យល់ដឹង៖ភាគច្រើនទំនាក់ទំនងរវាងប្តីប្រពន្ធ ដែលកើតមានបញ្ហានិងការឈ្លោះប្រកែករវាងគ្នាគឺកើតចេញពីរឿងតូចតាច ដែលប្តីប្រពន្ធមិនព្រមព្យាយាមដោះស្រាយជាមួយគ្នាឱ្យដាច់ស្រេច ដោយសារតែគិតថាវាមិនអីតែរឿងតូចតាចទាំងនោះហើយ ដែលធ្វើឱ្យក្លាយទៅជារឿងធំ។
ជាងនេះទៅទៀតប្រសិនបើប្តីប្រពន្ធមិនព្រមរកដំណោះស្រាយ ក្នុងការជួយគ្នាដោះស្រាយចំពោះបញ្ហាតូចៗទេនោះវានឹងក្លាយទៅជាបញ្ហាធំ ដែលនាំឱ្យប្តីប្រពន្ធឈ្លោះប្រកែកគ្នា ឈានដល់ការបែកបាក់គ្នា និងមើលមុខគ្នាលែងចំទៀតផង តែបើចេះដោះស្រាយទាន់ ការរស់នៅជាមួយគ្នាក៏មានតែក្តីសុខ។
រឿងតូចតាចទាំងនេះធ្វើឱ្យប្តីប្រពន្ធឈានដល់ការមើលមុខគ្នាលែងចំ៖
១.មិនព្យាយាមសម្របតាមគ្នា
ការដែលប្តីប្រពន្ធពីនាក់រួមរស់នៅជាមួយគ្នាមិនសូវត្រូវរ៉ូវគ្នា វាជារឿងធម្មតាព្រោះមនុស្សម្នាក់ៗ មានចិត្តគំនិតនិងការគិតខុសគ្នាតែបើម្នាក់ៗមិនដោះស្រាយ ដោយព្យាយាមយល់ពីគ្នាឬសម្របតាមគ្នាទេនោះ រឿងតូចតាចបែបនេះ នឹងក្លាយទៅជារឿងធំដែលនាំឱ្យមានការឈ្លោះប្រកែកទាស់ទែងគ្នាជាញឹកញាប់ ហើយមើលមុខគ្នាក៏លែងចំដែរ។
២. សោះកក្រោះដាក់គ្នា
ទោះការដែលមិនសូវផ្អែមល្ហែមនឹងគ្នាចំពោះជីវិតប្តីប្រពន្ធវាអាចជារឿងតូចតាចក៏ពិតមែន ព្រោះម្នាក់ត្រូវបំពេញតួនាទីច្រើនយ៉ាង តែវានឹងធ្វើឱ្យទំនាក់ទំនងរវាងប្តីប្រពន្ធកាន់តែឃ្លាតឆ្ងាយពីគ្នាបន្តិចម្តងៗដោយមិនដឹងខ្លួន ដែលវាជាហេតុធ្វើឱ្យប្តីប្រពន្ធស្ទើរតែមិននិយាយឬមើលមុខគ្នាចំទៀតផង ទាំងនេះជាអ្វីដែលប្តីប្រពន្ធគិតថារឿងតូចតាចតែអាចធ្វើឱ្យឈានដល់ការបែកបាក់គ្នា និងមើលមុខគ្នាលែងចំទៀតផង។
៣. ប្រចាំគ្នា
វាមិនមែនជារឿងធំដុំក៏ពិតមែនប៉ុន្តែការដែលម្នាក់ៗមានទម្លាប់ក្នុងការប្រចាំគ្នាធ្វើនេះ ធ្វើនោះ វានឹងធ្វើឱ្យមានការមិនសប្បាយចិត្តចំពោះគ្នា ក្តីស្រលាញ់ក៏ត្រូវបានកាត់បន្ថយដូច្នេះកុំទុករឿងនេះជារឿងតូចតាច គួរតែពិភាក្សារកដំណោះស្រាយជាមួយគ្នា ដើម្បីកុំឱ្យថ្ងៃក្រោយទៅរឿងតូចតាចនេះ នឹងធ្វើឱ្យមនុស្សពីរនាក់មើលមុខគ្នាលែងចំ។
៤. ចាំស្តីបន្ទោសឱ្យគ្នា
ជីវិតប្តីប្រពន្ធតែងមានខុសនិងមានត្រូវ ហើយក៏តម្រូវឱ្យម្នាក់ៗចេះអភ័យទោសនិងមានការអធ្យាស្រ័យខ្ពស់ឱ្យគ្នាទៅវិញទៅមក ទើបរស់នៅបានសុខ និងមិនសូវឈ្លោះគ្នាតែបើនៅក្នុងទំនាក់ទំនងប្តីប្រពន្ធ មានអ្នកណាម្នាក់ធ្វើខុសហើយ ម្នាក់ទៀតចាំតែស្តីបន្ទោសនិងជាន់បន្ថែមនោះ ជីវិតប្តីប្រពន្ធមិនត្រឹមតែគ្មានក្តីសុខទេតែថែមទាំងធ្វើឱ្យគ្មានថ្ងៃរីកចម្រើនទៅមុខជាមួយគ្នាទៀតផង៕