យល់ដឹង៖ ប្រុសៗជាប្តីបើស្រលាញ់ប្រពន្ធពិតមែន គួរតែកុំគិតលើប្រពន្ធខ្លួនអាក្រក់ឱ្យសោះ ទោះប្រពន្ធនៅតែផ្ទះចាំតែចាយលុយ ដែលអ្នករកបានមកក៏ដោយក៏មិនមែនបានន័យថាប្រពន្ធនៅផ្ទះសុខស្រួលដែរ ការងារផ្ទះអាចនឹងហត់នឿយ ជាងការងារខាងក្រៅផ្ទះទៀតផង។
ដូច្នេះហើយដើម្បីសុភមង្គលនៅក្នុងគ្រួសារផង ប្តីគ្រប់រូប ដាច់ខាតកុំគិតលើប្រពន្ធខ្លួនឯង ដូចដែលបានរៀបរាប់នៅខាងក្រោមនេះឱ្យសោះព្រោះវាគ្មានបានអ្វីមកវិញ ក្រៅពីធ្វើឱ្យគ្រួសារមានតែបញ្ហានឹងគ្នាទេ គិតអ្វីដែលល្អៗលើគ្នាទើបនៅជាមួយគ្នាមានក្តីសុខ និងមានបានទៅមុខជាមួយគ្នា។
បើស្រលាញ់ប្រពន្ធកុំគិតលើប្រពន្ធខ្លួនឯងបែបនេះឱ្យសោះ៖
១.កុំគិតថាប្រពន្ធស្រលាញ់តែលុយ
បើមិនចង់ឱ្យគ្រួសារមានបញ្ហានឹងគ្នាទេមនុស្សប្រុសជាប្តី ដាច់ខាតកុំគិតថាប្រពន្ធខ្លួន ស្រលាញ់រកតែលុយព្រោះតែឃើញប្រពន្ធរអ៊ូរឿងលុយរហូតនោះ ផ្ទុយទៅវិញអ្នកគួរតែរៀនយល់ពីប្រពន្ធរបស់ខ្លួន ការគ្រប់គ្រងផ្ទះ មិនមែនជារឿងងាយស្រួលឡើយប្រសិនបើមិនមានលុយ ក្នុងការចាត់ចែងការចាយវាយនៅក្នុងគ្រួសារទេ គឺនឹងពិបាក ហេតុនេះកុំគិតឱ្យសោះថាប្រពន្ធស្រលាញ់រកតែលុយប្រពន្ធយកលុយមក គ្រាន់តែទុកចំណាយនៅក្នុងគ្រួសារតែប៉ុណ្ណោះ។
២. កុំគិតថាប្រពន្ធមិនស្អាតដូចប្រពន្ធអ្នកដទៃ
ពិតណាស់ប្រពន្ធរបស់អ្នកក្រោយពេលដែលសម្រាលកូនឱ្យអ្នកហើយសម្រស់និងរូបរាងគឺប្រែប្រួលស្ទើរតែទាំងស្រុង ប៉ុន្តែយ៉ាងណាក៏អ្នកមិនគួរគិតលើប្រពន្ធខ្លួន ថាមិនស្អាតដូចជាប្រពន្ធអ្នកផ្សេងដែរអ្នកគួរតែលើកទឹកចិត្ត និងសរសើរប្រពន្ធរបស់ខ្លួនទើបជារឿងល្អ ហើយក៏ធ្វើឱ្យទំនាក់ទំនងប្តីប្រពន្ធអ្នកទាំងពីរ កាន់តែមានសុភមង្គល។
៣.កុំគិតថាប្រពន្ធជាមនុស្សគួរឱ្យធុញទ្រាន់
ថ្វីត្បិតតែមនុស្សស្រីជាប្រពន្ធចូលចិត្តរអ៊ូរទាំច្រើនដែលធ្វើឱ្យអ្នកគិតថាប្រពន្ធជាមនុស្សគួរឱ្យធុញទ្រាន់ក៏ដោយ ក៏អ្នកមិនគួរគិតបែបនេះលើប្រពន្ធអ្នកដែរព្រោះវានឹងធ្វើឱ្យអ្នកឆាប់អស់ចិត្តស្រលាញ់ចំពោះប្រពន្ធម្យ៉ាងការដែលប្រពន្ធរអ៊ូរទាំច្រើន ក៏ព្រោះតែទង្វើរបស់អ្នកដែរមិនមែននៅសុខៗ ប្រពន្ធអ្នកក៏រអ៊ូរទាំដាក់អ្នកនោះទេ។
៤.កុំគិតថាប្រពន្ធមិនស្រលាញ់ខ្លួន
ប្តីគ្រប់រូបត្រូវដឹងនៅលើលោកនេះគ្មានប្រពន្ធណាដែលមិនស្រលាញ់ប្តីទេ ហើយបើមិនស្រលាញ់ ក៏មនុស្សស្រីមិនព្រមរៀបការជាមួយអ្នកដែរអញ្ចឹងហើយ បើទោះបីជាប្រពន្ធមានសម្តីមិនសូវផ្អែមល្ហែមក៏ពិតមែនតែគ្រប់យ៉ាង ប្រពន្ធតែងតែធ្វើដើម្បីគ្រួសារ នោះក៏ព្រោះតែស្រលាញ់ និងមិនចង់បែកបាក់គ្នាទៅណា ហេតុនេះអ្នកជាប្តីគួរតែរៀនគិតល្អលើប្រពន្ធរបស់ខ្លួន ជាជាងគិតថាប្រពន្ធខ្លួនមិនស្រលាញ់ខ្លួន៕