកូនស្រីគេខូចចិត្ត ដោយសារតែខ្លួនអ្នកនិយាយស្តីមិនចេះគិតគូបានវែងឆ្ងាយទៀត៕