យល់ដឹង៖ មនុស្សស្រីជាប្រពន្ធភាគច្រើន តែងតែមានការលួចតូចចិត្តម្នាក់ឯងហើយឆ្ងល់ថាខ្លួនបានធ្វើអ្វីខុស ឬមួយក៏រូបសម្រស់ប្រែប្រួលបានជាក្រោយពេលដែលរៀបការហើយ ប្តីបែរជាមិនសូវស្រលាញ់ និងមិនសូវផ្អែមល្ហែមដូចកាលជីវិតជាគូសង្សារអញ្ចឹង។
រៀបការរួច ប្តីអាចនឹងមិនសូវផ្អែមល្ហែមដូចកាលនៅជាគូសង្សារនឹងគ្នាពិតមែន តែមិនមែនបានន័យថាប្តីមិនស្រលាញ់នោះទេពេលខ្លះវាអាចមកពីហេតុផលទាំងអស់នេះទើបបានជាធ្វើឱ្យមនុស្សប្រុសជាប្តី មិនសូវបង្ហាញក្តីស្រលាញ់ ឬភាពផ្អែមល្ហែមដូចកាលនៅលីវបាន។
ក្រោយរៀបការរួចប្តីមិនសូវស្រលាញ់? ទាំងអស់នេះជាហេតុផល៖
១. មិនសូវមានពេលនៅជាមួយគ្នា
រៀបការរួចមនុស្សពីរនាក់ដែលជាប្តីប្រពន្ធ ម្នាក់ៗសុទ្ធតែប្រឹងរៀងៗខ្លួន ដើម្បីធ្វើឱ្យគ្រួសារមានជីវភាពភាពល្អប្រសើរជាពិសេសនៅពេលដែលមានកូន ដែលនេះក៏ជាហេតុផលធ្វើឱ្យមនុស្សស្រីជាប្រពន្ធ មើលមកថាប្តីមិនសូវស្រលាញ់ខ្លួនដែរព្រោះនៅពេលដែលប្រឹងទាំងពីរនាក់ គឺគ្មានពេលវេលានៅជាមួយគ្នាដើម្បីផ្តល់ភាពផ្អែមល្ហែមឱ្យគ្នាដូចជាជីវិតសង្សារនោះទេ។
២. ត្រូវជួបមុខគ្នារាល់ថ្ងៃ
ប្តីប្រពន្ធស្រលាញ់គ្នាប៉ុណ្ណាក៏ដោយក៏អាចនៅធុញនឹងគ្នាបានដែរ ជាពិសេសមនុស្សដែលត្រូវជួបមុខគ្នារាល់ថ្ងៃ ជាងនេះទៅទៀត គ្រាដំបូងៗពេលដែលរៀបការហើយ អាចនឹងនៅផ្អែមល្ហែមស្អិតរមួតនឹងគ្នាក៏ពិតមែន តែយូរៗទៅវានឹងក្លាយជារឿងធុញទ្រាន់នឹងគ្នា ដែលធ្វើឱ្យមនុស្សស្រីជាប្រពន្ធយល់ថា ប្តីស្រលាញ់រឹតតែតិចទៅៗមិនដូចគ្រាដំបូង។
៣.មានបន្ទុកត្រូវរ៉ាប់រង
ជាការពិតក្រោយរៀបការរួច មនុស្សដែលត្រូវទទួលរ៉ាប់រងច្រើនជាងគេ គឺមនុស្សប្រុសជាប្តី មិនត្រឹមតែដើរតួនាទីជាប្តីជាឪពុកទេ តែត្រូវដើរតួនាទីជាមេគ្រួសារដ៏ល្អមួយរូប ត្រូវមានសមត្ថភាពក្នុងការការពារ និងថែរក្សាគ្រួសារផងដែរដូច្នេះវាអាចជាហេតុផលដែលធ្វើឱ្យប្តី គ្មានពេលវេលាគ្រប់គ្រាន់ណាមកគិតរឿងផ្អែមល្ហែមជាមួយប្រពន្ធ។
៤. សម្រស់ប្រែប្រួល
វាក៏អាចជាហេតុផលមួយ ដែលធ្វើឱ្យមនុស្សស្រីជាប្រពន្ធយល់ថាប្តីមិនសូវស្រលាញ់ដូចមុនព្រោះតែសម្រស់មានការប្រែប្រួល ដែលទាំងនេះវាគ្រាន់តែជាការគិតតច្រើនរបស់មនុស្សស្រីពេលសម្រស់ប្រែប្រួលតែប៉ុណ្ណោះប៉ុន្តែវាក៏អាចហេតុផលពិតមួយដែរ ដែលធ្វើឱ្យប្តីមិនសូវស្រលាញ់ដូចមុន ដូច្នេះមនុស្សស្រីគួរតែចេះថែខ្លួនទាំងសុខភាព និងសម្រស់ឱ្យបានល្អ៕