យល់ដឹង៖សេចក្តីសុខរបស់មនុស្សយើងម្នាក់ៗ មិននៅទីណាឆ្ងាយទេ ណាស់តែយើងខ្លួនឯងដែលមើលមិនឃើញវាហើយតែងតែនាំទុក្ខដាក់ខ្លួនឯងជានិច្ច អញ្ចឹងហើយ មនុស្សដែលគេចង់មានក្តីសុខពិត គេមិនបណ្តោយឱ្យរឿងកើតទុក្ខណាមួយ ចេះតែចូលមកក្នុងជីវិតគេទេ។
ហេតុនេះហើយប្រសិនបើអ្នករាល់គ្នាចង់ឱ្យខ្លួនឯងក្លាយទៅជាមនុស្សម្នាក់ ដែលមានក្តីសុខពិត និងគ្មានអ្វីដែលអាចមកធ្វើឱ្យអ្នកដេកកើតទុក្ខបានអ្នករាល់គ្នាត្រូវមានចំណុចមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ព្រោះមនុស្សដែលគេមានក្តីសុខពិត គេតែងមានចំណុចទាំងនេះ។
មនុស្សដែលមានក្តីសុខពិតតែងមានចំណុចទាំងនេះ៖
១. មិនអួតច្រើន
មនុស្សដែលគេមានក្តីសុខពិតគេមិនដែលអួតច្រើននោះទេ ព្រោះតែគេមិនត្រូវការមុខមាត់ ឬពាក្យកោតសរសើរពីអ្នកដទៃអ្វីនោះទេ ក្រៅពីត្រូវភាពស្ងប់សុខនៅក្នុងចិត្តរបស់គេហេតុនេះ បើចង់មានក្តីសុខពិត មិនចាំបាច់ទាល់តែបង្ហាញឱ្យគេគ្រប់គ្នាដឹងថាអ្នកមានក្តីសុខនោះទេ។
២. ចេះចែករំលែក
ពិតណាស់មនុស្សដែលគេមានក្តីសុខ គេតែងតែចេះចែករំលែក និងជួយដល់មនុស្សណាដែលត្រូវការជំនួយដោយមិនត្រូវការការតបស្នងអ្វីមកវិញនោះទេ ក្រៅពីធ្វើឱ្យខ្លួនពួកគេមានក្តីសុខ នៅពេលដែលបានជួយមនុស្ស អញ្ចឹងហើយប្រសិនបើអ្នកបានជួយនិងចេះចែករំលែកជាមួយនឹងមនុស្សជុំវិញខ្លួនបានច្រើនប៉ុណ្ណា អ្នកនឹងមានក្តីសុខច្រើនប៉ុណ្ណឹង។
៣. មិនខ្វល់ពីរឿងណាដែលគ្មានប្រយោជន៍
អាចមានក្តីសុខបានទាល់តែជាមនុស្សម្នាក់ដែលមិនចេះខ្វល់ពីរឿងណាដែលគ្មានប្រយោជន៍ជាពិសេសពាក្យសម្តីនិងការគិតរបស់អ្នកដទៃ ដូច្នេះបើអ្នកចង់ឱ្យខ្លួនឯងមានក្តីសុខពិតអ្នកត្រូវរៀនព្រងើយកន្តើយជាមួយនឹងរឿងណាដែលគ្មានប្រយោជន៍សម្រាប់ខ្លួនអ្នក ទើបអ្នកទទួលបានក្តីសុខពេញលេញ។
៤. តែងប្រឹងប្រែអភិវឌ្ឍខ្លួនឯង
សេចក្តីសុខពិតរបស់មនុស្សយើងម្នាក់ៗមិនមែនទាល់តែមានលុយចាយពេញៗដៃ ឬមានឈ្មោះល្បីល្បាញអ្វីនោះទេ គ្រាន់តែអាចក្លាយទៅមនុស្សម្នាក់ដែល តែងតែប្រឹងប្រែងអភិវឌ្ឍខ្លួនឯងនិងអាចរឹងមាំឆ្លងកាត់នូវឧបសគ្គជីវិតជាច្រើនទៅ គឺវាជារឿងដែលធ្វើឱ្យខ្លួនអ្នក មានមោទនភាពចំពោះខ្លួនឯងណាស់ទៅហើយ៕