យល់ដឹង៖ ជីវិតគូមិនងាយស្រួលដូចជាជីវិតជាសង្សារឡើយអញ្ចឹងហើយ មុននឹងសម្រេចចិត្តគិតគូរឿងរៀបការនឹងគ្នា វាក៏ទាមទារឱ្យម្នាក់ៗ មានការត្រៀមខ្លួនទុកជាមុនផងដែរព្រោះបើមិនបានត្រៀមខ្លួន ត្រៀមចិត្តទុកជាមុនទេ វាអាចនឹងធ្វើឱ្យគូស្នេហ៍ មានការខកបំណងក្រោយពេលដែលរៀបការនឹងគ្នារួច។
ដូច្នេះហើយគូស្នេហ៍បើមិនទាន់បានត្រៀមខ្លួន ឬរៀបចំផែនការនៅ ថ្ងៃអនាគតជាមួយគ្នាទេនោះកុំទាន់គិតគូរឿងរៀបការនឹងគ្នាឱ្យសោះ ព្រោះបើរៀបការនឹងគ្នាហើយ ក៏គ្មានក្តីសុខដែរម្យ៉ាងវិញទៀត ជីវិតគូច្បាស់ជាពោរពេញដោយបញ្ហារាប់មិនអស់ ជាងនេះទៅទៀត អាចឈានទៅ ដល់ការបែងចែកផ្លូវគ្នាទៀតផង។
គូស្នេហ៍បើមិនទាន់រៀបចំផែនការ៣ចំណុចនេះទេកុំទាន់គិតគូរឿងរៀបការនឹងគ្នា៖
១. សេដ្ឋកិច្ច
មុននឹងចង់គិតគូរឿងរៀបការនឹងគ្នាម្នាក់ៗគួរតែបានរៀបចំផែនការសេដ្ឋកិច្ចជាមួយគ្នាឱ្យបានច្បាស់ជាមុនសិន សឹមសម្រេចចិត្តគិតគូរឿងរៀបការព្រោះថាលុយវាមិនអាចទិញសុភមង្គលបានមែន តែលុយអាចនឹងធ្វើឱ្យជីវិតគូបាត់បង់សុភមង្គលបានហេតុនេះហើយ ត្រូវជជែកវែកញែកគ្នា ឱ្យបានត្រូវរ៉ូវជាមួយគ្នាជាមុនសិន ទើបក្រោយពេលដែលរៀបការហើយមិនអាចមានបញ្ហានឹងគ្នា ដោយសារតែរឿងលុយកាក់។
២. សុខភាព
ចំពោះរឿងសុខភាព វាជារឿងដែលសំខាន់ខ្លាំងដែលម្នាក់ៗត្រូវព្រមព្រៀង និងដឹងពីសុខភាពរបស់គ្នាទៅ វិញទៅ មក សឹមគិតគូរឿងរៀបការនឹងគ្នាព្រោះបើមិនទាន់រៀបចំផែនការនៅ ថ្ងៃមុខជាមួយគ្នាទេនោះ បន្ទាប់ពីរៀបការនឹងគ្នានោះហើយស្រាប់តែមានម្នាក់មានសុខភាពមិនល្អ ច្បាស់ណាស់ ថារៀបការនឹងគ្នាហើយគឺគ្មានសេចក្តីសុខឡើយ ព្រោះថាម្នាក់ៗគ្មានពេលវេលា ដើម្បីចេញទៅ រកចំណូលចូលគ្រួសារ បើម្នាក់នៅ ឈឺ និងម្នាក់ទៀតនៅ មើលថែនោះ អញ្ចឹងហើយ មុននឹងសម្រេចចិត្តគូរឿងរៀបការនឹងគ្នាគួរតែថែទាំសុខភាពខ្លួនឯងឱ្យបានល្អជាមុនសិន ទើបក្រោយពេលដែលរៀបការនឹងគ្នាហើយអាចមានក្តីសុខបាន។
៣. ការយកកូន
វាជាការពិតប្តីប្រពន្ធក្រោយពេលដែលរៀបការនឹងគ្នាហើយ អាចមានបញ្ហានឹងគ្នា ដោយសារតែការយកកូនព្រោះពេលខ្លះមនុស្សស្រីមិនទាន់ចង់បានកូនភ្លាមៗ រីឯមនុស្សប្រុសបែរជាចង់បានកូនភ្លាមៗហេតុនេះហើយ វាអាចនឹងបង្កទៅ ជាបញ្ហានឹងគ្នាបាន បែបនេះហើយ មុននឹងគិតគូដល់រឿងរៀបការនឹងគ្នាគួរតែបានពិភាក្សាគ្នាអំពីការរៀបចំផែនការរឿងយកកូន និងបានព្រមព្រៀងជាមួយគ្នាជាមុនសិនទើបរៀបការហើយ វានឹងមិនមានបញ្ហានឹងគ្នាដោយសារតែរឿងយកកូន៕