យល់ដឹង៖ជាទូទៅ មនុស្សស្រីដែលដល់វ័យត្រូវរៀបការតែមិនទាន់រៀបការ តែងតែទទួលបាននូវសំណួរដ៏គួរឱ្យធុញទ្រាន់ជាច្រើនជាពិសេស ទាក់ទងទៅនឹងការរៀបការ បើទោះបីជាមនុស្សដែលសួរនូវសំណួរទាំងនេះ មិនមានបំណងអាក្រក់ក៏ដោយតែសំណួរទាំងនេះគឺផ្តល់នូវសម្ពាធជាខ្លាំង។
ជាងនេះទៅទៀតមនុស្សស្រីគ្រប់រូបក៏មិនអាចទៅហាមឃាត់មាត់គេមិនឱ្យសួរអ្នកដែរគឺមានតែអ្នកខ្លួនឯងត្រូវរៀនចេះទទួលយក ហើយផ្តល់នូវចម្លើយមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ទៅកាន់មនុស្សដែលសួរអ្នកព្រោះវាជាចម្លើយដ៏ឥតខ្ជោះបំផុត ដែលធ្វើឱ្យអ្នកសួរអ្នកហើយលែងចង់សួរទៀត។
៤ចម្លើយឥតខ្ជោះពេលគេសួរ«កាលយកប្តី»៖
១.«មិនមែនទាល់តែមានប្តី ទើបមានក្តីសុខទេ»
ចម្លើយនេះអ្នកអាចយកទៅឆ្លើយជាមួយនឹងអ្នកដែលសួរអ្នកបានព្រោះថាវាជាការពិត មនុស្សស្រីមិនមែនទាល់តែមានប្តី ទើបមានក្តីសុខនោះទេ ផ្ទុយទៅវិញមនុស្សស្រីខ្លះរៀបការហើយឈ្លោះគ្នាស្ទើរតែរាល់ថ្ងៃ រកក្តីសុខដាក់ខ្លួនមិនបានអញ្ចឹងហើយ ចម្លើយនេះទាំងសមរម្យ និងអាចឱ្យមនុស្សដែលសួរអ្នកឈប់សួរអ្នកទៀតបាន។
២. «ខ្ញុំរវល់រកលុយសិនគ្មានពេលគិតរឿងនេះទេ»
មនុស្សស្រីសម័យនេះមិនមែនដូចមនុស្សស្រីសម័យមុន ដែលចាំតែដល់វ័យត្រូវរៀបការឱ្យប្តីចិញ្ចឹមនោះទេ មនុស្សស្រីសម័យនេះមានទាំងសមត្ថភាព និងភាពពូកែរកលុយរបស់ខ្លួន ដូច្នេះបើមានគេសួរច្រើន អ្នកអាចឆ្លើយបែបនេះបាន ព្រោះវាជាការពិតមនុស្សស្រីបើរៀបការទាំងគ្មានអ្វីនៅក្នុងខ្លួនទាល់តែសោះ រៀបការហើយនាំតែធ្វើឱ្យគេមើលងាយ។
៣. «មិនទាន់ចង់រៀបការ»
មនុស្សស្រីស្ទើរតែគ្រប់គ្នាទៅហើយនៅពេលដែលដល់វ័យត្រូវរៀបការ គឺជៀសមិនផុតពីត្រូវបានគេសួរថា«កាលយកប្តី»ទេ ដូច្នេះហើយអ្នកមិនចាំបាច់មានសម្ពាធអ្វីច្រើន នាំតែធ្វើឱ្យខ្លួនឯងគិតច្រើនទេ អ្នកអាចឆ្លើយថាអ្នកមិនទាន់ចង់ ព្រោះបើអ្នកមិនទាន់ចង់ផងនោះ ឱ្យបង្ខំចិត្តរៀបការបានយ៉ាងម៉េច អញ្ចឹងហើយមិនចាំបាច់ពន្យល់ច្រើនទេ ឆ្លើយតែប៉ុណ្ណេះគឺគ្រប់គ្រាន់។
៤.«ពេញចិត្តនឹងជីវិតនៅលីវ»
ពិតណាស់មិនមែនជីវិតមានគ្រួសារ អាចមានក្តីសុខដូចទៅនឹងជីវិតនៅលីវនោះទេ ហេតុនេះមនុស្សស្រី មានសិទ្ធក្នុងការចង់បានជីវិតបែបណាទៅតាមដែលខ្លួនគេចង់បានហើយមនុស្សស្រីគ្រប់រូប អាចឆ្លើយទៅកាន់អ្នកដែលសួរអ្នកបានថា អ្នកពេញចិត្តនឹងជីវិតបែបនេះ ដែលវាជាចម្លើយមួយធម្មតា ប៉ុន្តែអាចឱ្យអ្នកដែលសួរបានយល់ និងឈប់សួរអ្នកទៀត៕