យល់ដឹង៖ សម្រាប់មនុស្សពីរនាក់ប្រសិនជាចង់រួមដំណើរជីវិតគូជាមួយគ្នារហូតតទៅ ត្រូវដឹងថា មិនមែនត្រឹមតែមានក្តីស្រលាញ់ចំពោះគ្នាតែមួយមុខ អាចធ្វើជាដៃគូជីវិតដ៏ល្អសម្រាប់គ្នាបាននោះទេ វាត្រូវការភាពសក្តិសមរវាងគ្នាផងដែរ ទើបស្រលាញ់គ្នាទៅមិនងាយនឹងមានបញ្ហានឹងគ្នា។
ហេតុនេះហើយបើចង់ដឹងថាមនុស្សដែលអ្នករាល់គ្នាកំពុងតែស្រលាញ់រាល់ថ្ងៃនេះគេអាចជាដៃគូជីវិតដ៏សក្តិសមរបស់អ្នកដែរឬក៏អត់អ្នកអាចសង្កេតមើលលើសញ្ញាមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះបាន នោះអ្នកនឹងបានប្រាកដចិត្ត។
៥សញ្ញា បង្ហាញថាគេជាដៃគូជីវិតដ៏សក្តិសមរបស់អ្នក៖
១. គេមានគោលជំហររឹងមាំ
ដៃគូជីវិតដ៏សក្តិសមរបស់អ្នកគួរណាតែគេជាមនុស្សម្នាក់ដែលមានគោលជំហររឹងមាំ ព្រោះបើគេមិនទាន់មានគោលជំហររឹងមាំសម្រាប់ខ្លួនឯងផងអាចនឹងឱ្យអ្នកពឹងផ្អែកលើគេបានយ៉ាងម៉េច អញ្ចឹងហើយដៃគូជីវិតដ៏សក្តិរបស់អ្នករាល់គ្នា គួរតែជាមនុស្សម្នាក់ដែលមានគោលជំហររឹងមាំទើបរៀបការហើយគ្រួសារមានតែសុភមង្គល។
២.គេស្រលាញ់គ្រួសារអ្នក
គ្រាន់តែការស្រលាញ់និងចេះថ្នាក់ថ្នមអ្នកតែម្នាក់ វាមិនទាន់គ្រប់គ្រាន់ក្នុងការធ្វើជាដៃគូជីវិតដ៏សក្តិសមរបស់អ្នកនៅឡើយទេដៃគូជីវិតដ៏សក្តិសមរបស់អ្នក ត្រូវតែជាមនុស្សម្នាក់ដែលចេះស្រលាញ់ក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួនអ្នក ទើបនៅពេលដែលអ្នកផ្ញើវាសនាអនាគតលើគេហើយ អ្នកនឹងមិនងាយខកបំណងនៅក្នុងជីវិតគូ។
៣.គេតែងមានទំនួលខុសត្រូវ
មនុស្សដែលអ្នកគួរទុកចិត្តនិងផ្ញើអនាគតលើ គេគួរតែជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ ជាពិសេសទំនួលខុសត្រូវលើអ្នកតែម្តង ព្រោះបើគេគ្មានទំនួលខុសត្រូវលើអ្នក សូម្បីតែមួយរឿង ថ្ងៃក្រោយទៅអ្នកនឹងដេកកើតទុក្ខដោយសារតែគេជាក់ជាមិនខានដូច្នេះ គេអាចធ្វើជាដៃគូជីវិតដ៏សក្តិសមសម្រាប់អ្នកបានទាល់តែគេជាមនុស្សមានទំនួលខុសត្រូវ។
៤. គេឱ្យតម្លៃអ្នក
គ្រាន់តែស្រលាញ់មិនទាន់គ្រប់គ្រាន់នោះទេវាត្រូវការការឱ្យតម្លៃពីគេផងដែរ ព្រោះមនុស្សដែលយកធ្វើជាដៃគូជីវិត បើមិនចេះឱ្យតម្លៃគ្នាទៅវិញទៅមក ថ្ងៃក្រោយទៅរស់នៅជាមួយគ្នា គឺគ្មានថ្ងៃសុខឡើយ មានតែរឿងឈ្លោះប្រកែកគ្នាឥតឈប់ឈរហេតុនេះហើយ ដៃគូជីវិតដ៏សក្តិសមរបស់អ្នក គេត្រូវតែជាមនុស្សម្នាក់ដែលស្រលាញ់ និងចេះឱ្យតម្លៃអ្នក។
៥.គេស្មោះត្រង់ជាមួយអ្នក
ភាពស្មោះត្រង់វាជាអ្វីដែលសំខាន់បំផុតនៅក្នុងចំណងស្នេហារវាងមនុស្សពីរនាក់ ហេតុដូចនេះ មុននឹងពិចារណា យកអ្នកណាម្នាក់មកធ្វើជាដៃគូជីវិតអ្នកត្រូវរៀនចេះសង្កេតមើលទៅលើភាពស្មោះត្រង់របស់គេ បើគេពិតជាមានភាពស្មោះត្រង់នឹងអ្នកយ៉ាងពិតប្រាកដមែនគឺបានន័យថា គេពិតជាដៃគូជីវិតដ៏សក្តិសមសម្រាប់អ្នកនៅថ្ងៃអនាគត៕