យល់ដឹង៖វាជាការពិតដែលមនុស្សភាគច្រើន តែងតែមានទម្លាប់មួយ គឺចូលចិត្តជុំគ្នានិយាយដើមគេ បើទោះបីជាដឹងថាទម្លាប់នេះវាអាក្រក់ដែលមិនគួរធ្វើក៏ដោយ ក៏មនុស្សម្នាក់ៗពិបាកក្នុងការកែទម្លាប់អាក្រក់ នេះចេញខ្លាំងណាស់ ដែលជាហេតុធ្វើឱ្យជីវិតពួកគេ ពិបាកក្នុងការស្វែងរកក្តីសុខដាក់ខ្លួន។
ម្យ៉ាងវិញទៀត តើអ្នកទាំងអស់គ្នាជឿដែរឬទេ?ថាការដែលអ្នកតែងតែជុំគ្នានិយាយដើមគេនោះវាបានធ្វើឱ្យហុងស៊ុយរបស់អ្នកធ្លាក់ចុះជាខ្លាំង ហេតុនេះហើយ បើអ្នកចង់ដឹងថា វាជាការពិតឬក៏អត់នោះអ្នកទាំងអស់គ្នាអាចសាកល្បងសង្កេតមើលចំណុច ដូចដែលបានរៀបរាប់នៅខាងក្រោមនេះបាន។
តើអ្នកជឿទេថាការនិយាយដើមគេអាចធ្វើឱ្យហុងស៊ុយអ្នកធ្លាក់ចុះបាន?
១. គិតតែពីរឿងគេរហូតភ្លេចគិតរឿងខ្លួនឯង
នៅពេលដែលអ្នក មានទម្លាប់និយាយដើមគេអ្នកនឹងយកពេលវេលា និងការគិតរបស់អ្នក ចំណាយទៅលើជីវិតរបស់អ្នកដទៃទាំងស្រុងដែលធ្វើឱ្យអ្នកខ្វល់តែជីវិតគេ រហូតដល់ភ្លេចគិតដល់ពីជីវិតខ្លួនឯង ទើបធ្វើឱ្យជីវិតរបស់អ្នក មិនអាចរកភាពល្អប្រសើរដូចគេបាន ហេតុនេះហើយ ទើបធ្វើឱ្យហុងស៊ុយជីវិតរបស់អ្នកធ្លាក់ចុះដោយសារតែការខ្វាយខ្វល់ពីជីវិតរបស់អ្នកដទៃខ្លាំងពេក។
២.បាត់បង់មនុស្សល្អៗនៅជុំវិញខ្លួន
នៅក្នុងសង្គមមនុស្សសព្វថ្ងៃនេះមនុស្សដែលល្អៗ គេមិនចង់នៅក្បែរជាមួយនឹងប្រភេទមនុស្ស ដែលមានទម្លាប់ចូលចិត្ត តែនិយាយដើមគេនោះទេ។ អញ្ចឹងហើយ ទើបធ្វើឱ្យអ្នក កាន់តែបាត់បង់មនុស្សល្អៗនៅជុំវិញខ្លួន ហើយសម្បូរតែមនុស្សដែលចូលចិត្តតែនិយាយដើមគេដូចជាអ្នកម្យ៉ាងវិញទៀត មនុស្សទាំងនោះ ក៏នឹងធ្វើឱ្យជីវិតរបស់អ្នក គ្មានថ្ងៃទទួលបានភាពរីកចម្រើនឡើយដូច្នេះហើយ បានជាហុងស៊ុយនៃជីវិតរបស់អ្នក កាន់តែធ្លាក់ចុះ។
៣.គ្រួសារលែងសូវស្និទ្ធស្នាលដូចមុន
ហុងស៊ុយអ្នកធ្លាក់ចុះឬមិនធ្លាក់ចុះ អ្នកអាចសាកសង្កេតមើលបានថា នៅពេលដែលអ្នក មានទម្លាប់និយាយដើមគេអ្នកនឹងលែងមានភាពស្និទ្ធស្នាល ជាមួយក្រុមគ្រួសារដូចពីមុន ព្រោះតែអ្នកមិនបានខ្វាយខ្វល់ ពីសមាជិកគ្រួសាររបស់អ្នក ដោយសារតែអ្នក រវល់តែតាមដានពីជីវិតរបស់អ្នកដទៃ ដើម្បីឱ្យមានរឿងនិយាយដើមគេ រហូតគ្មានពេលស្និទ្ធស្នាលជាមួយនឹងក្រុមគ្រួសារហើយក៏បានធ្វើឱ្យគ្រួសារ គ្មានសុភមង្គលទៀតផង។បែបនេះហើយ អ្នកអាចជឿបានហើយថា ការនិយាយដើមគេវានឹងធ្វើឱ្យហុងស៊ុយគ្រួសាររបស់អ្នកធ្លាក់ចុះ ដែលរស់នៅគ្មានក្តីសុខ។
៤. មិនសូវមានលុយចាយគ្រប់គ្រាន់
មនុស្សគ្រប់គ្នាគេចំណាយពេលវេលា ចំណាយការគិត ស្ទើរតែគ្មានពេលសម្រាកផង គេនៅតែមិនទាន់អាចក្លាយទៅជាអ្នកមានបាន ចុះចំណែកឯអ្នក បើអ្នកនៅតែចំណាយពេលវេលា និងការការគិតរបស់អ្នក ទៅលើការតាមដាន ពីជីវិតរបស់អ្នកដទៃដើម្បីឱ្យមានរឿង ទុកសម្រាប់និយាយដើមគេជុំគ្នានោះ តើអ្នកមានពេលវេលាឯណា ទៅគិតរឿងរកលុយនោះ?បែបនេះហើយ បានជាជីវិតអ្នក មិនសូវមានលុយចាយ ដូចជាជីវិតអ្នកដទៃ ដែលពីមួយថ្ងៃមួយថ្ងៃ គេខិតខំរកលុយយ៉ាងលំបាកវេទនា ហេតុនេះហើយ កុំឆ្ងល់ថាមកពីអ្វី បានជាការនិយាយដើមគេ អាចធ្វើឱ្យហុងស៊ុយអ្នកធ្លាក់ចុះបាន៕
ប្រភព៖ Internet