យល់ដឹង៖ ពីមនុស្សមិនដែល ស្គាល់គ្នាបានក្លាយ មកជាមិត្តនឹងគ្នាពីមិត្តរាប់អានគ្នា ធម្មតាៗរហូតប្រែក្លាយ មកជាមិត្តដែល យល់ចិត្តថ្លើមគ្នាដែលអាចទុកចិត្តគ្នា ចែករំលែក នៅរឿងរ៉ាវ ដែលកំពុងតែ ជួបប្រទះជាមួយគ្នាបាននេះមិនមែន ជារឿងចៃដន្យនោះទេគឺ សុទ្ធតែជានិស្ស័យ។
គេតែងលើកឡើងថា មនុស្សរាប់អានគ្នាត្រូវមានការទុកចិត្តគ្នា តែបើទោះបីជា បែបនេះមែន ក៏ដោយក៏ អ្នកមិនត្រូវទុកចិត្តខ្លាំងពេកដល់ទៅ អស់ពីខ្លួនដែរ។ យ៉ាងហោចណាស់ អ្នកគួរតែទុក១ ភាគរយ សម្រាប់ខ្លួនឯងដែរ។ព្រោះបើអ្នកទុកចិត្ត គេអស់ពីខ្លួនពេក ថ្ងៃណាមួយ អ្នកនឹងអាចក្លាយទៅជាជនរងគ្រោះដោយសារតែ ការជឿទុកចិត្ត គេអស់ពីខ្លួនខ្លាំងពេក ជាក់ជាមិនខាននោះទេ។ ព្រោះអ្នករាល់គ្នា ក៏ប្រហែលជា ធ្លាប់បានលឺពាក្យមួយឃ្លាថា មិត្តក្បត់មិត្តហើយ មែនទេ?
មិត្តភក្តិគឺ ជាមិត្តភក្តិ ទោះសិទ្ធិស្នាលខ្លាំងយ៉ាងណា ក៏នៅតែជាអ្នកដទៃ មិត្តប្រុសក៏ដូចគ្នា។ ព្រោះជាក់ស្តែង យើងមិនអាចទាយដឹងបាននោះទេថា ក្នុងចិត្តគេមាន ការគិតបែបណា ចំពោះយើងមាត់គេថាស្រលាញ់ ចូលចិត្ត ស្មោះត្រង់ នឹងយើងតែក្នុងចិត្ត គេអាចនឹងកំពុងតែរកវិធីចាក់យើង ពីក្រោយខ្នងផង ក៏ថាបាន។ ព្រោះថា សូម្បីតែខ្លួនយើង ពេលខ្លះក៏មិនអាចស្មោះត្រង់និងខ្លួនឯងបានផង ចុះទម្រាំអ្នកដទៃ យើងម៉ិចនឹងអាច ទាមទារឲ្យគេ សោះត្រង់ជាមួយយើងបានរហូតនោះ។
ដោយឡែក ក្នុងតថភាព ជាក់ស្តែងក្នុងសង្គមយើងផ្ទាល់ ក៏តែងតែធ្លាប់ បានឃើញបានលឺ នៅករណីជាច្រើន ពីមិត្តក្បត់មិត្តមិនថាករណីឃាតកម្ម រំលោភ ចោរកម្ម ផិតក្បត់ ឬការក្លែងបន្លំ ផ្សេងៗនោះទេ។ គឺសុទ្ធតែកើតឡើងពី ការទុកចិត្ត លើគ្នាខ្លាំងពេក យើងទុកគេ ជាមិត្តល្អ តែគេមិនប្រាកដថាទុកយើងជាមិត្តនោះទេ។
ពេលខ្លះ គេចូលមករាប់អាន យើងគឺគ្រាន់តែមើលឃើញ នៅផលប្រយោជន៍ ណាមួយពីលើខ្លួនយើង តែប៉ុណ្ណោះ អាចថាដោយសារតែ ការច្រណែនណាមួយឬមានចិត្តចង់បំផ្លាញ យើងដោយប្រការណាមួយ ក៏គេអាចចូលមក ធ្វើជាមិត្ត របស់យើងបានដែរ។ហេតុនេះ រាប់អានមិត្តបាន តែត្រូវចេះសង្កេត ទុកចិត្តមិត្តបាន តែត្រូវចេះប្រុងប្រយ័ត្ន កុំទុកចិត្តគេរហូត ដល់ភ្លេចខ្លួន ព្រោះការទុកចិត្ត គឺអាចជាគ្រោះថ្នាក់ដ៏ធំបំផុតរបស់ អ្នកស្មោះត្រង់៕