យល់ដឹង៖ នៅក្នុងទំនាក់ទំនងរវាងប្តីប្រពន្ធគឺជៀសមិនផុតពីការជួបនូវបញ្ហាជីវិតគូទេ តែវាអាស្រ័យទៅលើមនុស្សពីរនាក់ដែលជាប្តីប្រពន្ធនឹងគ្នាដែរ ថាចេះសម្របទៅតាមបញ្ហាទាំងនោះដែរឬក៏អត់ព្រោះបញ្ហាខ្លះកើតឡើងមក ធ្វើឱ្យជីវិតគូ ពិបាកបន្តដំណើទៅមុខជាមួយគ្នាណាស់។
ដូច្នេះហើយ ប្តីប្រពន្ធគួរតែកុំបណ្តោយឱ្យរឿងខ្លះ កើតឡើងលើទំនាក់ទំនងរវាងប្តីប្រពន្ធអ្នកទាំងពីរឱ្យសោះព្រោះបើជួបប្រទះនូវរឿងទាំងនោះហើយ ជម្រើសតែមួយគត់ដែលល្អក្នុងការដោះស្រាយ គឺមានតែការលែងលះបែងចែកផ្លូវគ្នាដើរតែប៉ុណ្ណោះ។
ប្តីប្រពន្ធ បើជួបរឿងទាំងនេះការលែងលះគឺជាជម្រើសតែមួយគត់៖
១.ការផិតក្បត់ចិត្តគ្នា
ពិតណាស់ នៅក្នុងទំនាក់ទំនងរវាងប្តីប្រពន្ធការយោគយល់និងចេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកវាជារឿងសំខាន់ តែប្រសិនបើកើតមានរឿងផិតក្បត់ចិត្តគ្នាឡើងមកគឺពិបាកនឹងយោគយល់លឱ្យគ្នាខ្លាំងណាស់ ហើយជម្រើសតែមួយគត់ ដែលល្អសម្រាប់ប្តីប្រពន្ធគឺការលែងលះគ្នាព្រោះបើយោគយល់ ហើយបន្តរស់នៅធម្មតា ដូចជាគ្មានរឿងអ្វីកើតឡើងវាពិបាកសម្រាប់ម្ខាងទៀតដែលខំស្មោះត្រង់ជាមួយណាស់។
២.អំពើហិង្សាទាំងផ្លូវចិត្តនិងផ្លូវកាយ
ប្រសិននៅក្នុងទំនាក់ទំនងរវាងប្តីប្រពន្ធអ្នកតែងតែកើតមានរឿងអំពើហិង្សា មិនថាផ្លូវចិត្តឬផ្លូវកាយ ការជ្រើសរើសយកការលែងលះគ្នា វាជារឿងមួយគត់ដែលគួរធ្វើ ព្រោះមនុស្សយើងម្នាក់ៗ រៀបការដើម្បីបង្កើតគ្រួសារដ៏មានក្តីសុខមួយ តែបើរៀបការហើយ ជីវិតរស់ពិបាកជាងស្លាប់ទៀតនោះមានឈ្មោះជាពោះម៉ាយ ឬមេម៉ាយល្អជាង។
៣.បាត់បង់ភាពស្និទ្ធស្នាលរវាងគ្នា
ប្តីប្រពន្ធបើបាត់បង់ភាពស្និទ្ធស្នាលរវាងគ្នាហើយនោះទោះប្រឹងបន្តទៅមុខទៀតក៏គ្មានន័យអ្វីដែរព្រោះក្តីសុខរវាងប្តីប្រពន្ធគឺការចេះផ្តល់ភាពកក់ក្តៅ ក្តីស្រលាញ់និងការយកចិត្តទុកដាក់លើគ្នាបើម្នាក់ៗតែងតែសោះកក្រោះដាក់គ្នា រស់នៅជាមួយគ្នាមានតែពាក្យថាទ្រាំនោះ ជម្រើសដែលល្អតែមួយគត់គឺមានតែការលែងលះ បែងចែកផ្លូវគ្នាដើរតែប៉ុណ្ណោះ។
៤. រស់នៅរៀងខ្លួន
បន្តធ្វើជាប្តីប្រពន្ធនឹងគ្នាធ្វើអ្វីទៀតបើម្នាក់ៗធ្វើខ្លួនរស់នៅដាច់ដោយឡែកពីគ្នា ហាក់បីដូចជាអ្នកដទៃនោះ ម្យ៉ាងរស់នៅបែបនេះគឺមានតែធ្វើឱ្យកូនៗមានបញ្ហាផ្លូវចិត្តព្រោះខ្វះភាពកក់ក្តៅនិងក្តីស្រលាញ់ពីឪពុកម្តាយហើយក៏គ្មានកូនណាសប្បាយចិត្តនឹងឃើញឪពុកម្តាយខ្លួនធ្វើខ្លួនដូចជាអ្នកដទៃដែរ ដូច្នេះហើយបើជ្រុលជាចង់រស់នៅរៀងខ្លួនហើយ គួរតែលែងលះគ្នាឱ្យដាច់ស្រេចទើបម្នាក់ៗអាចមានឱកាសស្វែងរកក្តីសុខថ្មី៕