យល់ដឹង៖សម្រាប់មនុស្សស្រីគ្រប់រូបដែលរៀបការមានប្តីហើយ ត្រូវចេះមានភាពវ័យឆ្លាតបន្តិចទើបមិនងាយត្រូវប្តីមើលងាយ ម្យ៉ាងចំពោះប្តី ស្រលាញ់គឺដឹងតែស្រលាញ់ហើយតែក៏កុំដល់ថ្នាក់មិនខ្វល់ពីអ្វីទាំងអស់ ខ្វល់តែពីប្តី ខ្លាចបាត់តែប្តីពេកនោះ នៅមានអ្វីដែលសំខាន់ជាងនេះទៀត ដែលអ្នកត្រូវខ្វល់។
ដូច្នេះហើយប្រពន្ធសម័យនេះគួរតែកុំខ្លាចនឹងការបាត់ប្តីអី ប្តីអ្នកមិនងាយបាត់ទៅណាដោយងាយទេបើអ្នកជាប្រពន្ធល្អនោះ គួរណាតែខ្លាចបាត់បង់របស់សំខាន់មួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះវិញ ព្រោះរបស់ទាំងនេះ វាពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សស្រីដែលជាប្រពន្ធសម័យនេះ។
ប្រពន្ធសម័យនេះគួរតែកុំខ្លាចបាត់ប្តី គួរខ្លាចបាត់របស់ទាំងនេះវិញ៖
១. បាត់បង់ភាពស្រស់ស្អាត
ភាពស្រស់របស់មនុស្សស្រី គឺជាភាពជឿជាក់របស់មនុស្សស្រីដូច្នេះទោះរៀបការមានប្តី មានកូនហើយក៏ដោយ ក៏មនុស្សស្រីជាប្រពន្ធ មិនត្រូវបណ្តោយឱ្យខ្លួនឯងខ្វល់ចិត្តដោយសារខ្លាចប្តីមានក្រៅនិងដេកកើតទុក្ខធ្វើឱ្យបាក់សម្រស់ខ្លួនឯងនោះទេ ព្រោះថាបើអ្នកបាក់សម្រស់ភាពជឿជាក់របស់អ្នកក៏បាត់បង់ ហើយប្តីអ្នកក៏បាត់បង់ដែរ។
២. បាត់បង់តម្លៃ
កុំដោយសារតែខ្លាចបាត់បង់ប្តីអ្នកហ៊ានធ្វើអ្វីៗគ្រប់យ៉ាងរហូតដល់បាត់បង់តម្លៃរបស់ខ្លួនឯងឱ្យសោះប្រសិនបើប្តីអ្នក គេពិតជាស្រលាញ់ស្មោះត្រង់នឹងអ្នកពិតប្រាកដមែនទោះមានមនុស្សស្រីល្អៗជាច្រើនទៀតតាមប្តីអ្នក ក៏ប្តីអ្នកមិនទៅណាចោលអ្នកដែរ ហេតុនេះរៀនចេះរក្សាតម្លៃខ្លួនឯងជាមុនសិនទើបប្តីអ្នកគេមើលឃើញពីតម្លៃរបស់អ្នក។
៣. បាត់បង់លុយ
ស្រីៗជាប្រពន្ធ ដាចខាតកុំចំណាយពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃ ទៅតាមដានតែប្តីខ្លាចប្តីមានក្រៅអី យកពេលវេលាទៅធ្វើការរកស៊ីវិញ ទើបជារឿងដែលល្អបំផុតព្រោះបើប្តីអ្នកគេចង់ខូច ទោះអ្នកដាក់ច្រវ៉ាក់គេទៀត ក៏គេនៅតែអាចខូចបានដែរ ដូច្នេះកុំខ្លាចបាត់បង់ប្តីពេក គួរខ្លាចបាត់បង់លុយខ្លះផង ព្រោះបើអ្នកចាំតែពឹងផ្អែកលើលុយគេក៏គេមិនសប្បាយចិត្តជាមួយអ្នកដែរ។
៤. បាត់បង់សេចក្តីសុខខ្លួនឯង
របស់ដែលអ្នកគួរតែខ្លាចបំផុតមិនមែនជាការខ្លាចបាត់បង់ប្តីអ្នកទេ អ្នកគួរតែខ្លាចបាត់បង់សេចក្តីសុខខ្លួនឯងវិញព្រោះបើអ្នកធ្វើឱ្យខ្លួនឯងគ្មានក្តីសុខផងនោះ គ្មានអ្នកណាអាចមកធ្វើឱ្យអ្នកមានក្តីសុខបានឡើយ អញ្ចឹងហើយ ធ្វើអ្វីមួយ ត្រូវគិតពីក្តីសុខខ្លួនឯងជាមុន ទោះជាមួយប្តីក៏ដោយក៏ត្រូវគិតពីក្តីសុខខ្លួនឯងជាចម្បងដែរ៕