យល់ដឹង៖ភាពស្រស់ស្អាតពិតប្រាកដរបស់មនុស្សស្រីមិនមែនស្ថិតនៅលើតែរូបសម្រស់ ដែលមាននៅពីខាងក្រៅរបស់មនុស្សស្រីទេព្រោះសម្រស់ដែលមានពីខាងក្រៅ វានៅមិនបានយូរអង្វែងឡើយ មិនយូរមិនឆាប់ វាគង់តែប្រែប្រួល។
ហេតុនេះហើយ សម្រាប់មនុស្សស្រីដែលមិនមានសម្រស់ស្រស់ស្អាតពីខាងក្រៅ កុំទាន់អស់សង្ឃឹមនិងមានការអាក់អន់ស្រពោនចិត្តធ្វើខ្លួនឱ្យតែមានចំណុចពិសេសមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះទៅគឺគ្រប់គ្រាន់ហើយ ព្រោះវាជាចំណុចដែលមនុស្សស្រីស្អាតពិតប្រាកដមាន។
មនុស្សស្រីស្អាតពិតប្រាកដស្ថិតត្រង់៤ចំណុចនេះ៖
១. ចំណេះដឹង
ចំណុចដែលមនុស្សស្រីស្អាតពិតប្រាកដមានគឺជាចំណេះដឹងដែលមនុស្សស្រីមាននៅក្នុងខ្លួន លើសពីនេះចំណេះដឹងមិនសំដៅដល់ការរៀនសូត្របានខ្ពង់ខ្ពស់អ្វីពេកនោះទេ តែជាចំណេះដែលអាចជួយខ្លួនឯងទៅថ្ងៃអនាគតបានដោយមិនចាំបាច់ត្រូវពឹងផ្អែកលើគេ ទាំងនេះហើយ វាជាភាពស្រស់ស្អាតពិតប្រាកដដែលមនុស្សប្រុសមើលឃើញ។
២. អត្តចរិត
ភាពស្រស់ស្អាតដែលមាននៅពីខាងក្រៅវាគ្រាន់តែសម្រស់ដែលទាក់ទាញភ្នែកមួយពេលតែប៉ុណ្ណោះ ប៉ុន្តែភាពស្រស់ស្អាតពិតប្រាកដរបស់មនុស្សស្រីមិនបានស្ថិតនៅលើរូបសម្រស់ខាងក្រៅទេ តែវាជាភាពស្រស់ស្អាតដែលកើតចេញពីអត្តចរិតរបស់មនុស្សស្រីនេះឯងបើបានតែសម្រស់ តែចរិតមិនបាន មានសម្រស់ក៏គ្មានន័យដែរ។
៣. ការនិយាយស្តី
ជាការពិត អ្វីដែលអាចបញ្ជាក់បានពីភាពស្រស់ស្អាតពិតប្រាកដរបស់មនុស្សស្រីគឺជាការនិយាយស្តីរបស់មនុស្សស្រី ព្រោះមនុស្សនៅក្នុងសង្គមសព្វថ្ងៃនេះមិនសូវជាមើលពីសម្រស់ដែលមាននៅពីខាងក្រៅទេតែគេតែងលួចសង្កេតមើលលើការនិយាយស្តីរបស់មនុស្សស្រី បើមនុស្សស្រីមានការនិយាយស្តីល្អគេក៏វាយតម្លៃចេញល្អ តែបើការនិយាយស្តីចេញមកគ្មានការគោរព និងឱ្យតម្លៃអ្នកដទៃ ច្បាស់ណាស់ថាគេនឹងវាយតម្លៃមិនល្អមកលើមនុស្សស្រី។
៤. ការរៀបចំខ្លួន
បើមានតែរូបសម្រស់តែខ្វះការរៀបចំខ្លួនឱ្យបានត្រឹមត្រូវ មនុស្សស្រីក៏មិនមានភាពស្រស់ស្អាតពិតប្រាកដែរគឺមនុស្សស្រីត្រូវតែមានភាពល្អទាំងខាងក្នុង និងខាងក្រៅជានិច្ច ទើបអាចជាមនុស្សស្រីដែលមានភាពស្រស់ស្អាតពិតប្រាកដបាន ជាពិសេសការរៀបចំខ្លួន ត្រូវចេះរៀបចំខ្លួនឱ្យត្រូវតាមកាលៈទេសៈទើបគេឱ្យតម្លៃមកលើមនុស្សស្រី៕