យល់ដឹង៖ ទំនាក់ទំនងរវាងប្តីប្រពន្ធមិនងាយបែកចិត្តពីគ្នាបានផ្តេសផ្តាសនោះទេទោះរៀបការហើយមិនសូវផ្អែមល្ហែមដាក់គ្នាដូចមុនក៏ដោយប៉ុន្តែការដែលធ្វើឱ្យប្តីប្រពន្ធឆាប់ណាយចិត្តពីគ្នានោះគឺដោយសារតែទង្វើតិចតួចដែលប៉ះពាល់ដល់អារម្មណ៍គ្នាទៅវិញទេ ទើបធ្វើឱ្យម្នាក់ៗឆាប់ណាយចិត្ត។
ហេតុនេះហើយប្តីប្រពន្ធបើមិនចង់ឱ្យទំនាក់ទំនងរវាងប្តីប្រពន្ធឆាប់ណាយចិត្តពីគ្នាទេនោះដាច់ខាតកុំឱ្យទង្វើតិចតួចទាំងអស់នេះ កើតមានឡើងនៅក្នុងទំនាក់ទំនងញឹកញាប់ពេក ព្រោះវានឹងធ្វើឱ្យម្នាក់ៗឆាប់ណាយចិត្តពីគ្នាបានយ៉ាងងាយ ទោះគ្មានរឿងអ្វីធំដុំក៏ដោយ។
ទង្វើតិចតួចទាំងនេះ ធ្វើឱ្យប្តីប្រពន្ធឆាប់ណាយចិត្តពីគ្នា៖
១. គេងបែរខ្នងដាក់គ្នា
ប្តីប្រពន្ធមិនថាឈ្លោះប្រកែកឬមានបញ្ហាអ្វីកើតឡើងរវាងគ្នាទេ ដាច់ខាតកុំគេងបែខ្នងដាក់គ្នាឱ្យសោះព្រោះការដែលគេងបែខ្នងដាក់គ្នាយូរៗទៅ វានឹងធ្វើឱ្យម្នាក់ៗឆាប់ណាយចិត្តពីគ្នាដោយមិនដឹងខ្លួនដូច្នេះត្រូវចេះផ្តល់ភាពកក់ក្តៅឱ្យគ្នាទៅវិញទៅមក ទើបមិនងាយណាយចិត្តចំពោះគ្នា។
២. មិនចេះជួយទុក្ខធុរៈគ្នា
មនុស្សពីរនាក់បើសម្រេចចិត្តថារៀបការនឹងគ្នាហើយប្រៀបដូចជាមនុស្សតែម្នាក់អញ្ចឹង ដូច្នេះត្រូវចេះជួយនិងចែករំលែកទុក្ខលំបាកជាមួយគ្នាប៉ុន្តែបើប្តីប្រពន្ធពីរនាក់ មិនចេះជួយទុក្ខលំបាកគ្នាទេនោះ ហើយយកសុខតែខ្លួនឯងទោះធ្លាប់ឆ្លងកាត់ការលំបាកមកច្រើនប៉ុណ្ណាជាមួយគ្នា ក៏គង់តែណាយចិត្តពីគ្នាដែរ។
៣. រវល់រកលុយរៀងខ្លួន
ដឹងថាការដែលបង្កើតគ្រួសារឱ្យមានសុភមង្គលនិងរស់នៅបានសុខស្រួល វាមិនមែនជារឿងងាយស្រួលឡើយ ម្យ៉ាងប្តីប្រពន្ធគឺត្រូវប្រឹងប្រែងខ្លាំងជាងមុនទ្វេដងប៉ុន្តែទោះប្រឹងប្រែងរកលុយយ៉ាងណាក៏ដោយ ក៏កុំភ្លេចផ្តល់ក្តីស្រលាញ់និងភាពផ្អែមល្ហែមឱ្យគ្នាឱ្យសោះ បើមិនអញ្ចឹងទេ ម្នាក់ៗនឹងឆាប់ណាយចិត្តពីគ្នា ហេតុនេះហើយកុំប្រឹងរហូតដល់ភ្លេចថាមានគ្នាឱ្យសោះ។
៤. មិនចំណាយពេលនៅពីរនាក់ឱ្យបានច្រើន
កុំគិតថាវាជារឿងខ្ជះខ្ជាយពេលវេលាឱ្យសោះការចំណាយពេលនៅតែពីរនាក់ឱ្យបានច្រើនរវាងប្តីប្រពន្ធវាជារឿងដែលធ្វើឱ្យប្តីប្រពន្ធកាន់តែស្និទ្ធស្នាល កាន់តែយល់ពីចិត្តគ្នាប៉ុន្តែបើមិនដែលចំណាយពេលនៅជាមួយគ្នាទេនោះ យូរៗទៅអារម្មណ៍ស្រលាញ់អារម្មណ៍កក់ក្តៅដែលធ្លាប់តែមានចំពោះគ្នាវានឹងត្រូវបាត់បង់ដោយមិនដឹងខ្លួន៕