យល់ដឹង៖ មនុស្សដែលអាចស្រលាញ់អ្នក និងមើលថែអ្នកបានជារៀងរហូតមិនមែនជាដៃគូជីវិត ឬឪពុកម្តាយរបស់អ្នកទេ តែគឺជាអ្នកខ្លួនឯង ព្រោះថាមនុស្សតែម្នាក់គត់ ដែលអាចនៅជាមួយអ្នកបានរហូតដល់ថ្ងៃអ្នកទៅវិញគឺជាខ្លួនអ្នកនេះឯង ដូច្នេះទោះស្រលាញ់អ្នកណាក៏ដោយ ក៏គួរតែកុំភ្លេចក្នុងការស្រលាញ់ខ្លួនឯង។
ជាងនេះទៅទៀត បើស្រលាញ់ខ្លួនត្រូវចេះព្យាយាមនិយាយពាក្យទាំងនេះប្រាប់ខ្លួនឯងឱ្យបានញឹកញាប់ ទោះគ្មានអ្នកណាមកនិយាយល្អៗ ឬមកនិយាយលួងលោមអ្នកក៏ដោយតែពាក្យដែលអ្នកនិយាយប្រាប់ខ្លួនឯងនេះ នឹងធ្វើឱ្យអ្នកក្លាយទៅជាមនុស្សម្នាក់ដែលរឹងមាំបំផុត។
បើស្រលាញ់ខ្លួនត្រូវចេះនិយាយពាក្យទាំងនេះប្រាប់ខ្លួនឯង៖
១. «ខ្ញុំអាចធ្វើវាបាន»
ការដែលអ្នកគួរតែព្យាយាមនិយាយពាក្យនេះប្រាប់ខ្លួនឯងវាគឺជាកម្លាំងចិត្តដ៏ពិសេសមួយ ដែលអ្នកអាចផ្តល់ឱ្យខ្លួនឯងបានបើទោះបីជាមនុស្សជុំវិញខ្លួនអ្នក មិនគិតថាអ្នកអាចធ្វើវាបានក៏ដោយ ប៉ុន្តែបើអ្នកអាចជម្រុញខ្លួនឯងបែបនេះ គឺគ្មានអ្វីដែលអ្នកមិនអាចធ្វើវាបាននោះទេ។
២. «ខ្ញុំជឿជាក់លើខ្លួនឯង»
ទោះគ្មានអ្នកណាជឿជាក់លើអ្នកក៏ដោយតែអ្នកក៏មិនត្រូវមិនជឿជាក់លើខ្លួនឯងដែរ ហើយអ្នកត្រូវចេះនិយាយថាជឿជាក់លើខ្លួនឯងជានិច្ចព្រោះបើអ្នកមិនជឿជាក់លើខ្លួនឯង កុំរំពឹងថាមនុស្សជុំវិញខ្លួនអ្នក នឹងជឿជាក់លើអ្នកឱ្យសោះដូច្នេះហើយ គ្រាន់តែនិយាយពាក្យបែបនេះប្រាប់ខ្លួនឯង វាមិនខាតអ្វីនោះទេវាមានតែធ្វើឱ្យអ្នកមានការគិតវិជ្ជមានមកលើខ្លួនឯង។
៣. «ខ្ញុំល្អជាងអ្វីដែលអ្នកដទៃគិត»
ត្រូវចាំអ្នកដទៃមើលឃើញអ្នកត្រឹមតែសម្បកក្រៅតែប៉ុណ្ណោះ ដូច្នេះគេវាយតម្លៃអ្នកបានតាមការគិតរបស់គេ ប៉ុន្តែមានតែអ្នកខ្លួនឯងទេទើបដឹងថាខ្លួនឯងបែបណាពិតប្រាកដ អញ្ចឹងហើយ គួរតែព្យាយាមប្រាប់ខ្លួនឯងថាខ្លួនឯងល្អជាការគិតរបស់អ្នកដទៃជានិច្ច ព្រោះអ្នកដទៃមើលឃើញអ្វីដែលអ្នកមាននៅពីខាងក្រៅ មិនអាចមើលធ្លុះដល់ចិត្តរបស់អ្នកទេ។
៤. «ខ្ញុំរឹងមាំ»
មនុស្សយើងម្នាក់ៗសុទ្ធតែរឹងមាំបើមិនរឹងមាំ យើងរាល់គ្នាក៏មិនខំតស៊ូរស់នៅមកដល់សព្វថ្ងៃនេះដែរ ដូច្នេះមិនថាមានរឿងអ្វីមួយកើតឡើងធំខ្លាំងប៉ុណ្ណាឬពិបាកក្នុងការដោះស្រាយប៉ុណ្ណាទេ អ្នកត្រូវតែប្រាប់ខ្លួនឯងឱ្យរឹងមាំក្នុងការប្រឈមមុខនូវរឿងទាំងនោះជានិច្ចព្រោះថាគ្រប់បញ្ហា តែងតែមានដំណោះស្រាយ។
៥. «ខ្ញុំពូកែ»
មិនថាមនុស្សជុំវិញខ្លួនអ្នក មានសមត្ថភាពពូកែយ៉ាងណារហូតធ្វើឱ្យខ្លួនអ្នកប្រៀបធៀបខ្លួនឯងទៅនឹងគេ ឃើញថាគេពូកែជាង ហើយមើលមកថាខ្លួនឯងអន់ទេ អ្នកត្រូវដឹងថា អ្នកក៏ជាមនុស្សម្នាក់ដែលពូកែដែរ គ្រាន់តែសមត្ថភាពពូកែ គឺខុសៗគ្នា ព្រោះថាមនុស្សម្នាក់ៗ តែងមានសមត្ថភាព និងទេពកោសល្យជារបស់ខ្លួនឯង។
៦. «ខ្ញុំស្រស់ស្អាត»
ភាពស្រស់ស្អាតរបស់មនុស្សគ្រប់រូបមិនមែនទាល់តែសម្បុរស កម្ពស់ខ្ពស់ ឬរូបរាងស្អាតនោះទេម្យ៉ាងភាពស្រស់ស្អាតរបស់មនុស្សគ្មានស្តង់ដារទេ ព្រោះមនុស្សម្នាក់ៗតែងមានភាពស្រស់ស្អាតរៀងៗខ្លួនគេស្អាតបែបគេ អ្នកស្អាតបែបអ្នក ដូច្នេះកុំមានអារម្មណ៍ថាខ្លួនមិនស្អាត ត្រូវចេះនិយាយប្រាប់ខ្លួនឯងថាខ្លួនឯងស្រស់ស្អាតជានិច្ច៕