យល់ដឹង៖អ្វីដែលសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នករាល់គ្នា មិនមែនមានតែការដែលមានសុខភាពល្អមាំទាំអ្វីនោះទេតែក៏ជាការដែលផ្លូវចិត្តមានសុខភាពល្អដែរ ព្រោះយើងគ្រប់គ្នាក៏ត្រូវការស្មារតីរឹងមាំ ក្នុងការតស៊ូរស់នៅប្រចាំថ្ងៃនេះដែរ។
ដូច្នេះហើយអ្នករាល់គ្នាមិនត្រឹមតែត្រូវថែសុខភាពផ្លូវកាយតែមួយមុខទេ អ្នកក៏ត្រូវថែក្សារនិងយកចិត្តទុកដាក់ឱ្យបានខ្លាំង ទៅលើសុខភាពផ្លូវចិត្តរបស់អ្នករាល់គ្នាផងដែរ ហើយបើចង់ឱ្យផ្លូវចិត្តរឹងមាំ ដាច់ខាតអ្នករាល់គ្នាកុំធ្វើរឿងមួយចំនួន ដូចដែលបានរៀប់នៅខាងក្រោមនេះឱ្យសោះ។
«កុំ»ទាំង៥យ៉ាងនេះ ដែលជួយធ្វើឱ្យផ្លូវចិត្តអ្នកមានសុខភាពល្អ៖
១. កុំគិតអវិជ្ជមានលើខ្លួនឯង
អ្វីដែលអ្នកត្រូវចងចាំសម្រាប់ការធ្វើឱ្យផ្លូវចិត្តខ្លួនឯងមានសុខភាពល្អ គឺជំហានដំបូងអ្នកត្រូវតែគិតវិជ្ជមានមកមើលខ្លួនឯងហើយដាច់ខាតកុំគិតអវិជ្ជមានមកលើខ្លួនឯងឱ្យសោះ ព្រោះនៅពេលដែលអ្នកគិតអវិជ្ជមានមកលើខ្លួនឯងមិនថាអ្នកជួបបញ្ហាតូចធំយ៉ាងណា ឬត្រូវប្រឈមមុខនឹងបញ្ហាអ្វីទេ អ្នកនឹងមិនអាចដោះស្រាយបញ្ហាទាំងនោះបានឡើយ លើសពីនេះ អាចធ្វើឱ្យអ្នកមានវិបត្តិផ្លូវចិត្តទៀតផង។
២.កុំភ្លេចស្រលាញ់ខ្លួនឯង
នៅលើលោកនេះគ្មានអ្នកណាស្រលាញ់ និងអាចនៅជាមួយអ្នកបានជារៀងរហូតនោះទេ សូម្បីតែឪពុកម្តាយរបស់អ្នកដូច្នេះមិនថាអ្នកស្រលាញ់អ្នកណាទេ ដាច់ខាតកុំភ្លេចស្រលាញ់ខ្លួនឯងឱ្យបានច្រើនឱ្យសោះព្រោះមនុស្សតែម្នាក់ដែលអាចស្រលាញ់ និងនៅក្បែរអ្នកដល់ថ្ងៃដែលអ្នកត្រូចាកចេញទៅវិញគឺមានតែខ្លួនអ្នកតែប៉ុណ្ណោះ។
៣.កុំឆាប់បោះបង់ការព្យាយាម
បើទោះបីជាដឹងថា រាល់ការដែលទទួលបានភាពជោគជ័យម្តងៗវាមិនមែនជារឿងងាយស្រួលក៏ពិតមែន ប៉ុន្តែអ្នកមិនត្រូវឆាប់បោះបង់នូវអ្វីដែលខ្លួនអ្នកបានព្យាយាមនោះទេ ហើយវាអាចនឹងពិបាកខ្លាំង តែបើអ្នកប្រឹងតែបន្តិចទៀត គ្រប់យ៉ាងវានឹងល្អសម្រាប់អ្នកដូច្នេះកុំឆាប់បោះបង់ បើហត់ក៏សម្រាក តែពេលបាត់ហត់ អ្នកត្រូវតែងើបដើរទៅមុខទៀតព្រោះភាពជោគជ័យកំពុងរង់ចាំអ្នក។
៤. កុំបោះបង់ខ្លួនឯងចោល
មិនថាអ្នកជួបរឿងអ្វីឬត្រូវអ្នកណាបោះបង់អ្នកចោលក៏ដោយ ដាច់ខាតកុំបោះបង់ចោលខ្លួនឯងឱ្យសោះអ្នកអាចនឹងគ្មានតម្លៃ នៅក្នុងក្រសែភ្នែកមនុស្សដែលបានបោះបង់អ្នកចោល តែមិនមែនបានន័យថាអ្នកគ្មានតម្លៃនោះទេ អ្នកត្រូវចេះមើលឃើញពីតម្លៃខ្លួនឯង ហើយក៏កុំបោះបង់ខ្លួនឯងចោល មិនថាពេលណាក៏ដោយអ្នកនៅតែត្រូវការខ្លួនឯងជានិច្ច។
៥.កុំដាក់សម្ពាធលើខ្លួនឯង
ត្រូវចាំថាគ្មានអ្នកណាកើតមកល្អឥតខ្ជោះនោះទេដូច្នេះមិនថាធ្វើអ្វីនោះទេ កុំដាក់សម្ពាធលើខ្លួនឯងពេក ប្រឹងបានប៉ុណ្ណា យកបុណ្ណឹងទៅ ព្រោះបើអ្នកដាក់សម្ពាធលើខ្លួនឯង កិច្ចការដែលអ្នកត្រូវទទួលខុសត្រូវលើនោះវាមិនត្រឹមតែមិនជោគជ័យទេ វាថែមទាំងធ្វើឱ្យផ្លូវចិត្តអ្នករងការប៉ះទង្គិចខ្លាំងទៀតផង អញ្ចឹងហើយត្រូវរៀនទទួលស្គាល់ពីសមត្ថភាពខ្លួនឯង៕