យល់ដឹង៖ការសម្រេចចិត្តរៀបការ វាមិនមែនជារឿងធម្មតា ដែលយើងត្រូវសម្រេចចិត្តបានភ្លាមៗនោះទេ គឺយើងត្រូវតែមានការគិតគូឱ្យបានល្អិតល្អន់ព្រោះបើរៀបការខុស វានឹងធ្វើឱ្យយើងស្តាយក្រោយអស់មួយជីវិត លើសពីនេះ យើងក៏ត្រូវហ្វឹកហាត់ខ្លួនឯង ឱ្យក្លាយទៅជាមនុស្សម្នាក់ ដែលសាកសមនឹងការរៀបការផង ទើបមិនរៀបការខុស។
ជាងនេះទៅទៀត អ្នកក៏កុំទាន់គិតថាចង់រៀបការឱ្យសោះប្រសិនបើអ្នកមិនទាន់បានឆ្លងកាត់ នូវរឿងរ៉ាវមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះព្រោះបើអ្នកមិនទាន់បានឆ្លងកាត់រឿងទាំងនោះវាក៏បានន័យថា អ្នកមិនទាន់សាកសមនឹងការរៀបការនៅឡើយនោះទេ។
កុំគិតចង់រៀបការ!ប្រសិនបើអ្នកមិនធ្លាប់ឆ្លងកាត់រឿងរ៉ាវទាំងនេះ៖
១. បរាជ័យក្នុងរឿងស្នេហា
ប្រសិនបើអ្នក មិនធ្លាប់បានបរាជ័យនូវក្នុងរឿងស្នេហាឬយល់ពីភាពឈឺចាប់នៃស្នេហាបានម្តងទេនោះ នៅពេលដែលអ្នកសម្រេចចិត្តរៀបការហើយការរៀបការរបស់អ្នក មិនបានដំណើរការល្អ អ្នកច្បាស់ជាខូចចិត្តខ្លាំងហើយធ្វើឱ្យអ្នកមានការស្តាយក្រោយអស់មួយជីវិតជាមិនខាន តែបើអ្នកធ្លាប់បានឆ្លងកាត់ ទោះអ្នកបរាជ័យក្នុងរឿងរៀបការយ៉ាងហោចណាស់ ក៏អ្នករៀនចេះកាត់ចិត្ត និងយល់ពីស្នេហាបានខ្លះ ហេតុនេះហើយបើអ្នកមិនទាន់យល់ពីការឈឺចាប់ដោយសារតែស្នេហាម្តងទេនោះ គួរតែកុំទាន់គិតគូរឿងរៀបការ។
២. ប្រើជីវិតធ្វើអ្វីៗតែម្នាក់ឯង
បើអ្នកមិនទាន់រឹងមាំគ្រប់គ្រាន់ ក្នុងការធ្វើអ្វីបានដោយខ្លួនឯងផងនោះ ក្រោយពេលដែលរៀបការហើយ តើអ្នកត្រូវពឹងផ្អែកលើប្តីឬប្រពន្ធរបស់អ្នកទាំងស្រុងមែនទេ? ហេតុនេះហើយចូរធ្វើខ្លួនឱ្យមានគោលជំហរដ៏រឹងមាំសម្រាប់ខ្លួនឯងជាមុនសិន សឹមគិតគូរឿងរៀបការទើបវាមិនធ្វើឱ្យអ្នក មានការស្តាយក្រោយនៅថ្ងៃមុខ។
៣. ស្រលាញ់និងចេះលះបង់ឱ្យអ្នកដទៃ
អ្នកត្រូវព្យាយាមសួរពីអារម្មណ៍របស់ខ្លួនអ្នក ដើម្បីដឹងថាអ្នកពិតជាស្រលាញ់ និងចេះលះបង់ឱ្យមនុស្សម្នាក់ទៀតដែរទេ ព្រោះការរៀបការគឺមនុស្សពីរនាក់ ត្រូវរួមរស់នៅជាមួយគ្នាអស់មួយជីវិត ហើយទៅថ្ងៃមុខ នឹងមានវត្តមានមនុស្សម្នាក់ទៀតចូលមក នោះគឺជាកូនរបស់អ្នក។
នៅពេលនោះហើយដែលអ្នកត្រូវចេះស្រលាញ់ និងចេះលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីកូនជាទីស្រលាញ់របស់អ្នក អញ្ចឹងហើយ បើអ្នកមិនធ្លាប់ស្រលាញ់ និងហ៊ានលះបង់ដើម្បីនរណាម្នាក់ទេនោះ អ្នកច្បាស់ជាមិនយល់ពីការស្រលាញ់ និងការលះបង់ឡើយ ហេតុនេះហើយ យល់ល្អកុំទាន់គិតគូរឿងរៀបការ។
៤. រៀនស្គាល់ពីខ្លួនឯង
សាកល្បងសួរខ្លួនឯងជាមុនសិន តើអ្នកពិតជាស្គាល់ខ្លួនឯងបានកម្រិតណា?ដឹងពីដែនកំណត់ នៅក្នុងខ្លួនអ្នកឬក៏អត់? តើអ្នកដឹងថាអ្នកចូលចិត្តអ្វីឬមិនចូលចិត្តអ្វី? ឬដឹងថា ស្នេហាជាអ្វីទេ? សំណួរទាំងនេះ នឹងជួយអ្នកស្វែងរកចម្លើយដែលអាចស្គាល់ពីខ្លួនឯងឱ្យបានច្បាស់ ហើយក៏កុំទាន់ចង់រៀបការបើអ្នកមិនទាន់ឆ្លើយនូវសំណួរទាំងអស់នេះបាន ព្រោះវាជាសំណួរដែលធ្វើឱ្យអ្នកបានស្គាល់ពីខ្លួនឯងបានច្បាស់មុននឹងអ្នកត្រូវរៀនស្គាល់ពីដៃគូជីវិតរបស់អ្នក ដើម្បីងាយស្រួលរួមរស់នៅជាមួយគ្នាដោយចុះសម្រុង៕
ប្រភព៖ gangbeauty