យល់ដឹង៖ទម្លាប់គឺជារឿងមួយ ដែលអាចផ្លាស់ប្តូជីវិតអនាគត របស់មនុស្សម្នាក់ៗបាន ដូច្នេះហើយអនាគតល្អ ឬមិនល្អ វាក៏អាស្រ័យទៅលើ ការដែលយើងម្នាក់ៗ មានទម្លាប់បែបណាដែរ ព្រោះទម្លាប់ នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង នៅពេលនេះវាសុទ្ធសឹងតែឆ្លុះបញ្ចាំង ពីអនាគតរបស់យើងម្នាក់ៗ។
ជាពិសេស ទម្លាប់នៅពេលព្រឹកព្រលឹមគឺជាទម្លាប់មួយដែល មានឥទ្ធិពលខ្លាំងណាស់ សម្រាប់ជីវិតពេញមួយថ្ងៃ របស់យើងម្នាក់ៗដែលសូម្បីតែ បុគ្គលជោគជ័យមួយចំនួន ក៏មានទម្លាប់ល្អៗ ទាំងនោះដែរ ដែលអ្នកទាំងអស់គ្នា ក៏គួរតែរៀនសូត្រតាម នូវទម្លាប់ដ៏ល្អៗទាំងនោះ។
ទម្លាប់ល្អៗទាំង៦នៅពេលព្រឹករបស់បុគ្គលជោគជ័យ ដែល អ្នកគួរតែរៀនតាម៖
១. កំណត់នាឡិការោទិ៍នៅម៉ោងដដែល ឱ្យបានរាល់ថ្ងៃ
កំណត់ម៉ោងរោទិ៍ឱ្យបានជារៀងរាល់ថ្ងៃ មិនថាជាថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យនោះទេ អ្នកត្រូវតែ ធ្វើការកំណត់នូវម៉ោងរោទិ៍ដើម្បីឱ្យយើង អាចយកឈ្នះ នូវទម្លាប់នៃការគេងទ្រមក់ ហើយការដែលភ្ញាក់លឿន ជារៀងរាល់ព្រឹកវានឹងធ្វើឱ្យយើង ចំណេញពេលវេលា ក្នុងការធ្វើការងារផ្សេងៗបានច្រើន ជាងនេះទៅទៀតអ្នកមិនគួរអាងតែថ្ងៃឈប់ ហើយគេង ទាល់តែដល់ម៉ោងបាយ ថ្ងៃត្រង់នោះទេ ព្រោះវានឹងធ្វើឱ្យអ្នក មានទម្លាប់ខ្ជិល។
២.ផ្តើមថ្ងៃថ្មីជាមួយការតាំងសមាធិ
ការសមាធិ វានឹងធ្វើឱ្យចិត្តយើងស្ងប់ ហើយចិត្តដែលស្ងប់នឹងនរ វាអាចជួយឱ្យយើង មើលឃើញ ពីដំណោះស្រាយបានលឿន ជាមួយនឹងការដោះស្រាយ នូវបញ្ហានានាដែលបានកើតឡើងនៅក្នុងជីវិត លើសពីនេះ តាមរយៈចិត្តស្ងប់ និងការតាំងចិត្ត ដែលបានមកពីការសមាធិនោះវាក៏បានជួយពង្រឹងឆន្ទៈ និងស្មារតី នៅក្នុងការបំពេញការងារ ប្រចាំថ្ងៃរបស់យើងដែរ។
៣.បង្កើតទម្លាប់ហាត់ប្រាណនៅពេលព្រឹក
ការហាត់ប្រាណ វានឹងធ្វើឱ្យរាងកាយយើងមានភាពរឹងមាំមានអារម្មណ៍ស្រស់ថ្លា និងមានភាពរីករាយ នៅក្នុងរយៈពេលពេញមួយថ្ងៃ លើសពីនេះប្រសិនបើអ្នក មិនអាចចេញពីផ្ទះ ដើម្បីទៅរត់ហាត់ប្រាណ នៅខាងក្រៅទេនោះអ្នកក៏អាចរត់ ក្នុងបរិវេនផ្ទះរបស់ខ្លួនឯង ឬធ្វើលំហាត់ប្រាណ ពត់ពេនខ្លួន ក៏បានដែរ។
៤.ញុំាអាហារពេលព្រឹកជាមួយគ្រួសារ
មុននឹងចាប់ផ្តើមការងារ អ្នកគួរតែសាកល្បង ក្នុងចំណាយពេលវេលា ញុំាអាហារពេលព្រឹក ជាមួយមនុស្សជាទីស្រលាញ់ ដើម្បីទទួលបានភាពកក់ក្តៅ ហើយយូរៗទៅពួកគេនឹងក្លាយ ជាមូលហេតុមួយ ដែលធ្វើឱ្យយើង មិនអាចគេចពីអាហារពេលព្រឹក បានទៀតផង។
៥.ញញឹមរាក់ទាក់ជាមួយអ្នកដទៃ
ព្យាយាមបង្កើតទម្លាប់ញញឹមហើយនិយាយពាក្យថា”សួស្តី’’ ដាក់មិត្តរួមការងារ របស់អ្នក នៅពេលព្រឹក ដើម្បីបង្កើតទំនាក់ទំនងល្អ លើសពីនេះ អ្នកក៏ធ្លាប់លឺហើយមែនទេ? ថាស្នាមញញឹម នៅពេលព្រឹក វានឹងធ្វើឱ្យអ្នក ជួបតែសំណាងល្អ ពេញមួយថ្ងៃ។
៦.ចាប់ធ្វើការងារដោយប្រើតារាងការងារ
នេះជាល្បិច ដើម្បីឱ្យការងាររបស់យើងមានប្រសិទ្ធភាពខ្ពស់ ហើយយើងក៏អាច គ្រប់គ្រងពេលវេលាបានល្អ នៅក្នុងពេលមួយថ្ងៃៗជាងនេះទៅទៀត ការចាប់ផ្តើមថ្ងៃថ្មី ជាមួយគោលដៅតូចៗ ហើយអាចសម្រេចវាបាននោះវាអាចនឹងធ្វើឱ្យយើងសប្បាយចិត្ត និងមានភាពវិជ្ជមាន សម្រាប់ជីវិត របស់យើងទៀតផង៕
ប្រភព៖ Mindfeed Cambodia