យល់ដឹង៖ វាជារឿងដែលពិតដែលមនុស្សភាគច្រើនតែងតែនិយាយថាស្រលាញ់ខ្លួនឯង ប៉ុន្តែទង្វើបែរជាមិនដែលយកចិត្តទុកដាក់ជាមួយខ្លួនឯង ឱ្យបានស្មើទៅនឹងយកចិត្តទុកដាក់លើអ្នកដទៃទាល់តែសោះទើបជីវិតចេះតែគ្មានក្តីសុខ។
ជាងនេះទៅទៀតការស្រលាញ់ខ្លួនឯង មិនមែនជាអ្វីដែលចេះតែនិយាយឱ្យតែបានៗ ហើយមិនខ្វល់ពីខ្លួនឯងនោះទេលុះត្រាតែអ្នករាល់គ្នា អាចធ្វើរឿងសាមញ្ញៗមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះជាមុនសិន ទើបចាត់ទុកថាអ្នកពិតជាស្រលាញ់ខ្លួនឯងយ៉ាងពិតប្រាកដមែន។
បើអ្នកអាចធ្វើរឿងទាំងនេះបានចាត់ទុកថាអ្នកចេះស្រលាញ់ខ្លួន៖
១.មិនយកសម្តីអ្នកដទៃដាក់ក្នុងចិត្ត
ប្រសិនបើអ្នកអាចកែទម្លាប់ដែលមិនយកសម្តីអ្នកដទៃនិយាយយកមកដាក់ក្នុងចិត្ត បានន័យថាអ្នកចេះស្រលាញ់ខ្លួនហើយ ព្រោះការដែលមិនយកសម្តីអ្នកដទៃ យកមកដាក់ក្នុងចិត្តវាជាអ្វីដែលអ្នកអាចការពារផ្លូវចិត្តខ្លួនឯង មិនឱ្យទទួលរងនូវការប៉ះទង្គិចបាន អញ្ចឹងហើយកុំចេះតែនិយាយថាស្រលាញ់ខ្លួន បើអ្នកតែងតែយកសម្តី និងការគិតអ្នកដទៃយកមកដាក់ក្នុងចិត្តរហូតនោះ។
២. មិនឱ្យអ្នកណាមកធ្វើបាបចិត្តបាន
អ្នកដទៃគ្មានថ្ងៃអាចធ្វើបាបចិត្តអ្នកបាននោះទេប្រសិនបើអ្នកមិនអនុញ្ញាត្តិឱ្យគេមានឥទ្ធិពលមកលើជីវិតរបស់អ្នក តែបើអ្នកអនុញ្ញាតិ្តអ្នកច្បាស់ជាទទួលរងនូវការឈឺចាប់ មិនថាជាទំនាក់ទំនងស្នេហា ឬមិត្តភាពដូច្នេះការដែលអ្នកអនុញ្ញាតិ្តឱ្យអ្នកដទៃចូលមកធ្វើបាបចិត្តអ្នកបានតាមចិត្តគេចង់ គឺបានន័យថាអ្នកមិនបានស្រលាញ់ខ្លួនឯងនោះទេ។
៣.គិតពីខ្លួនឯងមុនអ្នកណាទាំងអស់
នៅពេលដែលអ្នកចាប់ផ្តើមគិតពីខ្លួនឯងមុននឹងគិតដល់អ្នកណាៗទាំងអស់ គឺបានន័យថាអ្នកចេះស្រលាញ់ខ្លួនឯងហើយព្រោះថាមានតែមនុស្សដែលមិនចេះស្រលាញ់ខ្លួនឯងទេ ទើបមិនខ្វល់ពីអារម្មណ៍ខ្លួនឯងហើយគិតតែខ្វល់ពីអារម្មណ៍របស់អ្នកដទៃ ព្រោះតែចង់ឱ្យមនុស្សជុំវិញខ្លួនស្រលាញ់ និងចូលចិត្ត ហេតុនេះហើយ អ្នកគ្រប់គ្នាគួរតែរៀនគិតដល់អារម្មណ៍ខ្លួនឯងឱ្យបានច្រើន ទើបមិនងាយខកចិត្ត។
៤. ប្រឹងអភិវឌ្ឍខ្លួន
ការចេះស្រលាញ់ខ្លួន វានឹងជួយធ្វើជីវិតរបស់អ្នកគ្រប់គ្នាមានភាពរីកចម្រើនទៅមុខដូច្នេះហើយ កុំចេះតែនិយាយថាអ្នកស្រលាញ់ខ្លួនឯង បើពីមួយថ្ងៃទៅមួយថ្ងៃ អ្នកមិនបានធ្វើអ្វីដើម្បីប្រឹងអភិវឌ្ឍខ្លួនឯងបន្ថែមនោះព្រោះថាជីវិតដែលអាចរីកចម្រើនទៅមុខបាន មិនមែនជាជីវិតដែលនៅតែមួយកន្លែងនោះទេ ជាជីវិតមួយដែលមានការប្រឹងប្រែងខ្លាំង។
៥. មើលថែខ្លួនឯង
រឿងនេះមួយ គឺអាចបញ្ជាក់ឱ្យអ្នកបានដឹងយ៉ាងច្បាស់តែម្តងថាអ្នកចេះស្រលាញ់ខ្លួនឯងឬក៏អត់ ព្រោះថាបើអ្នកមិនអាចទាំងមានសមត្ថភាពមើលថែខ្លួនឯងឱ្យបានល្អផងអ្នកនិយាយថាស្រលាញ់ខ្លួនឯងបានយ៉ាងម៉េច មនុស្សដែលគេចេះស្រលាញ់ខ្លួន គេតែងតែមើលថែខ្លួនឯងឱ្យបានល្អបំផុតទាំងសុខភាពផ្លូវចិត្ត ផ្លូវកាយ និងរូបសម្រស់៕