យល់ដឹង៖ជីវិតប្តីប្រពន្ធបើរស់នៅដោយមានការខ្វែងគំនិតគ្នា និងគ្មានភាពចុះសម្រុងនឹងគ្នាមិនថាទ្រាំអត់ធ្មត់នៅជាមួយគ្នាយ៉ាងណាទេ មិនយូរមិនឆាប់ច្បាស់ជាបែកបាក់គ្នាដូច្នេះបើដឹងថាមិនចុះសម្រុងនឹងគ្នាហើយ គួរណាតែព្យាយាមស្វែងរកដំណោះស្រាយ។
ជាងនេះទៅទៀតបើចង់បានដំណោះស្រាយក្នុងការឱ្យប្តីប្រពន្ធអ្នកទាំងពីរ មានការចុះសម្រុងនិងអាចយល់ពីគ្នាបានច្រើនជាងមុនរឿងមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះអាចជាដំណោះស្រាយដ៏ល្អ ក្នុងការជួយឱ្យប្តីប្រពន្ធអ្នក មានការចុះសម្រុងគ្នាបានល្អ។
ចេះតែខ្វែងគំនិតគ្នា?រឿងទាំងនេះនឹងធ្វើឱ្យប្តីប្រពន្ធកាន់តែយល់ពីគ្នា៖
១. ការចេះស្តាប់គ្នា
ប្តីប្រពន្ធដែលតែងតែខ្វែងគំនិតមិនដែលមានការចុះសម្រុងនឹងគ្នាបានល្អគឺដោយសារតែម្នាក់ៗ មិនរៀនចេះស្តាប់គ្នាទៅវិញទៅមក គិតតែពីអារម្មណ៍និងការយល់ឃើញរបស់ខ្លួនឯងតែបើប្តីប្រពន្ធរៀនចេះស្តាប់គ្នា ហើយព្យាយាមយល់ពីគ្នាទៅវិញទៅមកបន្តិចម្តងៗ គឺច្បាស់ជាមិនកើតមានការខ្វែងគំនិតគ្នាជាញឹកញាប់ឡើយផ្ទុយទៅវិញកាន់តែយល់ពីចិត្តគ្នា។
២.ការចេះផ្តល់តម្លៃឱ្យគ្នា
ការដែលមិនចុះសម្រុងគ្នារវាងប្តីប្រពន្ធវានឹងមិនអាចកើតឡើងបានឡើយ ប្រសិនបើប្តីប្រពន្ធចេះគោរព និងឱ្យតម្លៃគ្នាទៅវិញទៅមក ដោយមិនគិតថាអ្នកណាអស្ចារ្យជាងអ្នកណានោះព្រោះមិនមែនជាអ្នកដទៃឯណា គឺជាមនុស្សដែលអ្នកត្រូវរួមរស់នៅជាមួយអស់មួយជីវិតដូច្នេះរៀនឱ្យតម្លៃគ្នា ទើបធ្វើឱ្យទំនាក់ទំនងប្តីប្រពន្ធកាន់តែល្អនឹងគ្នា។
៣.ការចេះថយម្នាក់មួយជំហាន
ការខ្វែងគំនិតគ្នារវាងប្តីប្រពន្ធវាមិនមែនជារឿងចម្លែកនោះទេ ព្រោះវាកើតចំពោះប្តីប្រពន្ធគ្រប់រូប គ្រាន់តែប្តីប្រពន្ធដែលគេមានបញ្ហានឹងគ្នាគេចេះថយឱ្យគ្នាម្នាក់មួយជំហាន មិនមែនធ្វើខ្លាំងរៀងខ្លួន ទើបជាហេតុធ្វើឱ្យគេចេះយល់ពីគ្នាបន្តិចម្តងៗអញ្ចឹងហើយ ការដែលរៀនចេះថយឱ្យគ្នាម្នាក់មួយជំហាននេះ គឺវាបានធ្វើឱ្យប្តីប្រពន្ធ បានយល់ពីគ្នាបានច្រើនជាងមុន។
៤. ការដែលចេះជឿជាក់លើគ្នា
បើចង់ឱ្យប្តីប្រពន្ធអ្នកមានការចុះសម្រុងរវាងគ្នាបានល្អដោយកាត់បន្ថយការខ្វែងគំនិតគ្នា ប្តីប្រពន្ធអ្នកត្រូវចេះជឿជាក់ និងគិតគ្នាក្នុងផ្លូវល្អមិនមែនគិតគ្នាក្នុងផ្លូវអាក្រក់ ហើយចង់តែយកឈ្នះគ្នាគ្រប់ពេល គ្រប់រឿងនោះទេ បើមិនអញ្ចឹងទេច្បាស់ជាបែកបាក់គ្នា តែបើប្តីប្រពន្ធអ្នកចេះមានការជឿជាក់លើគ្នា មិនថាមានអ្វីមួយមកបំផ្លាញទំនាក់ទំនងរវាងប្តីប្រពន្ធអ្នកទេគឺមិនអាចបំផ្លាញបានឡើយ៕