យល់ដឹង៖ រឿងរ៉ាវគ្រប់យ៉ាងដែលកើតមកលើជីវិតរបស់យើងគ្រប់គ្នាមិនប្រាកដថាយើងគ្រប់គ្នាត្រូវតែដោះស្រាយ ឬចំណាយពេលប្រឈមមុខ ទៅនឹងរឿងរ៉ាវគ្រប់យ៉ាងបានទាំងអស់នោះទេព្រោះរឿងខ្លះ វាមិនមែនជារឿងអ្វីដែលមានប្រយោជន៍សម្រាប់ជីវិតរបស់យើងឡើយ។
ជាងនេះទៅទៀត ចំពោះរឿងរ៉ាវទាំងនេះ ប្រសិនជាបានកើតឡើងមកលើជីវិតរបស់អ្នករាល់គ្នាអ្នកមិនគួរទៅចំណាយពេលខ្វល់ខ្វាយ ឬយកមកដាក់ក្នុងចិត្តនោះទេ ព្រោះថារឿងទាំងនេះអ្នកមិនអាចហាមឃាត់ មិនឱ្យកើតឡើងបានឡើយ ប៉ុន្តែអ្នកអាចហាមខ្លួនឯងកុំឱ្យខ្វល់ខ្វាយជាមួយបាន។
រឿងដែលអ្នកមិនអាចហាមអ្នកដទៃតែអ្នកអាចហាមខ្លួនឯងបាន៖
១.ពាក្យសម្តីមិនល្អរបស់អ្នកដទៃ
ពិតណាស់យើងគ្រប់គ្នាមិនអាចទៅហាមឃាត់អ្នកដទៃ មិនឱ្យនិយាយអ្វីមិនល្អពីយើងបាននោះទេព្រោះវាជាមាត់របស់គេ ជាសិទ្ធរបស់គេដែលគេចង់និយាយអ្វីក៏និយាយ ប៉ុន្តែអ្វីដែលយើងគ្រប់គ្នាអាចធ្វើបាន គឺហាមខ្លួនឯងមិនឱ្យយកពាក្យសម្តីមិនល្អរបស់អ្នកដទៃយកមកដាក់ក្នុងចិត្ត ដែលជាហេតុនាំឱ្យខ្លួនឯងបាក់ទឹកចិត្ត ព្រោះបើអ្នកប្រឹងវែកញែកជាមួយ គឺមានតែខាតពេលចោលទទេរៗ។
២.ការមើលងាយរបស់អ្នកដទៃ
អ្នកណាចង់មើលងាយអ្នកវាក៏ជាសិទ្ធរបស់គេ យើងគ្រប់គ្នាមិនអាចទៅហាមឃាត់អ្នកដទៃបានឡើយ ប៉ុន្តែយើងអាចហាមខ្លួនឯង មិនឱ្យទោរទន់ទៅតាមការមើលងាយរបស់អ្នកដទៃហើយគិតថាខ្លួនអន់បាន ព្រោះបើយើងរវល់តែខ្វល់ខ្វាយពីអ្នកដទៃគិតនេះ គិតនោះមកលើយើង គឺយើងគ្មានថ្ងៃបានរីកចម្រើនឡើយ ហេតុនេះហើយ មិនគួរយកពេលមកគិតរឿងទាំងអស់នេះទេ។
៣. ការគិតមិនល្អរបស់អ្នកដទៃ មកលើអ្នក
មនុស្សយើងម្នាក់ៗកើតមកមិនអាចផ្គាប់ចិត្តមនុស្សទាំងលោកបាននោះទេ ទោះយើងប្រឹងធ្វើល្អយ៉ាងណាវាក៏មិនអាចធ្វើឱ្យមនុសុ្សដែលតែងតែគិតមិនល្អមកលើយើង បញ្ឈប់ការគិតរបស់គេបាននោះទេព្រោះយើងក៏មិនអាចផ្គាប់ចិត្តគេបានគ្រប់រឿង រហូតបង្ខំឱ្យខ្លួនឯងធ្វើនេះធ្វើនោះដើម្បីតែអ្នកដទៃ ហើយបណ្តោយឱ្យបាត់បង់ក្តីសុខខ្លួនឯងបានដែរ។ ដូច្នេះរឿងនេះ យើងមិនអាចហាមអ្នកដទៃបានទេ តែយើងអាចហាមខ្លួនឯង មិនឱ្យខ្វល់ពីមនុស្សទាំងនោះបាន។
៤. ការយល់ខុសរបស់អ្នកដទៃមកលើអ្នក
មនុស្សដែលគេយល់ខុសលើអ្នកទាំងដែលអ្នកមិនបានធ្វើអ្វីខុសសូម្បីតែបន្តិចនោះ គឺបានន័យថា គេមិនបានយល់ឬមិនព្យាយាមយល់ពីអ្នកឡើយ អញ្ចឹងហើយ ទោះអ្នកប្រឹងបកស្រាយយ៉ាងណាទៀត ក៏គេនៅតែយល់ខុសលើអ្នកហេតុនេះបណ្តោយឱ្យគេយល់ខុសបែបនេះមកលើអ្នកទៀតចុះ ទុកឱ្យពេលវេលាជាអ្នកប្រាប់គេដោយខ្លួនឯង ព្រោះបើចំណាយពេលបកស្រាយ វាមានតែខាតពេលហើយក៏គ្មានបានអ្វីមកវិញដែរ៕