យល់ដឹង៖ សម្រាប់អ្នករកស៊ីដែលកាន់កាប់ មុខជំនួញធំៗ ច្បាស់ណាស់ប្រាកដជា មានជំនឿខ្លាំង លើក្បួនហុងស៊ុយព្រោះពួកគេយល់ថា អាចជួយឲ្យមាន សំណាងល្អ រកស៊ីមានបាន លុយកាក់ ហូរចូលក្នុងផ្ទះមិនដាច់ជីវិតគ្រួសារក៏រីករាយ និងរីកចម្រើនដូចគ្នាដែរ។
ហេតុនេះថ្ងៃនេះនារីនឹងនាំអារម្មណ៍ អ្នកទាំងអស់គ្នា ទៅដឹងពីក្បួនហុងស៊ុយមួយ ទាក់ទងនឹងវត្ថុដែលអ្នកមិនគួរយកមក ដាក់តាំងពីលើក្បាលដំណេក ព្រោះតាមក្បួនហុងស៊ុយ ជឿថានឹងអាចធ្វើឲ្យអ្នកជួបតែរឿងមិនល្អ ហើយជីវិតប្តីប្រពន្ធ ការមានភាពរកាំរកួស ជាមួយគ្នាមិនដាច់ផងដែរ។
តោះចង់ដឹងថាមានអ្វីខ្លះ ហើយគួរធ្វើបែបណានោះក៏ សូមទៅតាមដានទាំងអស់គ្នា៖
១. កាំបិត ដាវ វត្ថុមុតៗ
មនុស្សមួយចំនួនមានចំណង់ចំណូលចិត្ត ក្នុងការប្រមូលវត្ថុ មុតស្រួចដូចជាដាវ កាំបិត ដាក់នៅលើក្បាលដំណេកឬនៅក្បែរគ្រែ ដើម្បីជាការតុបតែង លំអរជាដើម។ ហើយក៏មាន អ្នកខ្លះទៀត ក៏មានទម្លាប់ដាក់កាំបិតនៅក្រោមខ្នើយ ដើម្បីឲ្យមានអារម្មណ៍ថា មានសុវត្ថិភាពនៅពេលគេង។តែទោះយ៉ាងណា បើតាមក្បួនហុងស៊ុយ វិធីនេះមិនល្អនោះទេ។ ព្រោះវាអាចធ្វើឲ្យអ្នកដែលគេង នៅក្នុងបន្ទប់នោះ ងាយរងសម្ពាធ និងក៏អាចនាំឲ្យ មានសំណាងមិនល្អក្នុងការធ្វើការ នៅខាងក្រៅផងដែរ។
២. ដាក់តាំងរូបអ្នកស្លាប់
យោងតាមក្បួនហុងស៊ុយ វាមិនល្អទេ ក្នុងការទុករូបថតរបស់ អ្នកស្លាប់នៅលើក្បាលដំណេកអ្នក។មិនថាអ្នកកាន់ទុក្ខ ឬយ៉ាងណាទេ តែការដាក់តាំងរូប អ្នកស្លាប់លើក្បាលដំណេកអាចធ្វើឲ្យ អ្នកឧស្សាហ៍មាន ការយល់សុបិន្តមិនល្អ ដែលអាចប៉ះពាល់ ដល់ដំណេកនិងសុខភាពរបស់យើង។ បើអ្នកពិតជាចង់រក្សាទុក រូបអ្នកមានគុណ ដែលបានចែកឋានមែនអ្នកអាចរកកន្លែង ឬបន្ទប់ទំនេរមួយ ដាក់តាំងធ្វើជាកន្លែងអុជធូប ដាច់ដោយឡែកចេញពីបន្ទប់គេងអ្នក គឺជារឿងល្អជាង។
៣. រូបសំណាក់ព្រះពុទ្ធ
រូបសំណាក់ព្រះពុទ្ធគួរតែត្រូវបានរក្សាទុក នៅកន្លែងដ៏ឧឡារឹក និងបរិសុទ្ធ។ ការរក្សាទុកឬដាក់តាំង រូបសំណាក់ព្រះពុទ្ធលើក្បាលដំណេក បើតាមក្បួនហុងស៊ុយ គឺជាបំរាម។ ក្រៅពីនេះ យោងតាមហុងស៊ុយ ការដាក់តាំងរូបសំណាក់ព្រះពុទ្ធនៅក្បាលគ្រែ ត្រូវបានគេចាត់ទុកថា នឹងអាចនាំឲ្យមាន សំណាងមិនល្អចំពោះអាជីវកម្មនិងការងារ អ្នកមិនអាចឈាន ទៅមុខដោយរលូន បានទេ។
៤. ផ្កាស្រស់ឬរុក្ខជាតិបៃតង
ផ្កាស្រស់និងរុក្ខជាតិបៃតងអាចនាំមកនូវអារម្មណ៍ ស្រស់ស្រាយដល់ក្នុងផ្ទះ។ តែទោះជាយ៉ាងណាក៏ដោយ យើងគួរតែកំណត់ទីតាំងដាក់រុក្ខជាតិនិងផ្កា ទាំងនោះនៅក្នុងផ្ទះ ឲ្យបានត្រឹមត្រូវ។ មូលហេតុគឺថានៅពេលយប់រុក្ខជាតិ ទាំងនោះនឹងធ្វើការ បឺតស្រូបយកអ៊ុកស៊ីសែននិងបញ្ចេញកាបូនឌីអុកស៊ីត ដែលអាចបណ្តាលឲ្យ មនុស្សដេកក្នុងបន្ទប់ ធ្លាក់ចូលក្នុងស្ថានភាពខ្វះអ៊ុកស៊ីសែន និងអស់កម្លាំង។ លើសពីនេះផ្កា ដែលមានក្លិនក្រអូប ក៏អាចបណ្តាលឲ្យអ្នកមានអាឡែស៊ី ពិបាកគេងផងដែរ។
៥. កញ្ចក់
អ្នកមិនគួរដាក់កញ្ចក់នៅពីលើក្បាលដំណេក ឬនៅខាងចុងជើង ដែលអាចមើលឃើញ អ្នកគេងនោះទេ។ការដែលធ្វើបែបនេះ អាចធ្វើឲ្យអ្នកគេង មិនបានស្កប់ ឧស្សាហ៍ភ្ញាក់នៅពេលយប់។ពោលគឺនៅពេល ដែលអ្នកភ្ញាក់ ក្នុងករណីឃើញ រូបខ្លួនឯងក្នុងកញ្ចក់អាចធ្វើឲ្យអ្នកភ្ញាក់ ចាប់ផ្តើមមានអារម្មណ៍ភ័យខ្លាច បណ្តាលឲ្យមានការថប់អារម្មណ៍និងងាយឈឺជាដើម៕