យល់ដឹង៖ ស្រីៗជាប្រពន្ធត្រូវយល់មិនមែនរៀបការហើយ អ្នកត្រូវដឹងរឿងរ៉ាវគ្រប់យ៉ាងរបស់ប្តីនោះទេ ម្យ៉ាងអ្នកក៏មិនត្រូវចេះតែលូកដៃ ឬជ្រៀតជ្រែកចូលរឿងរ៉ាវខ្លះរបស់ប្តីដែរព្រោះពេលខ្លះអាចនឹងធ្វើឱ្យទំនាក់ទំនងរវាងប្តីប្រពន្ធមានបញ្ហានឹងគ្នា ដោយសារតែការចង់ដឹងចង់លឺ របស់អ្នកខ្លាំងពេក។
ដូច្នេះហើយ ចង់រស់នៅជាមួយគ្នាដោយមានភាពសុខសាន្តប្រពន្ធគ្រប់រូបត្រូវចេះឆ្លាត កុំចង់ដឹង ចង់លឺ ឬលូកដៃជ្រៀតជ្រែកចូលក្នុងរឿងទាំងអស់នេះរបស់ប្តីអ្នកឱ្យសោះបើមិនអញ្ចឹងទេ ទំនាក់ទំនងរវាងប្តីប្រពន្ធអ្នកទាំងពីរ ងាយនឹងបែកបាក់គ្នាបានដោយងាយបំផុត។
ប្រពន្ធឆ្លាតមិនលូកដៃជ្រៀតជ្រែកចូលរឿងទាំងនេះរបស់ប្តីឡើយ៖
១.បញ្ហាឬជម្លោះនៅក្នុងសាច់ញាតិគ្រួសារខាងប្តី
មនុស្សស្រីបើមានប្តីត្រូវចេះធ្វើជាប្រពន្ធឆ្លាត ដាច់ខាតកុំលូកដៃជ្រៀតជ្រែកចូលក្នុងរឿងបញ្ហា ឬជម្លោះរបស់សាច់ញាតិគ្រួសារខាងប្តីឱ្យសោះព្រោះបើអ្នកលូកដៃ បញ្ហាឬជម្លោះនោះវាអាចនឹងកាន់តែរីកធំឡើងៗ ដូច្នេះគួរតែធ្វើជាមិនដឹងមិនលឺល្អជាងដើម្បីកុំឱ្យប៉ះពាល់ដល់ទំនាក់ទំនងប្តីប្រពន្ធឬទំនាក់ទំនងជាមួយសាច់ញាតិគ្រួសារខាងប្តី។
២. លុយដែលប្តីរកបាន
ប្រពន្ធសម័យនេះបើចង់រស់នៅបានសុខសាន្ត កុំទៅលូកដៃរឿងលុយដែលប្តីរកបាន គេឱ្យប៉ុណ្ណាយកប៉ុណ្នឹងទៅ កុំដាក់សម្ពាធ ឬតាមទាមទារចង់បានលើសហ្នឹង ព្រោះវាមានតែធ្វើឱ្យប្តីប្រពន្ធកាន់តែមានបញ្ហានឹងគ្នាទេ។ ហេតុនេះហើយ ប្រពន្ធត្រូវឆ្លាតក្នុងការចេះរកលុយដោយខ្លួនឯងហើយក៏កុំលូកលាន់រឿងលុយដែលប្តីរកបាន លើសពីនេះ កុំខ្លាចថាប្តីអ្នក ពេលដែលគេមានលុយច្រើនគេអាចរកក្រៅក្បត់អ្នក ព្រោះបើគេចង់ក្បត់ ទោះគ្មានលុយក៏គេក្បត់ដែរ។
៣. ការងាររបស់ប្តី
មនុស្សប្រុសភាគច្រើន មិនចូលចិត្តឱ្យមនុស្សស្រីចេះដឹងរឿងការងាររបស់គេនោះទេហេតុដូចនេះស្រីៗជាប្រពន្ធ មិនត្រូវលូកដៃ ឬជ្រៀតជ្រែកចូលក្នុងរឿងការងាររបស់ប្តីនោះទេព្រោះវាអាចធ្វើឱ្យប្តីមានការធុញទ្រាន់ នឹងការសួរនាំច្រើនរបស់អ្នក អញ្ចឹងហើយធ្វើជាមិនដឹងមិនលឺ ទើបជាជម្រើសដ៏ល្អរបស់ប្រពន្ធឆ្លាត។
៤.រឿងរ៉ាវមិត្តភក្តិរបស់ប្តី
មនុស្សស្រីគ្រប់រូបត្រូវធ្វើជាប្រពន្ធឆ្លាតកុំលូកដៃជ្រៀតជ្រែកនៅក្នុងរឿងមិត្តភក្តិរបស់ប្តីឱ្យសោះហើយក៏កុំទៅនិយាយអាក្រក់ពីមិត្តភក្តិរបស់ប្តី ដោយសារតែពួកគេ ទើបប្តីអ្នកទៅដើរផឹកស៊ីសប្បាយជាមួយព្រោះបើប្តីអ្នកមិនចង់ទៅ ក៏គ្មានអ្នកណាបង្ខំដែរ។ ម្យ៉ាងការលូកលាន់រឿងរបស់មនុស្សប្រុសបែបនេះ មានតែធ្វើឱ្យប្តីប្រពន្ធទាស់សម្តីគ្នាទេ បណ្តោយឱ្យប្តីអ្នកធ្វើអ្វីក៏ធ្វើទៅ បើគេមានចិត្តអាណិតដល់ប្រពន្ធ គេនឹងឈប់ដោយខ្លួនឯង៕