យល់ដឹង៖មនុស្សពីរនាក់កាលនៅជាសង្សារនឹងគ្នា មិនថាឈ្លោះទាស់ទែង មានបញ្ហាឬមានអ្វីហាមមិនឱ្យនៅជាមួយគ្នាប៉ុណ្ណានោះទេ គឺនៅតែពុះពារស្រលាញ់គ្នា និងចេះអត់ឪនឱ្យគ្នាទៅវិញទៅមកជានិច្ច មិនដូចជាជីវិតដែលរៀបការនឹងគ្នារួចទេ ឱ្យតែឈ្លោះទាស់ទែងគ្នាតែបន្តិច គឺរកតែសុំចែកផ្លូវឬលែងលះគ្នាហើយ តើវាអាចនឹងមកពីមូលហេតុអ្វីទៅ បានជាធ្វើឱ្យមនុស្សពីរនាក់ឱ្យតែរៀបការហើយពិបាកនឹងមានក្តីសុខដូចកាលនៅជាគូសង្សារនឹងគ្នា?
តាមការសង្កេតឃើញថា គូស្នេហ៍ដែលមិនទាន់រៀបការនឹងគ្នាគឺតែងតែស្រលាញ់គ្នាយ៉ាងផ្អែមល្ហែម ដែលអាចធ្វើឱ្យមនុស្សគ្រប់គ្នាលួចច្រណែនបាន ប៉ុន្តែក្រោយពេលដែលរៀបការរួចអស់មួយរយៈ ឱ្យតែមានបញ្ហា ឬឈ្លោះទាស់ទែងគ្នាអ្វីតែបន្តិចគឺម្នាក់ៗបែរជាសម្រេចចិត្តចែកផ្លូវគ្នា ដោយមិនស្តាយស្រណោះទៅវិញ។
នោះក៏ព្រោះតែជីវិតប្តីប្រពន្ធមិនដូចជាជីវិតជាគូសង្សារ ដោយសារតែជីវិតប្តីប្រពន្ធ ម្នាក់ៗត្រូវមានទំនួលខុសត្រូវខ្ពស់ ត្រូវរ៉ាប់រងជីវភាពគ្រួសារ និងត្រូវប្រឈមមុខទៅនឹងបញ្ហាជីវិតគូជាច្រើន។
ម្យ៉ាងត្រូវជួបមុខគ្នារាល់គ្នា ក្តីស្រលាញ់ចំពោះគ្នាក៏ថយចុះទៅតាមនេះដែរ ដូចជាគេថាចានក្នុងរាវតែងតែប៉ះទង្គិចគ្នា រីឯជីវិតប្តីប្រពន្ធក៏ជៀសមិនផុតពីមានបញ្ហានឹងគ្នាដែរ តែអ្វីដែលសំខាន់នោះ គឺការចេះអត់ឱន និងមានភាពអត់ធ្មត់ចំពោះគ្នា តែបើជីវិតប្តីប្រពន្ធ គ្មានការចេះអត់ឱន ឬអត់ធ្មត់ចំពោះគ្នាទេនោះ រៀបការរួច ឱ្យតែមានបញ្ហាឬឈ្លោះទាស់ទែងគ្នាតែបន្តិចម្នាក់ៗគឺដឹងតែគិតដល់ការចែកផ្លូវគ្នា។
ជារួមមកបានជាមនុស្សពីរនាក់ក្រោយពេលដែលរៀបការរួច ឱ្យតែឈ្លោះគ្នាតែបន្តិច គឺដឹងតែចង់លែងលះគ្នានោះគឺមកពីជីវិតប្តីប្រពន្ធ មិនដូចជាជីវិតជាគូសង្សារ ដែលមានត្រឹមក្តីស្រលាញ់ឱ្យគ្នានោះទេ ព្រោះជីវិតប្តីប្រពន្ធទាមទារអ្វីដែលលើសពីពាក្យថាស្រលាញ់ចំពោះគ្នា៕