យល់ដឹង៖រូបសម្រស់របស់មនុស្សស្រី អាចទាក់ទាញចិត្តមនុស្សប្រុសបានតែមួយពេលប៉ុណ្ណោះ ព្រោះអ្វីដែលអាចធ្វើឱ្យមនុស្សប្រុសលង់ស្រលាញ់បានរហូត គ្មានថ្ងៃប្រួលប្រែគឺការដែលមនុស្សស្រីមានចរិតល្អ និងគួរឱ្យស្រលាញ់ ទើបអាចងចិត្តមនុស្សប្រុសបាន។
ជាងនេះទៅទៀតចរិតមិនល្អទាំងអស់នេះរបស់មនុស្សស្រី ដែលជាចរិតធ្វើឱ្យមនុស្សប្រុសភាគច្រើនយល់ថា វាជាចរិតមិនគួរឱ្យស្រលាញ់ហើយមនុស្សប្រុសក៏មិនចង់នៅជិតមនុស្សស្រីដែលមានចរិតបែបនេះដែរ បើទោះបីជាមានរូបសម្រស់ស្រស់ស្អាតខ្លាំងប៉ុណ្ណាក៏ដោយ។
ចរិតមនុស្សស្រីដែលមនុស្សប្រុសមើលមកថាមិនគួរឱ្យស្រលាញ់៖
១. មើលឃើញតែលុយ
មនុស្សស្រីទោះស្អាតប៉ុណ្ណាក៏ដោយបើមានចរិតមួយមើលឃើញតែលុយ ជាងអ្វីៗគ្រប់យ៉ាងនោះ មនុស្សប្រុសក៏មិននៅលង់ស្រលាញ់ទៀតដែរគឺរឹតតែចង់នៅឱ្យឆ្ងាយ ព្រោះមនុស្សប្រុសយល់ថា មនុស្សស្រីបែបនេះ គឺស្រលាញ់តែលុយទេ គ្មានថ្ងៃស្រលាញ់ស្មោះត្រង់នឹងគេឡើយ បើកាន់តែនៅក្បែរ អាចនឹងកាន់តែខកខ្លួន។
២. ចង់បានតែមិនចេះផ្តល់ឱ្យ
ជាការពិតមនុស្សស្រីភាគច្រើនតែងតែទាមទារចង់បាននេះ ចង់បាននោះពីមនុស្សប្រុស ប៉ុន្តែមិនដែលផ្តល់ឱ្យគេវិញនោះទេ ដោយវាជាចរិតដែលមនុស្សប្រុសយល់ថា មិនគួរឱ្យស្រលាញ់ទាល់តែសោះព្រោះចរិតបែបនេះ វាបង្ហាញពីភាពអាត្មានិយមរបស់មនុស្សស្រីដែលគិតតែពីខ្លួនឯង មិនគិតដល់មនុស្សជុំវិញខ្លួន។
៣. ចេះធ្វើតែខ្លួន
វាមិនខុសនោះទេដែលកើតមកជាមនុស្សស្រីត្រូវតែចេះតុបតែងខ្លួនឱ្យបានស្រស់ស្អាតនោះ ប៉ុន្តែវានឹងធ្វើឱ្យមនុស្សស្រីមានចរិតមិនល្អមួយប្រសិនបើចេះធ្វើតែខ្លួនតែមួយ ហើយការងារក្នុងផ្ទះ និងការងារក្រៅផ្ទះមិនចេះធ្វើនោះមនុស្សប្រុសក៏មិនលង់ស្រលាញ់ជាមួយដែរ ព្រោះមនុស្សប្រុសយល់ ថានៅក្បែរមនុស្សស្រីបែបនេះមានតែធ្វើឱ្យជីវិតគេធ្លាក់ចុះវិញទេ។
៤. ហួងហែងជ្រុល
ទោះដឹងថាការដែលមនុស្សស្រី មានចរិតចូលចិត្តប្រច័ណ្ឌហួងហែងច្រើនគឺមកពីស្រលាញ់ និងខ្លាចបាត់បង់ក៏ដោយ ប៉ុន្តែសម្រាប់មនុស្សប្រុស ការដែលមនុស្សស្រីហួងហែងច្រើន វាជាចរិតមួយដែលមនុស្សប្រុសយល់ថាមិនគួរឱ្យស្រលាញ់ទាល់តែសោះ លើសពីនេះ មនុស្សប្រុសថែមទាំងយល់ថាជាចរិតដ៏គួរឱ្យធុញទ្រាន់ទៀតផង។
៥.មិនចេះឱ្យតម្លៃមនុស្សជុំវិញខ្លួន
មនុស្សស្រីប្រសិនបើមានចរិតមួយដែលក្រអឺតក្រទមនិងមានអំនួតនៅក្នុងខ្លួន ហើយមិនចេះឱ្យតម្លៃមនុស្សជុំវិញខ្លួនទៀតនោះមិនថាអ្នកស្អាតប៉ុណ្ណា មានសមត្ថភាពប៉ុណ្ណាក៏ដោយ ក៏មនុស្សប្រុសមិនចង់នៅក្បែរដែរ។ ជាងនេះទៅទៀត មានតែគេចវេសពីមនុស្សស្រីដែលមានចរិតបែបនេះព្រោះមនុស្សប្រុសយល់ថាបើស្រលាញ់ តម្លៃរបស់គេនឹងត្រូវធ្លាក់ចុះ ដោយសារចរិតបែបនេះរបស់មនុស្សស្រី៕