យល់ដឹង៖ មនុស្សប្រុសដែលអ្នកគួរតែសម្រេចចិត្តផ្ញើវាសនាអនាគតលើគួរតែជាមនុស្សប្រុសម្នាក់ ដែលធ្វើឱ្យអ្នកមានភាពប្រាកដចិត្តថា អ្នកនឹងមិនស្តាយក្រោយនៅពេលដែលសម្រេចចិត្តរៀបការ ព្រោះបើអ្នកមិនទាន់ប្រាកដចិត្ត យកល្អកុំទាន់រៀបការ។
ហេតុនេះហើយ សម្រាប់មនុស្សស្រីគ្រប់រូប ប្រសិនបើមិនចង់ជួបនូវការរៀបការខុសដែលធ្វើឱ្យអ្នកស្តាយក្រោយអស់មួយជីវិតទេនោះដាច់ខាតកុំរៀបការជាមួយនឹងមនុស្សប្រុសណា ដែលមិនទាន់ធ្វើរឿងមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះបាន ព្រោះគេគ្មានសមត្ថភាពគ្រប់គ្រាន់នឹងមើលថែអ្នកឡើយ។
ដរាបណា គេមិនទាន់ធ្វើរឿងទាំងនេះបាន កុំរៀបការ៖
១. ស្មោះត្រង់
កុំរៀបការជាមួយ ប្រសិនបើមនុស្សប្រុសម្នាក់នោះមិនទាន់ចេះមានភាពស្មោះត្រង់នឹងអ្នក ព្រោះពេលដែលរៀបការហើយអ្នកច្បាស់ជាត្រូវដេកយំរាល់ថ្ងៃជាក់ជាមិនខាន ហេតុនេះហើយ មនុស្សស្រីគ្រប់រូប បើមិនចង់ត្រូវដេកយំរាល់ថ្ងៃកុំប្រញាប់សម្រេចចិត្តផ្ញើអនាគតលើគេ បើគេមិនទាន់ធ្វើឱ្យអ្នកបានទុកចិត្តថាគេស្មោះនឹងអ្នកឬក៏អត់នោះ។
២. កែប្រែខ្លួនគេ
ចំពោះមនុស្សប្រុសដែលគេមិនចេះកែប្រែខ្លួនគេដើម្បីអ្នក អ្នកកុំសង្ឃឹមថារៀបការហើយនឹងមានក្តីសុខឱ្យសោះ ព្រោះជាសង្សារ គេមិនទាន់ទាំងចេះកែប្រែខ្លួនគេឱ្យល្អគ្រប់គ្រាន់ដើម្បីឱ្យអ្នកបានជឿជាក់លើផងគេនឹងមានសមត្ថភាពឯណា មកធ្វើឱ្យជីវិតក្រោយរៀបការរបស់អ្នក នឹងជួបតែក្តីសុខបាននោះអញ្ចឹងហើយ បើគេមិនទាន់ចេះកែប្រែ អ្នកក៏កុំទាន់រៀបការជាមួយ។
៣. ចាកចេញភាពជាយុវវ័យ
ការរៀបការ ប្រៀបដូចជាការចាកចេញពីភាពជាយុវវ័យអញ្ចឹង ព្រោះមិនអាចមានពេលវេលាសប្បាយគ្រប់ពេលឬអាចធ្វើអ្វីបានស្រេចតែចិត្ត ដូចកាលនៅពីខ្លួនមួយទៀតឡើយ។ ដូច្នេះហើយ ប្រសិនបើគេមិនទាន់ទាំងមានភាពចាស់ទុំនៅក្នុងខ្លួន មួយថ្ងៃទៅមួយថ្ងៃ គិតតែដើរសប្បាយ ដាច់ខាតកុំសម្រេចចិត្តរៀបការជាមួយ ប្រយ័ត្នខកខ្លួន។
៤. មានទំនួលខុសត្រូវ
ភាពជាមនុស្សប្រុសអ្វីដែលសំខាន់បំផុត សម្រាប់ឱ្យមនុស្សស្រីទុកចិត្ត និងហ៊ានផ្ញើអនាគតលើបាន គឺជាមនុស្សប្រុសដែលមានទំនួលខុសត្រូវខ្ពស់ហើយបើគេគ្មានទំនួលខុសត្រូវសូម្បីតែរឿងតូចតាច គេច្បាស់ជាគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការមើលថែគ្រួសារមួយបានឡើយ បែបនេះហើយ ស្រីៗកុំរៀបការជាមួយឱ្យសោះ ប្រសិនបើគេមិនទាន់ជាមនុស្សប្រុសម្នាក់ ដែលមានទំនួលខុសត្រូវក្នុងខ្លួន៕