យល់ដឹង៖ជីវិតប្តីប្រពន្ធ គឺជៀសមិនផុតឡើយពីការមានបញ្ហា និងការឈ្លោះប្រកែករវាងគ្នា ដែលគេថាចានក្នុងរាវគង់តែប៉ះទង្គិចគ្នា ក៏ប៉ុន្តែប្រសិនបើតែងតែឈ្លោះប្រកែកគ្នា ឥតឈប់ឈរនោះវាក៏អាចធ្វើឱ្យទំនាក់ទំនង រវាងប្តីប្រពន្ធ ងាយនឹងរង្គោះរង្គើរ អាចឈានដល់ការបែកបាក់គ្នា ទៀតផង។
ម្យ៉ាងវិញទៀតជាទូទៅសង្កេតឃើញថា ប្តីប្រពន្ធភាគច្រើន មិនថាមានការឈ្លោះប្រកែករវាងគ្នា ខ្លាំងប៉ុណ្ណានោះទេពួកគេទាំងពីរនាក់ នៅតែអាចវិលត្រឡប់មកត្រូវរ៉ូវគ្នាវិញបាន ហើយរឹតតែស្អិតរមួតនឹងគ្នាទៀតផងនោះក៏ដោយសារតែមូលហេតុមួយចំនួន ដូចដែលបានរៀបរាប់ នៅខាងក្រោមនេះអញ្ចឹង។
ហេតុផលទាំងនេះដែលធ្វើឱ្យប្តីប្រពន្ធភាគច្រើន មិនថាឈ្លោះគ្នាខ្លាំងប៉ុណ្ណាទេ នៅតែត្រូវរ៉ូវគ្នាយ៉ាងស្អិតរមួត៖
១. គិតពីសុភមង្គលគ្រួសារជាចម្បង
ជីវិតដែលរៀបការហើយអ្វីដែលសំខាន់បំផុត សម្រាប់មនុស្សពីរនាក់ដែលជាប្តីប្រពន្ធនិងមានតួនាទី ជាឪពុកនិងម្តាយផងនោះ គឺជាសុភមង្គលនៅក្នុងក្រុមគ្រួសារ។ ហេតុនេះហើយបើទោះបីជាពេលខ្លះ មានបញ្ហា ឬឈ្លោះប្រកែករវាងគ្នា ហើយឆេវឆាវដាក់គ្នា ខ្លាំងប៉ុណ្ណាក៏ដោយក៏មនុស្សពីរនាក់ដែលជាប្តីប្រពន្ធ នៅតែអត់ឱន និងអធ្យាស្រ័យឱ្យគ្នាហើយវិលត្រឡប់មកត្រូវរ៉ូវគ្នាវិញ បានយ៉ាងស្អិតរមួត នោះក៏ដោយសារតែពួកគេ ចាត់ទុកសុភមង្គលនៅក្នុងគ្រួសារ គឺជារឿងដែលសំខាន់បំផុត។
២. គិតដល់កូនៗ
វាជាការពិត ក្នុងនាមជាឪពុកម្តាយគេ គឺគ្មាននរណាម្នាក់ចង់ផ្តល់នូវការឈឺចាប់ ដល់កូនៗ ដោយសារតែរឿងរ៉ាវឈ្លោះប្រកែករវាងគ្នារបស់មនុស្សចាស់នោះទេ ទើបវាជាហេតុ ធ្វើឱ្យរាល់ពេលដែលឈ្លោះប្រកែកគ្នាម្តងៗ មនុស្សពីរនាក់ដែលជាប្តីប្រពន្ធ គឺសុទ្ធចិត្តចាញ់រៀងៗខ្លួន ដើម្បីជៀសវាងពីការផ្តល់សម្ពាធផ្លូវចិត្ត ដល់កូនៗ ទើបធ្វើឱ្យប្តីប្រពន្ធដែលឈ្លោះប្រកែកគ្នាហើយ គឺសុទ្ធតែវិលមកផ្អែមល្ហែមនឹងគ្នាវិញ។
៣.ក្តីស្រលាញ់រវាងប្តីប្រពន្ធ មិនងាយនឹងបាត់បង់ឡើយ
នាមជាប្តីប្រពន្ធមិនមែនចង់ថាផ្តាច់ គឺផ្តាច់បានដោយងាយស្រួលឡើយព្រោះម្នាក់ៗទម្រាំតែតស៊ូជាមួយគ្នា រហូតបានរៀបការ និងរួមរស់នៅជាមួយគ្នា អស់រយៈពេលជាច្រើនឆ្នាំ វាមិនមែនជារឿងដែលងាយស្រួលនោះទេ។ លើសពីនេះ មនុស្សពីរនាក់ដែលជាប្តីប្រពន្ធនឹងគ្នា គឺសុទ្ធតែធ្លាប់កាត់ឱបសគ្គ រាប់មិនអស់ជាមួយគ្នា ទើបជាហេតុធ្វើឱ្យប្តីប្រពន្ធភាគច្រើនមិនថាឈ្លោះប្រកែកគ្នា និងតឹងសសៃរកដាក់គ្នាខ្លាំងប៉ុណ្ណានោះទេ ពួកគេនៅតែវិលមកត្រូវរ៉ូវគ្នាវិញបាន យ៉ាងស្អិតរមួត។
៤. កាន់តែឈ្លោះការស្រលាញ់ចំពោះគ្នាក៏កាន់តែខ្លាំង
ដូចដែលចាស់ៗតែងតែនិយាយថាកាន់តែឈ្លោះគឺកាន់តែស្រលាញ់គ្នាខ្លាំង ហើយវាជាការពិត មនុស្សពីរនាក់ ដែលជាប្តីប្រពន្ធនឹងគ្នានៅពេលដែលមានការឈ្លោះប្រកែកគ្នាខ្លាំង ស្ទើរតែបាត់បង់គ្នានោះ ទើបធ្វើឱ្យម្នាក់ៗបានដឹងថា វត្តមានរបស់គ្នាគឺពិតជាសំខាន់ខ្លាំងណាស់ ដែលរស់នៅមិនអាចខ្វះគ្នាបានទេ ទើបបានជាប្តីប្រពន្ធភាគច្រើនបន្ទាប់ពីឈ្លោះប្រកែកគ្នាហើយ គឺតែងតែវិលមកផ្អែមល្ហែមនឹងគ្នាវិញ ហើយកាន់តែស្រលាញ់គ្នាខ្លាំង លើសដើមទៀតផង៕
ប្រភព៖ marriage