យល់ដឹង៖វាជារឿងដែលពិបាកមួយ សម្រាប់ប្តីប្រពន្ធដែលរួមរស់នៅជាមួយគ្នាដោយគ្មានភាពចុះសម្រុងនឹងគ្នាព្រោះវានឹងធ្វើឱ្យជីវិតគូមានក្តីទុក្ខ ច្រើនជាងក្តីសុខហើយក៏មិនអាចជួយថែរក្សាទំនាក់ទំនងរវាងប្តីប្រពន្ធ ឱ្យកាន់តែរឹងមាំបានដែរ។។
ដូច្នេះហើយប្រសិនបើអ្នករាល់គ្នា កំពុងតែជួបនូវបញ្ហាដែលប្តីប្រពន្ធអ្នកទាំងពីរមិនមានភាពចុះសម្រុងគ្នា អ្នកអាចសាកល្បងជាមួយនឹងវិធីដោះស្រាយមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះបាន វាអាចនឹងជួយធ្វើឱ្យប្តីប្រពន្ធអ្នកទាំងពីរមានការយល់ចិត្តគ្នាជាងមុន។
ប្តីប្រពន្ធ បើនៅជាមួយគ្នាមិនចុះសម្រុងគួរធ្វើបែបណាទៅ?
១.និយាយជាមួយគ្នាត្រង់ទៅត្រង់មក
ប្តីប្រពន្ធប្រសិនបើនៅជាមួយគ្នាមិនមានភាពចុះសម្រុងនឹងគ្នា វាអាចធ្វើឱ្យបញ្ហាតូច ក្លាយទៅជាបញ្ហាធំដែលធ្វើឱ្យឈានដល់ការបែកបាក់គ្នាបានយ៉ាងងាយ អញ្ចឹងហើយ អ្វីដែលប្តីប្រពន្ធត្រូវធ្វើដើម្បីដោះស្រាយបញ្ហានេះបាន ប្តីប្រពន្ធត្រូវចេះនិយាយជាមួយគ្នាត្រង់ទៅត្រង់មកដោយកុំលាក់ទុកក្នុងចិត្ត មានអ្វីក៏និយាយចេញមក ទើបអាចធ្វើឱ្យប្តីប្រពន្ធមានការយល់ចិត្តគ្នា។
២. ព្យាយាមសម្របតាមគ្នាបន្តិចម្តងៗ
ភាពមិនចុះសម្រុងគ្នារវាងប្តីប្រពន្ធគឺកើតចេញពីមនុស្សពីរនាក់មិនចេះសម្របតាមគ្នា ឬគិតតែពីអារម្មណ៍ខ្លួនឯងដោយមិនគិតដល់អារម្មណ៍គ្នាទៅវិញទៅមក ដូច្នេះហើយ បើដឹងថាមិនចុះសម្រុងនឹងគ្នាហើយប្តីប្រពន្ធគួរតែព្យាយាមរៀនសម្របតាមគ្នាបន្តិចម្តងៗ ទោះមិនអាចបានគ្រប់រឿងក៏ដោយតែយ៉ាងហោចណាស់ ក៏អាចធ្វើឱ្យប្តីប្រពន្ធរស់នៅជាមួយគ្នាបានយូរអង្វែងដែរ។
៣. ចំណាយពេលនៅជាមួយគ្នាឱ្យបានច្រើន
ជីវិតប្តីប្រពន្ធនឹងប្រែមកជាល្អនិងកាន់តែមានភាពស្និទ្ធស្នាលរវាងគ្នា នៅពេលដែលប្តីប្រពន្ធចេះចំណាយពេលវេលានៅជាមួយគ្នាឱ្យបានច្រើន ទោះបីជារវល់ក៏ដោយសំខាន់ឱ្យតែចេះឆ្លៀតដើម្បីគ្នា គឺប្រាកដជាឆ្លៀតបាន ហើយការចំណាយពេលឱ្យគ្នានេះហើយដែលជាអ្វីធ្វើឱ្យមនុស្សពីរនាក់ជាប្តីប្រពន្ធនឹងគ្នា កាន់តែបានស្គាល់ពីចិត្តថ្លើមគ្នា។
៤. ចេះមានការអធ្យាស្រ័យឱ្យគ្នា
ចង់ឱ្យទំនាក់ទំនងរវាងប្តីប្រពន្ធមានតែសុខសុភមង្គល និងអាចរស់នៅជាមួយគ្នាបានដោយមានភាពចុះសម្រុង ប្តីប្រពន្ធត្រូវចេះមានការអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក មិនថាមានបញ្ហាអ្វីកើតឡើងទេ ព្រោះមនុស្សម្នាក់ៗមិនអាចល្អឥតខ្ជោះបាននោះទេរមែងតែសាងកំហុសឡើងមកជារើយៗ អ្វីដែលសំខាន់គឺមនុស្សពីរនាក់ចេះមានការអធ្យាស្រ័យ និងចេះផ្តល់ឱកាសឱ្យគ្នាក្នុងការកែប្រែ៕