យល់ដឹង៖ ភាពល្អឥតខ្ជោះមិនមែនមនុស្សម្នាក់ៗកើតមក សុទ្ធតែមានស្រាប់នោះទេ វាតែងតែកើតចេញពីការខិតខំ និងការហាត់ពុតខ្លួនឯង ឱ្យមានទម្លាប់ល្អក្នុងការរស់ជាប្រចាំថ្ងៃទៅវិញទេ ទើបនាំឱ្យជីវិតមានតែភាពល្អឥតខ្ជោះ អញ្ចឹងហើយដើម្បីក្លាយទៅជាមនុស្សស្រីល្អឥតខ្ជោះម្នាក់បាន មនុស្សស្រីក៏ត្រូវតែមានទម្លាប់ល្អ ក្នុងការរស់នៅប្រចាំថ្ងៃផងដែរ។
ជាងនេះទៅទៀតគួរតែព្យាយាមហាត់ពុតខ្លួនឯង ឱ្យមានទម្លាប់ល្អៗមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះជាមុនសិនទើបអាចកែប្រែពីមនុស្សស្រីធម្មតាម្នាក់ ទៅជាមនុស្សស្រីល្អឥតខ្ជោះម្នាក់ទៀតបាន ហើយថែមទាំងទទួលបានការគោរព និងឱ្យតម្លៃពីមនុស្សនៅក្នុងសង្គមជាច្រើនទៀតផង។
ចង់ក្លាយជាមនុស្សស្រីល្អឥតខ្ជោះម្នាក់ត្រូវចេះពុតខ្លួនឯងឱ្យមានទម្លាប់ទាំងនេះ៖
១.តែងតែមើលថែខ្លួនឯងឱ្យបានល្អ
មនុស្សស្រី ប្រសិនបើមិនចេះមើលថែខ្លួនឯងឱ្យបានល្អទេនោះសុខភាពនិងសម្រស់ក៏បាក់ទៅតាមហ្នឹងដែរហើយវាក៏ជាហេតុធ្វើឱ្យមនុស្សស្រី រស់នៅដោយគ្មានទំនុកចិត្តលើខ្លួនឯង។ ដូច្នេះហើយដើម្បីចង់កែប្រែខ្លួនឯងឱ្យក្លាយទៅជាមនុស្សស្រីល្អឥតខ្ជោះម្នាក់ គឺត្រូវចេះពុតខ្លួនឯងឱ្យមានទម្លាប់ល្អក្នុងការចេះមើលថែខ្លួនឯង និងត្រូវព្យាយាមញុំារបស់ណាដែលល្អ ចំពោះសុខភាពនិងសម្រស់ទាំងនេះហើយ ជាទម្លាប់ល្អក្នុងការកែប្រែខ្លួនឯង ឱ្យក្លាយជាមនុស្សស្រីដ៏ល្អម្នាក់។
២.ធ្វើអ្វីមួយតែងមានភាពច្បាស់លាស់
ការដែលមនុស្សស្រី មានទម្លាប់ធ្វើអ្វីមួយ ដោយមានភាពច្បាស់លាស់នោះគឺវាមិនត្រឹមតែធ្វើឱ្យមនុស្សជុំវិញខ្លួន គោរពឱ្យតម្លៃ និងកោតសរសើរទេតែវាថែមទាំងនាំឱ្យការងារដែលមនុស្សស្រីធ្វើ ទទួលបានលទ្ធផលល្អទៀតផង។ ដូច្នេះហើយការមានទម្លាប់ធ្វើអ្វីមួយ ដោយមានភាពច្បាស់លាស់ វានឹងមិនធ្វើឱ្យមនុស្សស្រីអត់លុយចាយឬមិនអាចផ្គត់ផ្គង់ជីវភាពខ្លួនឯងបាននោះទេ។
៣.មិនដេញតាមមនុស្សប្រុស
មិនថាស្រលាញ់ខ្លាំងប៉ុណ្ណាទេប្រសិនបើគេមិនបានខ្វាយខ្វល់ ឬស្រលាញ់អ្នកពិតទេ អ្នកក៏មិនត្រូវដេញតាមមនុស្សប្រុសម្នាក់នោះដែរ បើទោះបីការដែលដេញតាមគេ វាជាការបញ្ជាក់ពីសេចក្តីស្រលាញ់របស់អ្នក ចំពោះគេក៏ដោយ តែវានឹងធ្វើឱ្យអ្នកកា្លយជាមនុស្សស្រីម្នាក់ ដែលបន្ទាបតម្លៃខ្លួនឯង និងធ្វើឱ្យខ្លួនឯងមើលទៅ ជាមនុស្សស្រីដែលរស់ដោយខ្វះមនុស្សប្រុសមិនបាន។ ហេតុនេះហើយ បើចង់ក្លាយទៅជាមនុស្សស្រីម្នាក់ ដែលមានភាពថ្លៃថ្នូរនោះ គឺមិនត្រូវដេញតាមមនុស្សប្រុសទេ ម្យ៉ាងវិញទៀត ប្រសិនបើគេពិតជាស្រលាញ់អ្នក ដោយស្មោះត្រង់មែនទោះអ្នកនៅស្ងៀមៗតែមួយកន្លែង ក៏គេមករកអ្នកដែរ។
៤. តែងគិតល្អ ធ្វើល្អ
ការដែលមនុស្សស្រីមានទម្លាប់តែងតែគិតល្អធ្វើល្អ វាមិនត្រឹមតែធ្វើឱ្យអារម្មណ៍របស់មនុស្សស្រី មានភាពស្រស់ស្រាយតាមហ្នឹងទេ តែវាថែមទាំងធ្វើឱ្យមនុស្សស្រីជួបតែរឿងល្អៗនិងមានតែមនុស្សល្អៗជុំវិញខ្លួន ជាពិសេសអាចនាំឱ្យជីវិតរបស់មនស្សស្រី មានតែភាពល្អប្រសើរ ដោយបែបនេះហើយ បើចង់ក្លាយជាមនស្សស្រីល្អឥតខ្ជោះម្នាក់ ត្រូវចេះមានទម្លាប់គិតល្អធ្វើល្អឱ្យបានច្រើន ព្រោះអំពើល្អវារមែងនាំឱ្យមនុស្សជួបតែរឿងល្អៗ។
៥.ចេះគិតគូដល់មនុស្សជុំវិញខ្លួន
ការមានទម្លាប់ចេះគិតគូដល់មនុស្សជុំវិញខ្លួន ទោះទៅដល់ទីណា ក៏មិនខ្វះមនុស្សចាំជួយវិញដែរ ម្យ៉ាងវិញទៀត ថែមទាំងក្លាយទៅជាមនុស្សស្រីល្អឥតខ្ជោះម្នាក់នៅក្នុងការចងចាំរបស់មនុស្សគ្រប់គ្នាទៀតផង។ ហេតុនេះហើយ មនុស្សស្រីដែលល្អឥតខ្ជោះម្នាក់ គឺត្រូវចេះមានទម្លាប់គិតគូដល់មនុស្សជុំវិញខ្លួនជានិច្ច កុំអាត្មានិយម គិតតែពីសុខទុក្ខខ្លួនឯង ព្រោះវាជាអ្វីដែលធ្វើឱ្យមនុស្សជុំវិញខ្លួន ចាត់ទុកជាមនុស្សស្រីមានអត្តចរិតមិនល្អ៕
ប្រភព៖ gangbeauty