យល់ដឹង៖ ជាទូទៅក្រោយពេលដែលរៀបការហើយមានតែមនុស្សប្រុសទេ ដែលត្រេកអរខ្លាំងជាងមនុស្សស្រីទៅទៀត នៅពេលដែលដឹងថាប្រពន្ធកំពុងពរពោះកូនដំបូងឱ្យខ្លួន ប៉ុន្តែក៏មិនមែនមនុស្សប្រុសទាំងអស់សុទ្ធតែចង់បានកូនភ្លាមៗ បន្ទាប់ពីរៀបការនោះទេហើយវាក៏ជារឿងមួយ ដែលធ្វើឱ្យមនុស្សស្រីមួយចំនួន ជាប្រពន្ធមានការអាក់អន់ចិត្តចំពោះប្តី ដែលមិនទាន់ចង់បានកូន។
តាមទៅពិតមនុស្សប្រុសណា ក៏ដូចមនុស្សប្រុសណាដែរតែងតែត្រេកអរនៅពេលដែលដឹងថាប្រពន្ធខ្លួន កំពុងតែពរពោះកូនដំបូងឱ្យខ្លួនដែលជាឈាមខ្លួនឯងនោះ តែវាក៏មានហេតុផលមួយចំនួនផងដែរដែលធ្វើឱ្យមនុស្សប្រុសជាប្តីមួយចំនួន នៅមិនទាន់ចង់បានកូន ក្រោយពេលដែលរៀបការហើយ ហេតុនេះហើយស្រីៗជាប្រពន្ធកុំទាន់លួចគិតផ្តេសផ្តាស គួរតែព្យាយាមយល់ពីហេតុផលទាំងនេះរបស់ប្តីជាមុនសិន។
ហេតុផលដែលធ្វើឱ្យមនុស្សប្រុសក្រោយពេលដែលរៀបការហើយមិនទាន់ចង់បានកូន៖
១.មិនទាន់មានលទ្ធភាពគ្រប់គ្រាន់
ប្រសិនបើយើងម្នាក់ៗគ្រាន់តែគិតវាមិនមានអ្វីដែលពិបាកនោះទេ បើគ្រាន់តែរឿងមានកូននោះ ក៏ប៉ុន្តែតាមភាពជាក់ស្តែងការមានកូនវាមិនត្រឹមតែធ្វើឱ្យមនុស្សពីនាក់ ត្រូវទទួលរងបន្ទុកបន្ថែមទេតែវាក៏ទាមទារឱ្យប្តីប្រពន្ធ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់ដល់កូននៅពេលដែលពួកគេកើតមកដែរ។ ដូច្នេះហើយ អ្វីដែលធ្វើឱ្យមនុស្សប្រុសជាប្តី នៅមិនទាន់ចង់បានកូន ក្រោយពេលដែលរៀបការហើយគឺអាចមកពីមនុស្សប្រុស គិតទៅលើសេដ្ឋកិច្ចនៅក្នុងគ្រួសារ ដែលនៅមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់ដល់កូនទើបជាហេតុធ្វើឱ្យប្តី មិនទាន់ចង់គិតគូដល់ការមានកូន។
២. មិនទាន់បានត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការដើរតួនាទីជាឪពុក
ការបង្កើតកូនឡើងមក ឪពុកម្តាយគ្រប់រូប ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ ក្នុងការបំពេញតួនាទីជាឪពុកម្តាយដ៏ល្អ ក្នុងការមើលថែថ្នាក់ថ្នម ចិញ្ចឹមបីបាច់កូនឱ្យបានល្អ ក៏ប៉ុន្តែប្រសិនបើក្នុងចំណោមប្តីប្រពន្ធ មាននរណាម្នាក់ មិនទាន់បានត្រៀមខ្លួនរួចរាល់ ក្នុងការវបំពេញតួនាទីនោះវាក៏ធ្វើឱ្យការដែលបង្កើតកូនឡើងមក ជួបនូវបញ្ហាជាច្រើនផងដែរ ទើបជាហេតុធ្វើឱ្យមនុស្សប្រុសមួយចំនួនក្រោយពេលដែលរៀបការហើយ នៅមិនទាន់ចង់មានកូននោះ ព្រោះតែគេមិនទាន់បានត្រៀមខ្លួនរួចរាល់ ក្នុងការដើរតួនាទីជាឪពុកដ៏ល្អម្នាក់ សម្រាប់កូនៗ។
៣. មិនចង់បាត់បង់សេរីភាពបន្ថែម
មូលហេតុដែលធ្វើឱ្យមនុស្សប្រុសជាប្តីមួយចំនួននៅមិនទាន់ចង់គិតគូទៅដល់ការមានកូន បន្ទាប់ពីរៀបការហើយនោះគឺអាចនឹងមកពីមនុស្សប្រុស មិនចង់បាត់បង់សេរីភាពបន្ថែម ព្រោះថាក្រោយពេលដែលរៀបការត្រូវបានបាត់បង់សេរីភាពខ្លះទៅហើយ ទម្រាំតែមានកូនទៀត សេរីភាពរបស់គេទាំងអស់ គឺច្បាស់ជាត្រូវបាត់បង់ដោយសារតែយកពេលវេលា ទៅមើលថែកូនៗជាក់ជាមិនខាន។
៤. មិនមែនជាអ្នកស្រលាញ់ក្មេង
វាជាការពិតមនុស្សប្រុសដែលមិនមែនជាមនុស្សស្រលាញ់ក្មេង គឺគេមិនសូវជាត្រេកអរនឹងការមានកូនប៉ុន្មានឡើយបែបនេះហើយ ទើបជាហេតុធ្វើឱ្យមនុស្សប្រុសជាប្តីមួយចំនួន ក្រោយពេលដែលរៀបការរួចនៅមិនទាន់ចង់គិតគូរឿងយកកូន ព្រោះតែពួកគេមិនទាន់រៀនស្រលាញ់ក្មេងនៅឡើយ ម្យ៉ាងមិនចង់ឱ្យកូនៗរបស់កេដែលកើតមកខ្វះភាពកក់ក្តៅពីឪពុកទើបជាហេតុធ្វើឱ្យមនុស្សប្រុសមួយចំនួន ចង់រៀនស្រលាញ់ក្មេងជាមុនសិន មុននឹងគិតគូចង់បានកូន។
៥.ទំនាក់ទំនងប្តីប្រពន្ធមិនមានការចុះសម្រុងគ្នា
ក្នុងនាមជាឪពុកម្នាក់គេក៏តែងតែគិតទៅដល់អនាគតរបស់កូនៗដែរ ដូច្នេះហើយ មូលហេតុដែលមនុស្សប្រុសនៅមិនទាន់ចង់បានកូននៅឡើយបន្ទាប់ពីរៀបការហើយនោះ គឺអាចនឹងមកពីទំនាក់ទំនងរវាងប្តីប្រពន្ធ នៅមិនទាន់មានភាពចុះសម្រុងគ្នាបានល្អម្យ៉ាងបើសម្រេចចិត្តយកកូន ទាំងដែលទំនាក់ទំនងរវាងប្តីប្រពន្ធ មិនមានការចុះសម្រុងគ្នារហូតធ្វើឱ្យឈានដល់ការលែងលះគ្នានោះអ្នកដែលរងគ្រោះបំផុតគឺជាកូនៗ ទើបមនុស្សប្រុសនៅមិនទាន់ចង់បានកូន ការពារដើម្បីកុំឱ្យកូនកើតមកត្រូវជួបរឿងមិនល្អ៕
ប្រភព៖ gangbeauty