យល់ដឹង៖ នៅក្នុងទំនាក់ទំនងរវាងប្តីប្រពន្ធមិនមែនគ្រប់រឿងរ៉ាវសុទ្ធតែអាចបើកចំហរជាមួយគ្នាបាននោះទេ ទោះរៀបការហើយត្រូវប្រើជីវិតរួមគ្នាក៏ដោយ ព្រោះរឿងខ្លះ បើកចំហររវាងគ្នា វាគ្មានបានអ្វីមកវិញក្រៅពីធ្វើឱ្យប្តីប្រពន្ធ មើលមុខគ្នាលែងចំនោះទេ។
ដូច្នេះហើយមនុស្សស្រីដែលជាប្រពន្ធគ្រប់រូប គួរតែរៀនធ្វើខ្លួនឱ្យមានភាពឆ្លាតវៃបន្តិចក្នុងការលាក់រឿងមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះពីប្តី បើមិនអញ្ចឹងទេរឿងដែលអ្នកបើកចំហរទាំងប៉ុន្មាននឹងក្លាយជាដើមហេតុដែលធ្វើឱ្យប្តីប្រពន្ធអ្នកទាំងពីរមានបញ្ហានឹងគ្នាជាក់ជាមិនខាន។
ប្រពន្ធឆ្លាត ត្រូវចេះលាក់រឿងទាំងនេះពីប្តី៖
១. លាក់រឿងអតីតកាល
មនុស្សស្រីជាប្រពន្ធត្រូវចេះឆ្លាតក្នុងការលាក់រឿងអតីតកាលជាមួយអ្នកចាស់ពីប្តី ទោះជារឿងល្អ ឬមិនល្អក៏ដោយ ព្រោះរឿងរ៉ាវពីអតីតកាល ជារឿងដែលកន្លងហួសបាត់ទៅហើយលើកឡើងមកក៏គ្មានបានអ្វីមកវិញដែរ មានតែធ្វើឱ្យប្តីអ្នកមានអារម្មណ៍មិនល្អ ហើយប៉ះពាល់ដល់ទំនាក់ទំនងរវាងប្តីប្រពន្ធអ្នកទាំងពីរថែមទៀតផង។
២.លាក់អារម្មណ៍មិនល្អចំពោះគ្រួសារប្តី
អ្នកណាក៏ដូចអ្នកណាដែររៀបការមានប្តី មានប្រពន្ធហើយក៏ដោយ គ្រួសារនៅតែសំខាន់ជានិច្ច អញ្ចឹងហើយមនុស្សស្រីជាប្រពន្ធមិនថាមានបញ្ហា ឬមានអារម្មណ៍មិនល្អបែបណាចំពោះសាច់ញាតិគ្រួសារខាងប្តីទេ អ្នកគួរតែលាក់ទុកក្នុងចិត្ត និងមិនគួរបើកចំហរ ឬបញ្ចេញអារម្មណ៍ទាំងនោះដាក់ប្តីទេ ព្រោះថាទោះជាយ៉ាងណាក៏ដោយប្តីអ្នកគេនៅតែស្រលាញ់សាច់ញាតិគ្រួសាររបស់គេ។
៣.លាក់រឿងដែលអ្នកពូកែរកលុយ
វាជារឿងល្អមួយ ដែលមនុស្សស្រីជាប្រពន្ធពូកែរកលុយតែទោះជាពូកែយ៉ាងណាក៏ដោយ កុំបញ្ចេញឱ្យប្តីអ្នកដឹងពេក ព្រោះថាគ្មានមនុស្សប្រុសណាសប្បាយចិត្ត នៅពេលដែលឃើញប្រពន្ធរកលុយបានច្រើនជាងខ្លួននោះទេដោយសារតែវាបង្ហាញថាសមត្ថភាពប្តី ចាញ់សមត្ថភាពប្រពន្ធ ទោះប្តីអ្នកគេមិននិយាយ តែក្នុងចិត្តច្បាស់ជាគិតបែបនេះហេតុនេះរឿងនេះអ្នកគួរតែលាក់ទុក។
៤. លាក់ភាពពូកែរឿងការងារផ្ទះ
មនុស្សស្រីពូកែរឿងការងារផ្ទះវាជារឿងដ៏ប្រពៃមួយ តែអ្នកដែលជាប្រពន្ធត្រូវចេះឆ្លាត នៅពេលដែលអ្នកពូកែការងារផ្ទះពេកទៅប្តីអ្នកនឹងមិនចេះជួយទុក្ខធុរៈការងារផ្ទះរបស់អ្នកឡើយ ដោយបែបនេះអ្នកត្រូវធ្វើជាមិនចេះខ្លះ ដើម្បីឱ្យប្តីអ្នក គេចេះមានចិត្តជួយអ្នកខ្លះ ព្រោះប្តីប្រពន្ធទាល់តែចេះជួយគ្នា និងចេះដឹងពីទុក្ខលំបាកគ្នាទៅវិញទៅមក ទើបនៅជាមួយគ្នាបានយូរ៕